អានតួអត្ថបទ
កម្ពុជា

ក្រសួង​បី​គ្រោង​ចុះ​ធ្វើ​យុទ្ធនាការ​តាម​រោងចក្រ បន្ទាប់​ពី​កើត​មាន​ករណី​ផ្ទុះ​ឡ​ចំហាយ​ជាបន្ត​បន្ទាប់

គិត​ត្រឹម​ហេតុការណ៍ ផ្ទុះ​ឡ​ចំហាយ​កំដៅ​សម្រាប់​អ៊ុត​ខោ​អាវ នៅ​ក្នុង​រោង​ចក្រ ខណ្ឌមាន​ជ័យ​ម្សិល​មិញ​នេះ គឺ មាន​មនុស្ស​៣​នាក់​ហើយ​បាន​ស្លាប់ និង​អ្នក​របួស​៦​នាក់។ ចំនួន​មនុស្ស​ស្លាប់​នេះ បូករួម​ទាំង​ករណី​កើត​ឡើង​ស្រដៀង​គ្នា​មួយ នៅ​រោងចក្រ​ក្នុងខណ្ឌ​សែនសុខ បណ្ដាល​ឲ្យ​កម្មការិនី​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កាល​ពី ពីរ​សប្ដាហ៍​មុន។ ប្រឈម​បញ្ហា​នៃ​ការ​ផ្ទុះ​ឡើង​ជា​បន្ត​បន្ទាប់​នូវ​ឡ​ចំហាយ​នេះ ក្រសួង​បី​គ្រោង​ធ្វើ​យុទ្ធនាការ​ចុះ​ត្រួត​ពិនិត្យ​ឡ​នៅ​តាម​រោងចក្រ​រួមគ្នា​​។

zhen tai
zhen tai @vanna-mano-fb
ផ្សាយពាណិជ្ជកម្ម

 

ក្រសួង​បី​នោះ​រួម​មាន៖ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ក្រសួង​បរិស្ថាន ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម។ ហើយ​ការងារ​ដែល​ក្រសួង​ទាំង​បី​បំរុង​ធ្វើ​រួម​គ្នា​នោះ​គឺ​ពិនិត្យ​ទៅ​លើ​បច្ចេកទេស ក៏​ដូច​ជា ពិនិត្យ​ទៅ​លើ​គុណភាព​ឡ​ចំហាយ នៅ​តាមបណ្ដាល​រោងចក្រ​ដែល​មាន​ជំនាញ​បោក​គក់។ លោក ហេង សួរ បន្ថែមថា យុទ្ធនាការនេះ​ត្រូវ​ការ​ជា​ចាំ​បាច់​កិច្ច​សហការ​រួមគ្នា ពី​ក្រសួង​ជំនាញ​ដើម្បី​ជា​ការ​ធានា​ដល់​គុណភាព​ស្តង់​ដា​នៃ​ឡ​ចំហាយ​កំដៅ​សម្រាប​អ៊ុត​ខោ​អាវ​ទាំង​នោះ។ លោក ហេង សួរ មិនទាន់​បញ្ជាក់​ថា យុទ្ធនាការ​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ណា​ទេ។

បើ​តាម​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ យុទ្ធនាការ​នេះ​គឺ​ជា​ការ​ដាក់​ចេញភ្លាមៗ​ក្រោយ​កើត​មាន​ហេតុការណ៍ ផ្ទុះ​ឡ​ចំហាយ​កំដៅ​អ៊ុត​ខោអាវ កាល​ពី​ថ្ងៃ​សៅរ៍​ទី៨មេសា​ម្សិល​មិញ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ និង​របួស​៦​នាក់។ ហើយ​បូក​រួមទាំង​ហេតុការណ៍​លើក​មុន​ដែរ ដែល​កាល​ណោះ​ កម្មការិនី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង។

សូមបញ្ជាក់ថា ករណី​ផ្ទុះ​ឡ​ចំហាយ​ នេះ​បណ្ដាល​ឲ្យ​បុរស​ជា​សន្ដិសុខ​ម្នាក់ ស្លាប់​ភា្លមៗនៅ​កន្លែង និង​ស្ដ្រី​វ័យ​ចំណាស់ ដែល​ជា​អ្នក​អនាម័យ​ម្នាក់​រង​របួស​ធ្ងន់ ដោយ​ដាច់​ជើងស្ដាំ ហើយ​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​។ ប្រឈម​បញ្ហា​នេះ​សមត្ថកិច្ច បាន​បិទ​សិប្បកម្ម​នេះ​ជា​បណ្ដោះ​អាសន្ន​ព្រោះ​ប៉ូលីសកំពុង​បើក​ការ​ស៊ើប​អង្កេត។ ការ​ស៊ើប​អង្កេត​ដែល​អាច​ឈាន​ទៅ​ដល់​ការ​ចាប់​បញ្ជូនម្ចាស់​រោងចក្រ​ទៅ​តុលា​ការ ពាក់​ព័ន្ធ​បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​បណ្ដាល​មក​ពី​ការ​ធ្វេសប្រហែស។

សម្រាប់ លោក ហេង សួរ ក្រសួង​ការងារ មាន​ការ​សោក​ស្ដាយ​ខ្លាំង​ណាស់​ចំពោះ ហេតុ​ការ​ណ៍ ដែល​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​ទៅ​លើ​កម្មករ​រោងចក្រ​ដោយ​សារ​តែ​ការផ្ទុះ​ឡ​ចំហាយ​នេះ។ ប៉ុន្តែ​លោក​បង្ហាញ ពី​ជំហរ​ធ្វើ​ការ​រួម​គ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បីដោះ​ស្រាយ​បញ្ហា​នេះ កុំ​ឲ្យ​កើត​មាន​ជា​ថ្មី​ទៀត។

ពាក់​ព័ន្ធ​បញ្ហា​នេះ កន្លង​មក​ក្រសួង​ការងារ​បាន​ណែនាំ​ដល់​ម្ចាស់​សហគ្រាស ពិសេស​សហ​គ្រាស​​គ្រឹះស្ថាន​កាត់​ដេរ​សម្លៀក​បំពាក់​គឺ​ត្រូវ​ប្រើប្រាស់​ឡ​ចំហាយ​ដែល​មានប្រព័ន្ធ​ធានា​សុវត្ថិ​ភាព​​តាម​បទប្បញ្ញត្តិ​ជាធរមាន។ ត្រូវ​រៀប​ចំ​ដំឡើង​ប្រព័ន្ធ​ចំហាយ​តាមលក្ខណៈ​បច្ចេកទេស​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ដោយ​ត្រូវ​ចាក់​ភ្ជាប់​ជើង​ទម្រ​ឡ​ចំហាយជាមួយ​បេតុង និង​រៀប​ចំ​វិធាន​ការ​ការ​ពារ​សុវត្ថិភាព មុន​ពេល​ប្រតិបត្តិ​ការ​ប្រព័ន្ធ​ឡចំហាយ។ ម្យ៉ាង​ទៀត​មិន​ត្រូវ​បិទ​ចរន្ត​អគ្គិសនី​នៅ​ពេល​ឡ​ចំហាយ​កំពុង​ដំណើរ​ការ ដើម្បី​តាម​ដាន​សញ្ញា​អាសន្ន​ដែល​កើត​ឡើង​ពី​កំណើន​សម្ពាធ​ក្នុង​ឡ​ចំហាយ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ