អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​កំពុង​ជួប​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​ផ្ទួន​គ្នា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្វី​ដ្បិត តែ​ស្ថាប័ន​រដ្ឋ​មាន​ដំណើរការ​ធម្មតា​ជា​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត ប៉ុន្តែ​ទំនាស់​នយោបាយ​នៅ​មិន ទាន់​ដោះស្រាយ​ចប់ ឡើយ។ ៥ ខែ​ក្រោយ​ការ​បោះឆ្នោត បញ្ហា​ការ​ទាមទារ​ដំឡើង​ប្រាក់​បៀវត្សរ៍​របស់​កម្មករ​ក៏​មក​ដល់ ការតវ៉ា​នៅពេលនេះ​បាន​ឈាន​ដល់​ការ​បិទ​រោងចក្រ​ជាច្រើន​រយ​រោងចក្រ ដែល​ត្រូវ បាន​គេ​វាយ​តម្លៃ​ថា វា​បាន​ខាតបង់​មិន​តិច​ជាង​១០០​លាន​ដុល្លារ​ឡើយ។ នៅ​ពេលនេះ កម្ពុជា​កំពុង​តែ​ស្ថិត​ក្នុង​វិបត្តិ​នយោបាយ​ផង និង​សេដ្ឋកិច្ច​ផង។

​សមត្ថកិច្ច​បង្ក្រាប​ក្រុម​កម្មករ ដែល​ធ្វើបាតុកម្ម​ កាលពីព្រឹក​ថ្ងៃទី​០២ មករា។
​សមត្ថកិច្ច​បង្ក្រាប​ក្រុម​កម្មករ ដែល​ធ្វើបាតុកម្ម​ កាលពីព្រឹក​ថ្ងៃទី​០២ មករា។ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

វិស័យ​នយោបាយ និង​វិស័យ​សេដ្ឋកិច្ច​គឹជា​ដង្ហើម​នៃ​ប្រទេស​មួយ។ កម្ពុជា​ធ្លាប់ជួប​​ប្រទះ​​វិបត្តិ​នយោបាយ​​ធ្ងន់ធ្ងរ រហូត​ដល់ការ​ជាប់គាំង​នយោបាយ​ទៀត​ផង។ កម្ពុជា​ក៏ធ្លាប់​ទទួលរង​ឥទ្ធិពលវិបត្តិ​សេដ្ឋកិច្ច​ពី​បរទេស ដែល​បាន​ធ្វើ​អោយពលរដ្ឋ​ខ្មែរ​បាត់បង់ការងារ និងវិនិយោគ​ផ្អាក​សកម្មភាព​ជាដើម។ ប៉ុន្តែ កន្លងមក ហេតុការណ៍​ទាំង​ពីរ​នេះ គឺ​កម្ពុជា​បាន​ជួបប្រទះ​ក្នុង​ពេល​ដាច់​ដោយ​ឡែក​ពីគ្នា។ បាន​ន័យ​ថា ម្តង​មាន​វិបត្តិ​នយោបាយ និង​ម្តង​មាន​វិបត្តិ​សេដ្ឋកិច្ច។

នៅពេលនេះ ថ្វីត្បិដ​តែ ទាំង​បញ្ហា​ក្នុង​វិស័យ​នយោបាយ និង​បញ្ហា​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច មិនមាន​ទំហំធំធេងក៏ពិតមែន ប៉ុន្តែកម្ពុជា​កំពុង​ជួប​ប្រទះ​បញ្ហា​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ។ គេ​អាច​និយាយ​ថា វា​មិន​ទាន់ជា​បញ្ហា​ធំ​ដុំ​មែន ប៉ុន្តែ​ប្រសិន​បើ គ្មាន​ដំណោះស្រាយ​ អារកាត់ បញ្ហា​នោះទេ វិបត្តិ​នៃ​វិស័យ​សំខាន់ទាំង​ពីរ​របស់​ប្រទេស​នឹងរីកធំ ហើយ​ការ​ខាតបង់ក៏​មិន​តូច​ដែរ។

បើទោះជា​បញ្ហា​នៅតូចក៏​ពិត​មែន តែ​គេ​គួរ​តែ​រម្លឹក​ពី​វា​ឡើង​វិញ​ដែរ ដើម្បី​ធ្វើជា​មូលដ្ឋាននៃ​ការ​ស្វែង​រក​ដំណោះស្រាយ។

និយាយ​អំពី​បញ្ហ​នយោបាយ​មុន ដែល​គណបក្សជាប់ឆ្នោតទាំង​ពីរ​កំពុង​ទាស់​គ្នា។ តាំង​ពី​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៨កក្កដា​ មកដល់​ពេល​នេះ គឺ​ជាង​៥​ខែ​ហើយ។ តើ​ពលរដ្ឋ​ណាម្នាក់​​ហ៊ាននិយាយ​ថា កម្ពុជា​បានមាន​សន្តិសុខ និង​សន្តិភាព​នោះ? ស្ថានភាពផុយស្រួយ និង​គ្រោះថ្នាក់​បាន​កើត​ឡើង​គ្រប់ពេល។ មេគណបក្ស​ប្រឆាំង​បង្កើន​កម្លាំង​តវ៉ា រីឯ​រដ្ឋាភិបាល​បង្កើន​កម្លាំង​សមត្ថកិច្ច ក្រោម​ហេតុផល​ថា​ត្រូវ​រក្សា​សណ្តាប់ធ្នាប់សង្គម។

ក្នុង​រយៈពេល​៥​ខែនេះ ការ​បញ្ចេញ​សព្វាវុធ​ធុនធ្ងន់​របស់​រដ្ឋាភិបាល​ក៏មាន​ហើយ ការ​អំពាវនាវរបស់​គណបក្ស​ប្រឆាំង​អោយ​មន្ត្រីរាជការ​ឈប់ទៅធ្វើការ សិស្សានុសិស្ស​ឈប់ទៅ​សាលារៀន អាជីវករ​ឈប់​ទៅ​លក់ដូរ និងការអំពាវនាវ​អោយបាតុករបិទផ្លូវជាដើម​នោះ ក៏មាន​ដែរ។ ថ្វីដ្បិត​ស្ថាប័ន​រដ្ឋ​មាន​ដំណើរការ​ជា​ប្រក្រតី​មែន ប៉ុន្តែ​ស្ថានភាព​នយោបាយ​បែបនេះ បាន​ធ្វើ​អោយ​វិនិយោគិន ពាណិជ្ជករ​ អាជីវករ​ធុនតូច​និង​មធ្យម ថ្លែង​ការ​ណ៍​អំពាវនាវជា​បន្តបន្ទាប់គ្នា ​អោយ​អ្នកនយោបាយ​ទាំងពីរ​គណបក្ស​ចរចា​ដោយសន្តិវិធី ដើម្បី​បញ្ចប់បរិយាកាស​អាប់អួរ​ និង​តានតឹង​នេះ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សកម្មភាព​ពាណិជ្ចកម្ម។

និយាយ​មកដល់​ត្រឹម​នេះ គេ​គួរ​និយាយ​អំពី​បញ្ហា​សេដ្ឋកិច្ច​។ សកម្មភាព​វិនិយោគ​​ដែល​កំពុង​រងឥទ្ធិពល​នៃ​ទំនាស់​នយោបាយ​មិនទាន់ដោះស្រាយ​បាន​ផងនោះ ស្រាប់តែ​មាន​ផ្នែក​ខ្លះ​បាន​ជួប​នឹង​គ្រោះថ្នាក់​តែ​ម្តង។

ការតវ៉ា​ទាមទារ​ប្រាក់ខែ​គោល​​របស់​កម្មករ ដែល​បាន​លាយឡំ​គ្នា​ជាមួយ​ប្រធាន​បទ​នយោបាយ និង​បាន​ទទួល​ការ​គាំទ្រ​ពី​គណបក្ស​សង្គ្រោះជាតិ​នោះ បានឈាន​ដល់​ការ​កើតមាន​ហិង្សា​ស្លាប់ជីវិត​មនុស្ស ហើយ​រោងចក្រ​កាត់ដេរមិនតិច​ជាង​៣០០​រោងចក្រ​ឡើយ​បានបិទទ្វារ ផ្អាក​ផលិត​កម្ម​ជា​បណ្តោះអាសន្ន​រយៈពេល​ជាង​១០ថ្ងៃមកនេះ។

ប្រឈម​នឹងបញ្ហា​នេះ ក្រុម​ថៅកែ​រោងចក្រ​បាន​និយាយតែ​អំពី​ការ​ខាត​បង់​ដែល​គិតជា​ម៉ោង ជា​ថ្ងៃ​តែ​ម្តង។ មន្ត្រី​នៃសមាគមរោងចក្រកាត់ដេរ​បាន​ប្រាប់​​អោយដឹងថា ក្នុង​រយៈពេល​នៃ​ការ​បិទទ្វារ​រោងចក្រ​កាត់ដេរ​កន្លងទៅនេះ វិស័យ​កាត់ដេរ​បាន​ខាតបង់​ទឹក​ប្រាក់​យ៉ាង​ហោច​ណាស់​ក៏​១០០លាន​ដុល្លារ​ដែរ។ គឺ​ជាការ​ខាតបង់​តម្លៃ​នៃ​ការនាំ​ចេញ។

នេះ​គេ​នៅមិនទាន់​គិត​ពី​ការ​បាត់បង់​ប្រាក់ចំណូល​របស់​កម្មករ កម្មការិនីរាប់សិបម៉ឺន​នាក់ដែល​មិនបាន​ទៅធ្វើការ ហើយ​ត្រូវបាន​ថៅកែ​ប្រកាស​មិនប្រាក់អោយទៀតនោះផង។ ទន្ទឹមគ្នា​នេះ ទិដ្ឋភាព​ហិង្សា​ក៏បាន​បាន​ជះឥទ្ធិពលដល់​វិនិយោគិន​ថ្មីៗ​ ដែល​ចង់ដាក់ទុន​វិនិយោគ​នៅកម្ពុជា​ផងដែរ។
ទាំង​នេះគឺ​ជា​អ្វី​ដែលបាន និង​កំពុង​បន្ត​កើត​ឡើង​នៅ​កម្ពុជា។

តើ​អ្នកណា​ជា​អ្នកទទួល​ខុសត្រូវ? គណបក្ស​ជាប់ឆ្នោតទាំងពីរ​ដែល​ទទួល​បាន​សន្លឹកឆ្នោត​ពី​ពលរដ្ឋ​ហើយ​នោះ កំពុងតែទម្លាក់ការ​ទទួល​ខុសត្រូវ​អោយ​គ្នាទៅវិញ​ទៅមក។ ទីបំផុត មនុស្សស្លាប់​៥​នាក់ ទាហាន​របួស​ជាច្រើន​នាក់ ទ្រព្យ​សម្បត្តិ​ឯកជន​ និង​សាធារណៈ​ត្រូវបំផ្លិចបំផ្លាញ ក៏​មិន​ដឹង​មក​ពីមូលហេតុ​អ្វី?

តាមពិត​ទៅ អ្នកនយោបាយគួរ​តែ​បានយល់ថា ពួកគេ​គឺ​ជា​អ្នកទទួល​ខុសត្រូវ​លើ​ការ​ខាតបង់ទាំងនេះ។ ប្រសិន​បើ​ពួកគេ​នៅ​បន្ត​ទំនាស់​នយោបាយ​តទៅទៀត គឺ​អ្នកនយោបាយ ឬ​គណបក្សទាំងពីរ​ទេ​ដែល​កាន់តែ​បាត់បង់​ប្រជាប្រិយភាព និង​ជំនឿ​ពី​អ្នកបោះឆ្នោត​កាន់តែ​ច្រើន​នោះ។ ពីព្រោះ​ប្រជាពលរដ្ឋ​ នឹង​អាច​ឈប់គិតថា តើ​គណបក្ស​ណា​ឈ្នះឆ្នោត​ និង​ចាញ់​ឆ្នោត​ទៀត​ហើយ ប៉ុន្តែពួកគេ​គិត​ថា គឺ​គណបក្ស​ទាំងពីរ​ដែល​បាន​កំពុង​បង្ក​អសន្តិសុខ​ដល់​ជីវភាព​របស់​ពលរដ្ឋ​កម្ពុជា។ ហើយថា ប្រសិនបើ គ្មានការ​ដោះស្រាយ​នោះទេ តើអ្នកណា​ហ៊ាន​អះអាងថា ទំនាស់​នយោបាយ មិនអាចរីកធំ​ជាងនេះ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ