ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

ទិវា​​សិទ្ធិ​មនុស្ស​៖ ​ការ​ពង្រឹង​​សិទ្ធិ​​ជា​​មូល​ដ្ឋាន​​របស់​​សហគម​ន៍​​ក្រី​ក្រ​​ជា​​ប្រធាន​បទ​​របស់​​សាលា​​រាជ​ធានី​ភ្នំ​ពេញ​

media  
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ រូបថតសាលារាជធានីភ្នំពេញ

«ភាពជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​សង្គម​ស៊ីវិល ដើម្បី​ពង្រឹង​សិទ្ធិ​ជាមូលដ្ឋាន​របស់​សហគមន៏​ក្រីក្រ» ជា​ប្រធានបទ​របស់​សាលា​រាជធានី​ភ្នំពេញ ក្នុងឱកាស​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ​អន្តរជាតិ​លើក​ទី៦៥ នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ព្រឹក​ថ្ងៃទី១០ធ្នូ​នេះ។ បន្ទាប់ពីអភិបាល​សាលា​រាជធានី​ថ្លែងថា ការសហការ​គ្នា​កាន់តែ​ជិតស្និទ​ឡើងជា​មួយ​សង្គម​ស៊ីវិល ជួយ​ពន្លឿន​ការកាត់បន្ថយ​គម្លាតរ​វាងសហគមន៍​ក្រីក្រ ​និង ​សហគមន៍​សម្បូរ​សប្បាយ​នៅ​ភ្នំពេញ តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​អោយ​អាជ្ញាធរ​យក​ប្រជាជន​ជា​ស្នូល​ក្នុង​គម្រោង​អភិវឌ្ឍន៍​និង​ក្នុងការ​ដោះស្រាយ​បញ្ហា​គម្រោង​អភិវឌ្ឍន៍ ដោយ​ផ្អែកលើ​អភិក្រម​សិទ្ធិមនុស្ស។

«ភាពជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​សង្គម​ស៊ីវិល ដើម្បី​ពង្រឹង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​សហគមន៏​ក្រីក្រ» ជា​ប្រធានបទ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​អបអរ​សិទ្ធិមនុស្ស នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ព្រឹក​ថ្ងៃទី១០ធ្នូ​នេះ។ នៅ​ឆ្នាំ២០១៣ វា​ជាការ​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី៦៥ ប៉ុន្តែ​ជា​លើក​ទី១ ដែល​រដ្ឋបាល​សាលា​រាជធានី ក្រោម​អណ​ត្តិ​របស់​លោ​ប៉ា សុជាតិ​វង្ស រៀបចំ​ទិវា​សិទ្ធិមនុស្ស​នេះ។

លោក​អភិបាល​សាលា​រាជធានី​បាន​អះអាងថា បើសិន​ជា​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​រួមគ្នា​ជាមួយ​រដ្ឋអំណាច​សាលា​រាជធានី​ភ្នំពេញ​បានល្អ​ប្រសើរ យើង​អាចពន្លឿន​ការអភិវឌ្ឍន៏​និង​កាត់បន្ថយ​ភាពក្រីក្រ​នៅតាម​សហគមន៍​នានា​បាន​កាន់តែ​លឿន។ លោកប៉ា សុជាតិ​វង្ស​បន្តថា រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​អោយ​សាងសង់​លំនៅ​ដា្ឋន​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ក្រីក្រ​នានា ដើម្បី​ធ្វើឱ្យ​ប្រជាជន​មាន​ភាពកក់ក្តៅ​និង​សុខដុម ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​អាណត្ត​ទី៥។

ប្រកប​ដោយ​«សុទិដ្ឋិនិយម»​ចំពោះ​អនាគត​ដ៏​ខ្លី​ខាងមុខ ក្នុងការ​កែប្រែ​សហគមន៍​ក្រីក្រ​នៅ​ក្រុងភ្នំពេញ ឱ្យទៅជា​សហគមន៍​ដែល​ជឿនលឿន លោក​អភិបាល​ថ្មី ដែល​បាន​ឡើងកាន់តំណែង​ចាប់ពី​ខែឧសភា​ជំនួស​លោក កែប ជុតិមា បាន​អំពាវ​នា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ប្រធាន​សហគមន៍​ទាំងអស់​ចាប់ផ្តើម​គិតគូរ​អំពី​សហគមន៍​របស់ខ្លួន។ លោក​អភិបាល​សង្កត់ធ្ងន់​ថា ការសហការ​គ្នា​នេះ​គឺ​ដើម្បី​លើកស្ទួយ«វប្បធម៌​ចែករំលែក» និង​ដើម្បី«កាត់បន្ថយ​គម្លាត»រវាង​សហគមន៍​ក្រីក្រ​និង​សហគមន៍​សម្បូរ​សប្បាយ​នៅក្នុង​រាជធានី​ភ្នំពេញ។

អ្នកតំណាង​ការិយាល័យ​ឧត្តម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ស្នើរ​ដល់​អាជ្ញាធរ​អោយ​យក​ប្រជាជន​ជា«ស្នូល»ក្នុង​គម្រោង​អភិវឌ្ឍ និង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​គម្រោង​អភិវឌ្ឍ ដោយ​ផ្អែក​លើ​អភិក្រម​សិទ្ធិមនុស្ស។ លោកស្រី Anne-Marie Dominique Parente ដែល​សង្ឃឹមថា រដ្ឋបាលខេត្ត​ក្រុងផ្សេងៗទៀត​យក​គំរូ​តាម«វប្បធម៌​ថ្មី»របស់​សាលា​រាជធានី​ភ្នំពេញ ក្នុងការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នេះ បាន​ថ្លែងថា ប្រជាជន​ក្រីក្រ​នៅ​ភ្នំពេញ ដែល​ក្នុងនោះ​មាន កុមារកំព្រា ស្ត្រី ជនពិការ និង​អ្នក​ដែល​ត្រូវគេ​បណ្តេញ​ចេញពី​ដីធ្លី គឺ​ងាយ​រងគ្រោះ​បំផុត  ហើយ​ថា ជា​ញឹកញាប់​ពួកគេ​មិនអាច​ទទួលបាន​ការបម្រើ​ពី​រដ្ឋអំណាច​ឡើយ។ នេះ​ជាហេតុ​ដែលនាំឱ្យ​ពួកគេ«បន្ត​ស្ថិតក្នុង​ភាពក្រីក្រ និង​ឈឺចាប់» នេះ​បើតាម​ការ​អត្ថាធិប្បាយ​របស់​តំណាង​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ