អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​ព្រមាន​ប្តឹង​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី ជុំវិញ​ការផ្សាយ​ព័ត៌មាន​ពី​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ

ក្នុងសន្និសីទកាសែត នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុក​ថា បញ្ហា​ព្រំដែន ​ជា​បញ្ហា​សន្តិសុខ​ជាតិ ហើយ​ដំណើរការ​កំណត់ព្រំដែន ជាមួយ​ប្រទេសជិតខាង ជាពិសេស​នៅព្រំដែន​កម្ពុជា និង​ថៃ មិនបាន​ធ្វើឲ្យ​កម្ពុជា​បាត់បង់​ទឹកដី សូម្បីតែ​មួយមីលីម៉ែត្រ​ឡើយ។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏បាន​ប្រកាស​ព្រមានថា រដ្ឋាភិបាល​អាចនឹង​ចាត់វិធានការ​តាមផ្លូវច្បាប់ ដោយ​ប្តឹង​អ្នកកាសែត​វិទ្យុអាស៊ីសេរី ទៅកាន់​តុលាការ​យោធា ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន ពីរឿង​ព្រំដែន​កម្ពុជា-ថៃ។

មន្រ្តី​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​សន្និសីទ​កាសែត ជុំវិញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពី​បញ្ហា​ព្រំដែន​ខ្មែរ-ថៃ
មន្រ្តី​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​សន្និសីទ​កាសែត ជុំវិញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពី​បញ្ហា​ព្រំដែន​ខ្មែរ-ថៃ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ក្នុង​សន្និសីទកាសែត​នៅព្រឹកមិញ មន្ត្រី​ជាន់ខ្ពស់រដ្ឋា​ភិបាល​​​ បានលើកឡើងថា ការបោះបង្គោល​កំណត់​ព្រំដែនកម្ពុជា និងថៃ ​មិន​បាន​ធ្វើ​ឲ្យ​បាត់បង់ទឹកដី ដូច​ការផ្សព្វផ្សាយ​របស់​​កាសែត ពិសេស ការផ្សាយ​របស់​វិទ្យុអាស៊ីសេរី​ទេ។

ការអះអាង លាយឡំនឹង​ការ​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ដូច្នេះ គឺ​បន្ទាប់ពី​វិទ្យុ​អាស៊ីសេរី កាលពេលថ្មីៗនេះ បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដោយ​បាន​ផ្សាយ​ថា កម្ពុជា បាន​បាត់បង់​ដី ១០ គីឡូម៉ែត្រ ទៅ​ប្រទេស​ថៃ នៅ​ព្រំដែនស្រុក​​សំឡូត ខេត្ត​បាត់ដំបង។

​លោក​ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​បញ្ជាក់​ក្នុង​សន្និសីទកាសែត​ថា ការចុះផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ដែលថា កម្ពុជាបាត់​ដី​ទៅ​​​ឲ្យ​ប្រទេស​ថៃ គឺនាំឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។ លោកថា តាមពិត​កម្ពុជា​មិន​បាន​បាត់បង់​ទឹកដី សូម្បីតែ​មួយ​មីលីម៉ែត្រ ទៅ​ប្រទេសជិតខាង ពិសេស​ប្រទេស​ថៃ​ឡើយ។

ចំណែក​លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​​កិច្ចការ​ព្រំដែន បាន​មានប្រសាសន៍​ថា ការកំណត់​ទីតាំង​បង្គោល​ព្រំដែន​កម្ពុជា និង​ថៃ ទាំង ៧៣ បង្គោល គឺ​រដ្ឋាភិបាល​កម្ពុជា និងថៃ បានធ្វើឡើង នៅ​ចំ​ទីតាំងចាស់ ដែលមាន​កំណត់​​នៅ​ក្នុង​ឯកសារ​ផែនទី បន្សល់ទុក​ពីសម័យ​អាណានិគម​បារាំង។

លោកស្រី បានលើកឡើងថា ចាប់តាំងពី​ឆ្នាំ​២០០៦ ក្រុមការងារ​ព្រំដែន​ប្រទេស​ទាំងពីរ បាន​រុក​​រកឃើញ​បង្គោល​ព្រំដែន​ចាស់​ចំនួន ៤៨ បង្គោល ក្នុងចំណោម​បង្គោលព្រំដែន​ចាស់ សរុប ៧៣ បង្គោល។
 
ចំណែក​លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​លើកឡើង​ថា ការផ្សព្វផ្សាយ​ព័ត៌មាន​ពីរឿងព្រំដែន នៅគ្រា​ដែល​តុលាការ​ឡាអេ គ្រោងនឹង​បើក​សវនាការ រឿងព្រំដែន​ប្រាសាទ​ព្រះវិហារ នៅពាក់កណ្តាល​ខែមេសា អាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា និងថៃ មានបញ្ហា​នឹងគ្នា​ជាថ្មីទៀត។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា អាច​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដោយប្តឹង​ទៅកាន់​តុលាការ​យោធា ទៅ​លើអ្នកកាសែត​វិទ្យុអាស៊ីសេរី បើសិនជា​វិទ្យុ​ទទួលជំនួយ​ពី​​អាមេរិក​មួយនេះ នៅ​តែ​បន្ត​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពីបញ្ហា​​ព្រំដែន ជាមួយ​ប្រទេស​ជិតខាង ដែល​​មិនមាន​ការពិត ជា​ហេតុ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខជាតិ។

នៅថ្ងៃនេះ មិនទាន់មាន​ប្រតិកម្ម​បែបណា​ពីវិទ្យុ​អាស៊ីសេរី នៅឡើយទេ។ ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក ពុយ គា អ្នកកាសែត​ជើងចាស់ និង​ជា​សមាជិក​ក្លឹបអ្នកកាសែត​កម្ពុជា បាន​អំពាវនាវ​ទៅកាន់​រដ្ឋាភិបាល ឲ្យអនុវត្ត​ច្បាប់​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដោយ​តម្រូវឲ្យ​វិទ្យុអាស៊ីសេរី ចេញផ្សាយ​នូវការ​បំភ្លឺកែតម្រូវ មុននឹង​រដ្ឋាភិបាល សម្រចយក​វិធានការ ប្តឹងផ្តល់​ទៅកាន់​តុលាការ។

ជាការកត់សម្គាល់ កាលពីខែតុលា ឆ្នាំ២០១២ រដ្ឋាភិបាល​បានកោះប្រជុំ​ជាមួយ​តំណាង​វិទ្យុ​អាស៊ីសេរី និង​វិទ្យុសំឡេង​សហរដ្ឋអាមេរិក ជុំវិញ​ការចាក់ផ្សាយ​ព័ត៌មាន ដែល​មន្ត្រីរដ្ឋាភិបាល ចាត់ទុកថា ជាព័ត៌មាន​វាយប្រហារ​លើ​រដ្ឋាភិបាល។

កាលណោះ វិទ្យុអាស៊ីសេរី ដែលមាន​ទីស្នាក់ការធំ​នៅទីក្រុង​វ៉ាស៊ីតោន បាន​ចាត់ទុក​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា ថាជាការ​រំលោភ​លើ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​សារព័ត៌មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ