អានតួអត្ថបទ
កម្ពុជា-នយោបាយ

វេទិកា​អនាគត ចង់​ឱ្យ​បង្កើន​ចំនួន​អាសនៈ​រដ្ឋ​សភា​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨

វេទិកា​អនាគត ចង់​ឱ្យ​មាន​ការ​បង្កើន​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា​និង​ការ​បែង​ចែក​អាសនៈ​ នៅ​ក្នុង​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត (ចបជត) សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ ខាង​មុខ ។ ការលើក​ឡើង​យ៉ាង​ដូច្នេះ ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍ កម្រាស់ ៤ ទំព័រ ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​ស្តី​ពី​ការ​បែង​ចែក​អាសនៈ រដ្ឋសភា និង​ការ​បែង​ចែក​អាសនៈ​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨ ។

ពលរដ្ឋកម្ពុជា តម្រង់ជួររង់ចាំបោះឆ្នោតកាលពីអាណត្តិមុនៗ។
ពលរដ្ឋកម្ពុជា តម្រង់ជួររង់ចាំបោះឆ្នោតកាលពីអាណត្តិមុនៗ។ រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

វេទិកា​អនាគត ចង់​ឱ្យ​បន្ថែម​ចំនួន​អាសនៈ​រដ្ឋ​សភា ប្រសិន​បើ​មាន​ការ​កែ​ប្រែ​តាម​រូបមន្ត​ដែល​បាន​ចែងក្នុង​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត ដោយ​ផ្អែក​លើ​កំណើន​ប្រជាពលរដ្ឋ​ក្នុង​នីតិ​កាលនីមួយៗ​នៃ​រដ្ឋ​សភា​។

អង្គការ​វេទិកា​អនាគត យល់​ឃើញ​ថា ចំនួន​អាសនៈ​នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​រដ្ឋសភា និង តាម​បណ្តាខេត្ត​មួយ​ចំនួន មាន​ការ​ផ្លាស់​ប្តូរ​តិច​តួច​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៣ មក ទោះ​បី​ជា​ចំនួន​ប្រជាពលរដ្ឋ​កើនឡើង​ក្នុង​រយៈពេល​ពីរ​ទស្សវត្សរ៍​កន្លង​មក​ក៏​ដោយ​។

ក្រុង​ភ្នំពេញ​ មាន​ចំនួន​ប្រជាជន​កើន​ឡើង ពី​ជិត ១ លាន នាក់ នៅ​ឆ្នាំ ១៩៩៨ ដល់ ជិត ១ លាន ៨ សែន នាក់ ក្នុង​ឆ្នាំ ២០១៥។ ចំណែក​ឯ​នៅ​ខេត្ត​សៀមរាប វិញ ប្រជាជន មាន​ចំនួន​ ៧ សែន នាក់ នៅឆ្នាំ ១៩៩៨ កើន​ឡើង​ដល់ជិត ១ លាន នាក់។ ​ វេទិកា​អនាគត ចង់​ឱ្យ​បន្ថែម​​៣​អាសនៈ​មណ្ឌល​ទាំង​ពីរ​ មាន​ន័យ​ថា​រាជធានីភ្នំពេញ​គួរ​ទទួល​បាន ១៥ អាសនៈ និង សៀមរាប ៩ អាសនៈ។ ដូច​គ្នា​ដែរ ខេត្ត​បាត់​ដំបង​ដែល​មាន​កំណើន​ប្រជាជន គួរ​បន្ថែម ២​អាសនៈ​ទៀត ឱ្យ​បាន​ចំនួន​ ១០​ អាសនៈ​។

ជា​ការ​កត់​សម្គាល់ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង ខេត្ត​សៀមរាប មិន​មាន​ការ​កើនឡើង​ចំនួន​អាសនៈ​តាំងពីឆ្នាំ ១៩៩៨ មក ដោយ​ភ្នំពេញ​មាន​ចំនួន ១២ អាសនៈថេរ និង ៦ អាសនៈ​ក្នុង​ខេត្ត​សៀមរាប​។

ទន្ទឹម​គ្នា​នេះ អង្គការ​វេទិកា​អនាគត ស្នើ​ឱ្យ​មាន​ការ​កាត់​បន្ថយ​ចំនួន​អាសនៈ នៅ​ខេត្ត​មួយ​ចំនួន​ដូច​ជា ឧត្តរ​មាន​ជ័យ កំពង់​ចាម ព្រៃវែង កំពង់ធំ កំពត ពោធិ៍សាត់ ស្វាយរៀង និង តាកែវ ក្រោម​ហេតុផល​ថា ខេត្ត​ទាំង​នេះ មាន​កំណើន​ប្រជាជន​តិចតួច ឯខ្លះទៀត មាន​ការ​ថយ​ចុះ​។

ដើម្បី​ធានា​បាន​ការ​បែង​ចែក​អាសនៈ​ឱ្យ​បាន​ត្រឹម​ត្រូវ​និង​យុត្តិធម៌ អង្គការ​វេទិកា​អនាគត បាន​ផ្តល់​អនុសាសន៍​ចំនួន​បី ទី​១ ធ្វើ​វិសោធន​កម្ម ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត ដាក់​បញ្ចូល​វិញមាត្រា​ដែល​ចែង​អំពី​រូបមន្ត​កំណត់​ចំនួន​អាសនៈ និង ការ​បែង​ចែក​អាសនៈ​តាម​ខេត្ត​ឬ​ក្រុង។ ទី២ វិសោធន​កម្ម ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត ដោយ​ដាក់​បញ្ចូល​ឡើង​វិញ​អំពី​ការ​បង្កើតគណៈកម្មាការ​កំណត់​ចំនួន​អាសនៈ​រដ្ឋសភា និង ទី៣ ធានាឱ្យ​បាន​ថា​ការ​បែង​ចែក​អាសនៈ​នា​ពេលអនាគត​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​តម្លាភាព ហើយ​ការ​គណនា និង តួលេខ​ដែល​ប្រើ​ប្រាស់​ក្នុង​ការ​កំណត់​ចំនួន​អាសនៈ​រដ្ឋសភា​នឹង​ត្រូវ​បង្ហាញ​ជា​សាធារណៈ​៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ