រដ្ឋាភិបាលមិនទាន់មានគំរោងលុបចោលបំរាមសិទ្ធិជួបជុំធ្វើបាតុកម្ម
ក្រៅពីការលើកឡើងពីបញ្ហាពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍ និងបញ្ហាដីធ្លី កិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការចម្រុះ កម្ពុជា-សហភាពអឺរ៉ុប ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ក៍បានលើកឡើងពីបញ្ហាបំរាមនៃការជួបជុំបញ្ចេញមតិនៅកម្ពុជាផងដែរ។ លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាបានជំរាបទៅកាន់គណៈប្រតិភូសហភាពអ៊ឺរ៉ុបថា បើស្ថានភាពនយោបាយនៅកម្ពុជាវិលមករកប្រក្រតីភាពឡើងវិញ នោះបំរាមនៃការជួបជុំក៍នឹងលុបចោលផងដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៥
បំរាមនៃការជួបជុំបញ្ចេញមតិ រឺសិទ្ធិធ្វើបាតុកម្មរបស់គណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិល គឺជាប្រធានបទមួយក្នុងចំនោមប្រធានបទជាច្រើនដែលត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំលើកទី៨ នៃគណៈកម្មការចម្រុះ កម្ពុជា-សហភាពអឺរ៉ុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ ប្រធានបទដែលគណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិល តែងតែទាមទារអោយរដ្ឋាភិបាលលុបចោល។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា។
លោក អ៊ុច បូរិទ្ធ ដែលបានវិលត្រលប់មកពីចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា សហភាពអឺរ៉ុបនៅថ្ងៃសៅរិ៍នេះ បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញថា បំរាមនៃការហាមឃាត់ការជួបជុំ រឺសិទ្ធិធ្វើបាតុកម្មរបស់ក្រុមកម្មករ សហជីព រឺគណបក្សប្រឆាំងនឹងលុបចោលទៅវិញ ប្រសិនបើស្ថានភាពនយោបាយនៅកម្ពុជាវិលមករកប្រក្រតីភាពឡើងវិញ។ លោក អ៊ុច បូរិទ្ធ បញ្ជាក់ថា នោះគ្រាន់តែជាការផ្អាក់បណ្តោះអាសន្នប៉ុណ្ណោះ ពោលគឺរដ្ឋាភិបាលមិនបានលុបចោលនោះទេ។
បំរាមនៃការជួបជុំត្រូវបានដាក់ដោយក្រសួងមហាផ្ទៃ នៅក្រោយពេលមានការប៉ះទង្គិចគ្នា នៅម្តុំផ្លូវវេងស្រេងកាលពីដើមខែមករា និងការជួបជុំធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិរយៈពេលជិត១ខែ ដែលក្រោយមកត្រូវបានបង្ក្រាប់ដោយកំលាំងអាជ្ញាធរ។
គួរបញ្ជាក់ថា នៅក្នុងការជួបជុំរបស់មេដឹកនាំសហជីពកម្មករ កាលពីថ្ងៃទី៨មិនាកន្លងទៅនេះ ក៍ត្រូវបានរារាំងផងដែរ នៅពេលដែលពួកគេបានព្យាយាមប្រមូលផ្តុំគ្នាធ្វើវេទិការសាធារណៈនៅលើទីលានប្រជាធិបតេយ្យ។
យ៉ាងណាក៍ដោយ លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសៅរិ៍នេះដែរថា ច្បាប់បាតុកម្មនៅតែមាន ហើយប្រសិនបើភាគីណាមួយចង់ជួបជុំណាមួយនោះ ត្រូវអនុវត្តនទៅតាមច្បាប់ ហើយការអនុញ្ញាតិរឺមិនអនុញ្ញាតិនៅក្នុង កំរិតណាមួយនោះ នោះភាគីពាក់ព័ន្ធទាំងអស់ត្រូវពិភាក្សាគ្នាជាមុនសិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ