អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គោល​នយោបាយ​គ្រប់​គ្រង​ព្រៃ​ឈើ​ក្រោម​កណ្តាប់​ដៃ​ឈ្មួញ​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ដឹក​ឈើ​ប្រណីត​ត្រូវ​បាន​បណ្តាញ​ផ្សាយ​ព័ត៌មាន​រាយការណ៍​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​បើ​ទោះ​បី​ជា​ប្រ​មុខ​រដ្ឋា​ភិបាល​ធ្លាប់​បាន​ចេញ​បទ​បញ្ជា​ម៉ឺង​ម៉ាត់​ឲ្យ​បញ្ឈប់​ជំនួញ​ឈើ​ខុស​ច្បាប់​ក៏​ដោយ​។ ក្រៅពី​សេច​ក្តី​រាយការណ៍​តាម​បណ្តាញ​ផ្សាយ​ព័ត៌​មាន ក៏​មាន​​របាយ​ការណ៍​​ស៊ើប​​អង្កេត​នានា​របស់​សង្គម​ស៊ីវិល ក៏​ដូច​ជា​សក្ខី​កម្ម​របស់​ប្រជា​​សហ​គមន៍​​ដែរ​​ដែល​បង្ហាញ​ថា​ព្រៃ​ឈើ​កម្ពុជា​នៅ​តែ​រង​ការ​បំផ្លិច​បំផ្លាញ​ជា​រៀង​រាល់​ថ្ងៃ ។ តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋា​ភិបាល​បណ្តោយ​ឲ្យ​គោល​នយោបាយ​គ្រប់​គ្រង​ព្រៃ​ឈើ​បរាជ័យ​ក្រោម​កណ្តាប់​ដៃ​ឈ្មួញ​ ?

ព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី
ព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី @RFI/ Navin
ផ្សាយពាណិជ្ជកម្ម

ឈើ​ប្រណីត​ៗ​ដែល​ត្រូវ​បាន​គេ​កាប់​ដោយ​ខុស​ច្បាប់​ចេញ​ពី​ព្រៃ​ត្រូវ​បាន​ឈ្មួញ​ដឹក​ជញ្ជូន​ជា​រៀង​រាល់​ថ្ងៃ​និង​តាម​គ្រប់​មធ្យោបាយ​ទៅ​លក់​ឲ្យ​ប្រទេស​ជិត​ខាង​។ ការ​ដឹក​ដោយ​លួច​លាក់ដោយ​ប្រើ​ប្រាស់​គ្រប់​មធ្យោ​បាយ​ដើម្បី​បាំង​ភ្នែក​សមត្ថ​កិច្ច​គឺ​ជា​រឿង​មួយ ប៉ុន្តែ ការ​ដឹក​ជា​ចំហដោយ​មាន​ការ​រៀប​ចំ​ជា​បណ្តាញ​គឺ​ជា​រឿង​មួយ​ទៀត​។

 
ជា​រឿយ​ៗ គេ​ឃើញ​សមត្ថ​កិច្ច​ចាប់​បាន​ឈើ​ដែល​ដឹក​បន្លំ​តាម​រថយន្ត​ទំនើប​ៗ រថយន្ត​ពេទ្យ​ឬ​រថយន្ត​ក្រុង​ជា​ដើម។ ប៉ុន្តែ ជា​ទូទៅ​ឈើ​ដែល​សមត្ថកិច្ច​ចាប់​បាន​ជា​ប្រភេទ​ឈើ​ដែល​ដឹក​តាមមធ្យោ​បាយ​រាយ​រង​តែ​ប៉ុណ្ណោះ​។​ រីឯ​ការ​ចាប់​នេះ​ទៀត​សោត គឺ​ចាប់​បាន​តែ​ឈើ​តែ​ប៉ុណ្ណោះ​រី​ឯ​ឈ្មួញ​រក​ស៊ី​ឈើ​ធំ​ៗ​មិន​ដែល​ចាប់​បាន​ទេ​។ ម្យ៉ាង​ទៀត តើ​មាន​បរិមាណ​ឈើ​ប៉ុន្មាន​ទៀត​ដែល​ពួក​ឈ្មួញ​ដឹក​ទៅ​លក់​ឲ្យ​ប្រទេស​ជិត​ខាង​ជា​រៀង​រាល់​ថ្ងៃ​?

ជា​ការ​ពិត​ណាស់ មាន​ហេតុ​ផល​គ្រប់​គ្រាន់​ដែល​បញ្ជាក់​ថា​ការ​ទប់​ស្កាត់​ជំនួញ​ឈើ​ខុស​ច្បាប់​មិន​ជា​ពិបាក​រហូត​ដល់​គ្រប់​គ្រង​មិន​បាន​នោះ​ទេ។ តាម​រយៈ​សំណួរ​ងាយ​ៗ​មួយ​ចំនួន ​គេ​អាច​យល់​បាន​អំពី​បញ្ហា​នេះ​៖ តើ​ហេតុ​អ្វី​បាន​ជា​ឈ្មួញ​អាច​ចូល​ទៅ​កាប់​ឈើ​បាន​? តើ​ហេតុ​អ្វី​បាន​ជា​ឈើ​អាច​ចេញ​ពី​ព្រៃ​រួច? និង​តើ​ហេតុ​អ្វី​បាន​ជា​ឈើ​អាច​ចរាចរណ៍​ដល់​ព្រំ​ដែន​និង​ឆ្លង​ដែន​បាន​យ៉ាង​ងាយ​បែប​នេះ​?

គួរ​កត់​សម្គាល់​ថា សូម្បី​គ្រឿង​ញៀន​ដែល​គេ​អាច​លាក់​រហូត​ដល់​ក្នុង​ពោះ​ក៏​គង់​តែ​សមត្ថ​កិច្ច​ចាប់​បាន។ ចុះ​ការ​កាប់​និង​ដឹក​ជញ្ជូន​ឈើ​ដែល​គេ​ត្រូវ​ការ​មធ្យោ​បាយ​យ៉ាង​សន្ធឹក​សន្ធាប់​ហើយ​ត្រូវ​ដឹក​តាម​ឡាន​និង​តាម​ផ្លូវ​ថ្នល់​សោះ​ហេតុ​អ្វី​មិន​អាច​ចាប់​បាន​? បើ​និយាយ​ថា សមត្ថកិច្ច​មិន​អាច​ចូល​ដល់​ព្រៃ​ជ្រៅ​ដើម្បី​ពិនិត្យ​មើល​ការ​កាប់​ព្រៃ​ឈើ​របស់​ឈ្មួញ​បាន​ទេ​នោះ វា​រឹតតែ​ជា​រឿង​មិន​អាច​ជឿ​បាន​ទៅ​ទៀត។ មិន​អាច​ជឿ​បាន ដោយ​ហេតុ​ថា សូម្បី​ប្រជា​សហគមន៍​ក៏​អាច​ចូល​ដល់​ទីតាំង​កាប់​ឈើ​បាន​ដែរ។ បើ​ទោះ​ជា​មិន​បាច់​ចូល​ព្រៃ​ក៏​គេ​អាច​ទប់​ស្កាត់​ឈើដែល​ចរចាចរណ៍​តាម​ដង​ផ្លូវ​បាន​យ៉ាង​ងាយ​ដែរ​។

តាម​ពិត ការ​កាប់​ឈើ​មិន​មែន​ជា​រឿង​ពិបាក​នឹង​ដឹង​នោះ​ឡើយ​។ សូម្បី​តែ​ប្រជា​សហគមន៍​ក៏អាច​មើល​ឃើញ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​ច្បាស់​ដែរ ហើយ​ពួកគេ​តែងតែ​នាំគ្នា​ចូល​ព្រៃ​ដើម្បី​បង្អាក់​សកម្ម​ភាព​នេះ​ទៀត​ផង។ ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ អាជ្ញា​ធរ​បែរ​ជា​មិន​សហការណ៍​និង​ជួន​កាល​ថែម​ទាំង​បាន​រារាំង​សកម្មភាព​របស់​ប្រជា​សហគមន៍​ទៅ​វិញ​។ ទាំង​នេះ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​បាន​អំពី​អ្វី​ដែល​នៅ​ពី​ក្រោយ​វាំង​នន​នៃ​ជំនួញ​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា។

មាន​មូល​ហេតុ​ច្រើន​យ៉ាង​ដែល​​នាំ​ឲ្យ​ជំនួញ​ឈើ​ក្លាយ​​ជា​បញ្ហា​មិន​អាច​គ្រប់​គ្រង​បាន​។ មូល​ហេតុ​សំខាន់​បំផុត​គឺ​ការ​ឃុប​ឃិត​គ្នា​ជា​ខ្សែ​បណ្តាញ​រវាង​ឈ្មួញ​រក​ស៊ី​ឈើ​ជា​មួយ​អាជ្ញាធរ​មានសមត្ថ​កិច្ច​នេះ​ឯង។ មូល​ហេតុ​សំខាន់​មួយ​ទៀត​គឺ ឈ្មួញ​អ្នក​រក​ស៊ី​ឈើ​ច្រើន​តែ​ជា​អ្នក​មាន​ឥទ្ធិពល​ឬ​មាន​ខ្នង​បង្អែក​រឹង​មាំ។ ក្នុង​ករណី​នេះ សមត្ថ​កិច្ច​ដែន​ដី​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ធ្វើ​គ​ធ្វើ​ថ្លង់​នោះ​ឡើយ​ពី​ព្រោះ​តែ​ពួក​គេ​ខ្លាច​អំណាច​​របស់​មន្ត្រី​អ្នក​មាន​បុណ្យ​ស័ក្តិ​ធំ​ជាង​ខ្លួន។
 

នៅ​មាន​ករណី​កាប់​ឈើ​ម្យ៉ាង​ទៀត​ដែល​គេ​មិន​អាច​គ្រប់​គ្រង​បាន​ដែរ​នោះ​គឺ​ការ​កាប់​ឈើ​ដោយ​​ស្រប​ច្បាប់​តាម​រយៈ​ដី​សម្បទាន​សេដ្ឋ​កិច្ច។ មាន​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ជា​ច្រើន​ដែល​ឈ្មួញ​បាន​ចំណេញ​យ៉ាង​ច្រើន​ក្រាស់​ក្រែល​ដោយ​គ្រាន់​តែ​កាប់​ឈើ​លក់។ ក្រោម​ស្លាក​កាប់ឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច ក្រុម​ហ៊ុន​ខ្លះ​ថែម​ទាំង​អាច​ប្រមូល​ឈើ​ពី​កន្លែង​ផ្សេង​ដឹក​ចេញ​ទៀត​ផង។ ទាំង​អស់​នេះ​គឺ​ជា​មូល​ហេតុ​សំខាន់​ៗ​ដែល​ធ្វើ​ឲ្យ​ឈ្មួញ​ឈើ​មាន​ឥទ្ធិ​ពល​ជាង​បទបញ្ជា​នាយក​រដ្ឋ​មន្ត្រី​។

 
សម្រាប់​ក្រុម​អ្នក​តាម​ដាន​និង​វិភាគ​បញ្ហា​សង្គម​កម្ពុជា គេ​មិន​អាច​បណ្តោយ​ឲ្យ​បញ្ហា​នេះ​ស្ថិតក្នុង​ស្ថាន​ភាព​មិន​អាច​គ្រប់​គ្រង​បាន​ដូច្នេះ​ទៀត​ទេ។ មិន​បាន​ដោយ​ហេតុ​ថា ទី​១ វា​នឹង​ធ្វើ​ឲ្យ​បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្ត្រី​សាប​រលាប​កាន់​តែ​ខ្លាំង​នៅ​ចំពោះ​មុខ​មហា​ជន​ទូទៅ​។ ទី​២​ វា​នឹង​បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​​រដ្ឋា​ភិបាល​ពី​ព្រោះ​បញ្ហា​នេះ​បាន​​និង​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្តៅ​មួយ​ដែល​រដ្ឋា​ភិបាល​រង​ការ​រិះ​គន់​ជា​យូរ​ណាស់​មក​ហើយ​។

និង​ទី​៣ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នឹង​បង្កើត​ឲ្យ​មាន​វិបត្តិ​សង្គម​ធំធេង​មួយ​នៅ​ថ្ងៃ​អនាគត​ពោល​គឺ​ព្រៃ​ឈើ​ក៏​អស់ ចំណូល​រដ្ឋ​ក៏​គ្មាន រី​ឯ​ប្រជា​សហគមន៍​ក៏​គ្មាន​ទីពឹង​សម្រាប់​អា​ស្រយ័​ផល​ទៀត​ដែរ​។ ផល​វិបាក​ទាំង​នេះ​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​គ្រប់​គ្រាន់​ដែល​រដ្ឋា​ភិបាល​គួរ​ពិចារ​ណា​ឡើង​វិញ​ជា​ចាំ​បាច់​អំពី​គោល​នយោបាយ​គ្រប់​គ្រង​ព្រៃ​ឈើ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ