អានតួអត្ថបទ
កម្ពុជា

រដ្ឋា​ភិបាល​ ប្រារព្ធ​ពិធី​រម្លឹក​ខួប​ ៦ ​ឆ្នាំ​ ថ្ងៃ​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក​

រដ្ឋាភិបាល​ នឹង​​ប្រារព្ធ​​ពិធី​​ជួប​ជុំ​​សាទរ​​ខួប ​៦ ​ឆ្នាំ ​ថ្ងៃ​​ដាក់​បញ្ចូល​​ប្រាសាទ​ព្រះ​វិហារ​ ក្នុង​​បញ្ជី​​សម្បត្តិ​​បេ​តិ​កភណ្ឌ​​ពិភពលោក​ របស់​​អង្គការ​​យូណេស្កូ​។ ​ពិធី​​ជួប​ជុំ​ នៅ​​សារ​មន្ទីរ​​ធម្មជាតិ​ ស្ថិ​ត​នៅ​​ជើង​ភ្នំ​​ប្រាសាទ​ព្រះ​វិហារ​ នា​​ព្រឹក​​ថ្ងៃ​​ចន្ទ ​ទី​៧​កក្កដា ​ស្អែក​​នេះ ​ក៏​​នឹង​មាន​​ការ​លើក​ឡើង​​ពី​​ផែន​ការ​​ការ​ពារ​​ប្រាសាទ​ព្រះ​វិហារ​ ដែល​​មិន​​ត្រឹម​តែ​​ការពារ​​ពី​​ការ​បំផ្លាញ​​របស់​​មនុស្ស​ និង​​ធម្ម​ជាតិ​​លើ​​ប្រាសា​ទ​ទេ ​តែ​​អាជ្ញាធរ​​ក៏​ត្រូវ​​ការពារ​​ទាំង​​ព្រៃ​ឈើ ​និង​​វប្បធម៌​​របស់​​ជន​ជាតិ​​ដើម​​ភាគ​តិច​​គួ​យ នៅ​​តំបន់​​នោះ​​ផង​ដែរ​។​

ប្រាសាទ​ព្រះវិហារ ។
ប្រាសាទ​ព្រះវិហារ ។ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ពិធី​ជួបជុំ នៅ​ថ្ងៃ៧កក្កដា​ស្អែក នឹងមាន​ការចូលរួម​ពី​តំណាង​អង្គការ​យូណេស្កូ តំណាង​ក្រសួង​វប្បធម៌ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរខេត្ត និង​ប្រជាពលរដ្ឋ សរុប ១៥០០ នាក់។ ក្នុងនោះ មាន​ពិធី​សាសនា និង​សន្ទរកថា ការសំដែង​សិ​ល្បះ​របាំ​ជនជាតិដើម​ភាគតិច​គួ​យ នៅ​តំបន់​ប្រាសាទព្រះវិហារ។ នេះ​បើតាម​លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រាសាទព្រះវិហារ។

ក្រៅពី​រម្លឹក​ពី​ជ័យជំនះ​ក្នុងការ​ចុះបញ្ជី​ប្រាសាទព្រះវិហារ ចូលក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ថ្ងៃទី៧កក្កដា ឆ្នាំ២០០៨ ក្នុង​ពិធី​ជួបជុំ​នៅ​ថ្ងៃ​ចន្ទ​ស្អែក ត្រូវបាន​លោក​ជុច​ភឿន ឲ្យ​ដឹងថា នឹងមាន​ការលើកឡើង​ពី​ការសម្រេច​បកស្រាយ​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ ICJ កាលពី​ឆ្នាំមុន ដែល​បាន​កំណត់ថា ភ្នំ​ព្រះវិហារ​ទាំងមូល ស្ថិតក្នុង​អធិបតេយ្យ​បូរណភាព​ទឹកដី​កម្ពុជា។

ក្នុង​ដំណើរការ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រាសាទព្រះវិហារ  កម្ពុជា​បាន​ពង្រីក​វិសាលភាព​តំបន់​ការពារ​ពី ២៥០០ ហិកតា ទៅ​ជាង ៤ ម៉ឺន​ហិកតា។ ប៉ុន្តែ​លោក ជុច ភឿន អះអាងថា អាជ្ញាធរ មិនទាន់​គូស​ផែនទី​បំពេញបន្ថែម ដោយ​បញ្ចូល​ដី ៤,៦ គីឡូម៉ែត្រ​ក្រឡា ចូលក្នុង​ផែនការ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រាសាទព្រះវិហារ នៅឡើយ​ទេ ទោះបីជា​តុលាការ​ក្រុងឡាអេ បានចេញ​សេចក្តីសម្រេច បកស្រាយ​យ៉ាងច្បាស់ កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយ​ថា តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ ស្ថិតក្នុង​អធិបតេយ្យ បូរណភាព​ទឹកដី​កម្ពុជា​ក៏ដោយ។

ទោះបីជា​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ នៅ​ប្រាសាទព្រះវិហារ មិនទាន់​ដោះស្រាយ​ចប់​ជា​ស្ថាពរ​ក្តី ប៉ុន្តែ​ចំពោះ​គម្រោង​ផែនការ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រាសាទព្រះវិហារ ក្នុង​រយៈពេល ៦ ឆ្នាំ គិត​ចាប់​ពីថ្ងៃ៧កក្កដា ឆ្នាំ២០០៨ មកដល់ពេលនេះ ត្រូវបាន​លោក ជុច ភឿន គូសបញ្ជាក់ថា អាជ្ញាធរ​បាន​ដាំ​ដើមឈើ ស្តារ​ប្រឡាយ​បុរាណ បង្កើត​សារមន្ទីរ ហើយថ្មីៗនេះ អាជ្ញាធរ​កម្ពុជា ក៏បាន​សហការ​ជាមួយ​អង្គការ​យូណេស្កូ ជួសជុល​កន្លែង​ខូចខាត​ប្រាសាទព្រះវិហារ ពិសេស​ការខូចខាត​ដោយ​សង្គ្រាម ដែល​ថៃ​បង្កឡើង ចាប់តាំងពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨។

ប្រាសាទព្រះវិហារ ក៏បាន​ទទួល​អ្នកទេសច​រ​ជាតិ និង​អន្តរជាតិ ទៅ​ទស្សនា ទោះបីជា​ខែ​នេះ ជា​ខែ​ភ្លៀង ក៏មាន​អ្នកទេសចរ​ចន្លោះ​ពី ២០០០ ទៅ ៣០០០ នាក់ ក្នុង​មួយខែ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ