ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/11 12h00 GMT
កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​ចង់​ឲ្យ​វិទ្យុ ​VOA​ និង​អាស៊ី​សេរី​ បើក​ការិ​យាល័យ​នៅ​កម្ពុជា​ឡើង​វិញ​

media  
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ @RFI

រដ្ឋាភិបាល​កម្ពុជា​ កាលពី​ថ្ងៃ​​អង្គារ​​ម្សិល​មិញ ​បាន​បង្ហាញ​ជំហរ​ចង់​​ឲ្យ​វិទ្យុ​​បរទេស​ចំនួន​២ ​បើក​ការិ​យា​ល័យ​​របស់​​ពួកគេ​​នៅ​ប្រទេស​កម្ពុជា​ឡើង​វិញ​ បន្ទាប់ពី​វិទ្យុ​អាស៊ី​សេរី​ បាន​​បិទ​ការិ​យាល័យ​​របស់​ខ្លួន​​នៅ​កម្ពុជា​ មុន​​បោះ​ឆ្នោត​​ឆ្នាំ​២០១៨​។ ​ជំហរ​​នេះ​ បង្ហើប​​ឲ្យ​​ដឹង​​តាម​​រយៈ​​​រដ្ឋ​មន្ត្រី​ក្រសួង​​ព័ត៌​មាន​ លោក ​ខៀវ ​កាញារីទ្ធ​ នៅ​​ក្នុង​​ជំនួប​​ជាមួយ​ លោក ​William​ A.​ Heidt​ ឯក​អគ្គ​រដ្ឋ​ទូត​​អាមេរិក​​ប្រចាំ​​កម្ពុជា​ ​នៅ​ឯ​​​ក្រសួង​​ព័ត៌​មាន​​។​

«កម្ពុជា​ចង់​ឲ្យ​មាន​ការិយាល័យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ VOA និង​ការិយាល័យ​វិទ្យុ​អាស៊ីសេរី RFA នៅ​កម្ពុជា​ ដើម្បី​ងាយស្រួល​ប្រាស្រ័យ​ទាក់ទងការងារ​អ្វី​មួយ​»​។ នេះជាអ្វីដែលលោក ​រដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ប្រាប់លោក William A. Heidt ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Fresh News ។

កាលពីមុនបោះឆ្នោតខែកក្កដា​ឆ្នាំ២០១៨ ​ស្ថានីយ​វិទ្យុ​ក្នុងស្រុកជាង​ ៣០ ដែល​ជួលម៉ោងផ្សាយឲ្យវិទ្យុ​ RFA និង​ VOA ​ត្រូវ​បាន​បិទ​។ ប៉ុន្តែ​លោក ខៀវ កាញារីទ្ធ ថ្លែងថា​ ការដែលវិទ្យុបរទេសទាំងពីរនេះមិន​អាច​ផ្សាយ​លើ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​បាន ​ដោយសារ​ស្ថានីយវិទ្យុ​ក្នុង​ស្រុក​បំពាន​វិធាន​នៃ​ការជួល​ដោយ​មិន​គោរព​តាម​នីតិវិធី​ដែល​ក្រសួងបានកំណត់​។

យ៉ាងណាក៏ដោយ វិទ្យុ RFA ដែល​បាន​បិទការិយាល័យ​របស់ខ្លួននៅ​កម្ពុជា​ កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៧ បានលើកហេតុផល​ថា ​ខ្លួន​មិន​អាច​បន្ត​ប្រតិបត្តិការទៅមុខ​បាន​​ដោយ​សារ​តែមាន​ការបង្ក្រាប​​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ បន្ទាប់ពី​ការបិទ​វិទ្យុ​នេះ អ្នក​យក​ព័ត៌មាន​ ២ ​រូប​របស់​ RFA ​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ពី​បទ​ «​ប្រមូល​ព័ត៌មាន​ខុសច្បាប់​សម្រាប់​ប្រភព​បរទេស​» ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ដោះលែង​នៅ​ក្រៅ​ឃុំ បន្ទាប់ពី​ការបោះឆ្នោត​ជាតិ​ថ្ងៃទី​ ២៩ ខែ​កក្កដា​។

ទាក់ទងនឹងប្រព័ន្ធផ្សាយដែរ ក្នុងជំនួបជាមួយលោកស្រី រ៉ូណា ស្មីត ថ្ងៃទី ០៦ វិច្ឆិកានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​ប្រាប់អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សថា កម្ពុជា​មិន​មាន​ការ​រឹត​ត្បិត​សេរីភាព​សារព័ត៌មាន​តាម​អនឡាញនោះទេ។ ការថ្លែងរបស់លោក ខៀវ កាញារីទ្ធ គឺជាការឆ្លើយ​តប​ទៅ​នឹង​សំណួរបស់លោកស្រី រ៉ូណា ស្មីត ទាក់ទងនឹងប្រកាសអន្តរក្រសួង ស្តីពី ការគ្រប់គ្រង​ការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមនៅកម្ពុជា កាលពី​ខែ​ឧសភា ឆ្នាំ២០១៨ និងការមិនចេញអាជ្ញាប័ណ្ណដល់អ្នកកាសែតនៅកម្ពុជាជាដើម៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ