អានតួអត្ថបទ
កម្ពុជា

ក្រសួងព័ត៌មាន​ហាម​មិន​ឲ្យ​ផ្សាយបន្ត​វិទ្យុបរទេស​ជា​ខេមរភាសា​ក្នុង​អំឡុង​យុទ្ធនាការឃោសនា​បោះឆ្នោត

ក្រសួង​ព័ត៌មាន​​កម្ពុជា​បាន​ចេញ​បម្រាម​ដល់​​​គ្រប់​វិទ្យុ FM ក្នុងស្រុក​ទាំងអស់​ ឲ្យ​ផ្អាក​រាល់​ការ​ផ្សាយ​បន្ត​ពី​វិទ្យុបរទេស ​ដែល​ផ្សាយ​ជា​ខេមរភាសា​ទាំងអស់ ​នៅ​ក្នុង​ពេញ​មួយ​​អំឡុង​ពេល​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​៣១ថ្ងៃ ​ដែល​ចាប់ផ្តើម​បើក​ធ្វើ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​​ទី២៧ ​មិថុនា។

©Chea Bunthoeun
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ណែនាំ ចេញផ្សាយ​ជា​សាធារណៈ ​នៅថ្ងៃទី២៨ ​មិថុនា ​២០១៣ ប៉ុន្តែ ​ចុះហត្ថលេខា​តាំង​ពីថ្ងៃទី២៥ មិថុនា ២០១៣ ​ដោយ​លោក​អ៊ុក ប្រាថ្នា ក្នុងនាម​ជា​រដ្ឋមន្រ្តី​ស្តីទី ក្រសួង​ព័ត៌មាន​បាន​ទទួលស្គាល់​ថា "ប្រព័ន្ធផ្សព្វផ្សាយ​មាន​តួនាទី​ដ៏សំខាន់​ក្នុង​ការ​ចូលរួមចំណែក​ឲ្យ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ លើក​កម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ អំពី​ការ​បោះឆ្នោត"។

ក៏ប៉ុន្តែ នៅ​ក្នុង​ពេល​ជាមួយគ្នា ក្រសួង​ព័ត៌មាន​បាន​ចេញ​បម្រាម​ឲ្យ​គ្រប់ស្ថានីយ៍​វិទ្យុ FM ​ផ្អាក​ការផ្សាយ​បន្ត​ពី​វិទ្យុបរទេស​ផ្សាយ​ជា​ខេមរភាសា ហើយ​ការ​បម្រាម​នេះ​មាន​សុពលភាព ពេញ​មួយ​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត រយៈពេល ៣១ថ្ងៃ ដែល​ចាប់ផ្តើម​បើក​ធ្វើ ​កាលពីថ្ងៃព្រហស្បតិ៍ ២៧ មិថុនា​ម្សិលមិញ។

នៅ​ក្នុង​សេចក្តីណែនាំ ដែល​ចុះហត្ថលេខា​ ដោយ​លោក​អ៊ុក ប្រាថ្នា ក្នុងនាម​ជា​រដ្ឋមន្រ្តី​ស្តីទី ក្រសួង​ព័ត៌មាន ក៏បាន​ព្រមានផងដែរ​ថា​នឹង​​ "ចាត់វិធានការ​តាមផ្លូវច្បាប់" ចំពោះ​ស្ថានីយ៍វិទ្យុ FM ណា​ ដែល​នៅតែ​បន្ត​ការផ្សាយ​បន្ត​​វិទ្យុបរទេស ផ្សាយ​ជា​ខេមរភាសា រំលោភ​លើ​បម្រាម​នេះ។

គួរបញ្ជាក់ថា វិទ្យុបរទេស​ផ្សាយ​ជា​ខេមរភាសា ដែល​​មាន​ការ​​ផ្សាយ​បន្ត ដោយ​វិទ្យុ FM ជាដៃគូ​ក្នុង​ស្រុក រួមមាន​ជាអាទិ៍ វិទ្យុបារាំង​អន្តរជាតិ វិទ្យុ​អាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋ​អាមេរិក និង​វិទ្យុអូស្រ្តាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ