ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/06 12h00 GMT
កម្ពុជា

សកម្មជន​សិទ្ធិ​មនុស្ស​មួយ​ចំនួន រក្សាជំហរ​ហែក្បួន​ថ្ងៃ​១០ធ្នូ ទោះ​បី​សាលា​ក្រុង​ហាម​ឃាត់​

media អាជ្ញាធរក្រុងភ្នំពេញ បានហាមមិនឲ្យក្រុមអង្គការសង្គមស៊ីវិល (CHRAC) ជួបជុំគ្នានៅលើទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួប៦៨ឆ្នាំ

សកម្មជន​សិទ្ធិ​មនុស្ស​មួយ​ចំនួន អះអាង​ថា​អង្គការ និង​សមាគម​របស់​ពួក​គេ នៅ​តែ​រក្សាជំហរ​ដដែល ពោល​គឺ​ថ្ងៃ​សិទ្ធិ​មនុស្ស​១០​ធ្នូ​ស្អែក​នេះ នឹង​មាន​ការ​ហែក្បួន​ដូច​ការ​គ្រោង​ទុក​។ ជា​ការ​អះអាង​បន្ទាប់​ពី​សាលា​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ចេញ​សេច​ក្តី​ប្រកាស​មួយ​ដោយ មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ហែក្បួន​សិទ្ធិ​មនុស្ស​ទេ ក្រោម​ហេតុ​ផល​ប៉ះពាល់​សណ្តាប់​ធ្នាប់​។

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិប​តេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃ​ទី០៩ ខែ​ធ្នូ នេះ​ថា សមាគម​របស់​លោក​មិនមាន​ការ​ព្រួយបារម្ភ​អ្វី​ទេ​ចំពោះ​ការ​ហាមឃាត់​របស់​អាជ្ញាធរ​មិន​ឲ្យ​ហែក្បួន។ លោកបន្ថែមថា ដោយ​សារ​តែ​ថ្ងៃទី​១០ ខែ​ធ្នូ គឺ​ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ដែល​បង្ហាញ​ពី​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ អាជ្ញាធរ​នឹង​មិន​ធ្វើអ្វី​ផ្តេសផ្តាស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​មុខ​មាត់​របស់​ខ្លួន​ទេ​។​ លោក​អះអាង​ថា​សមាគម​រក្សា​ជំហរ​ដដែល​។

លោក ស ម៉ូរី អនុ​ប្រធាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា បាន​ឆ្លើយ​តប​នឹង​លិខិត​របស់​សាលា​ក្រុង​ភ្នំពេញ​ និង​ក្រសួង​មហា​ផ្ទៃ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា ក្រសួង​មហា​ផ្ទៃ​មិន​បាន​ផ្តល់​មូល​ហេតុ​ច្បាស់​លាស់​ទេ ចំពោះ​ការ​បដិសេធ​មិន​ឱ្យ​មាន​ការ​ដើរ​ក្បួន​ចេញ​ពី​សួន​ច្បារ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC ទៅ​ទីលាន​ប្រជាធិប​តេយ្យ។ សាលា​រាជធានី​នៅ​តែ​ប្រើ​ហេតុ​ផល​ដដែលៗ គឺ​ការ​កក​ស្ទះចរាចរ និង​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់ និង​សន្តិសុខ​សង្គម ដើម្បី​បដិសេធ​សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ និង​សម្តែង​មតិ​ដោយ​សន្តិវិធី​។

កាល​ពី​ថ្ងៃទី​០៨ ខែ​ធ្នូ សាលា​ក្រុង​ភ្នំ​ពេញ​បាន​ចេញ​លិខិត​មួយ​ជម្រាប​មក លោក ស ម៉ូរី អនុ​ប្រធាន​សមា​គម​បណ្តាញ​យុវជន​កម្ពុជា,​ លោក ទុយ ស៊ីធៀង អគ្គ​លេខាធិការ​សហព័ន្ធ​សហជីព​កម្មករ ចំណី​អាហារ និង​សេវា​កម្ម​កម្ពុជា, លោក វន់ ពៅ ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​លោក ថេង សា​វឿន ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា ដោយ​ពុំ​អនុញ្ញាត​ឲ្យ​មាន​ការ​ហែក្បួន​ក្នុង​ថ្ងៃ​សិទ្ធិ​មនុស្ស​ឡើយ​។

សាលា​ក្រុង​ភ្នំពេញ​បញ្ជាក់​តាម​លិខិត​របស់​ខ្លួន បន្ទាប់​ពី​មាន​ចំណារ​ពី​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃថា រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ជួប​ជុំ និង​រៀប​ចំ​ពិធី​អបអរ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ទីលាន​ប្រជាធិប​តេយ្យ ដោយ​ពុំ​មាន​ការ​ដង្ហែក្បួន​តាម​ផ្លូវ​សាធារណៈ​ឡើយ​។ សាលា​ក្រុង​ភ្នំពេញ បញ្ជាក់​ថា ក្នុង​ករណី​នៅ​តែ​ធ្វើ​ការ​ជួប​ជុំ​ខុស​ពី​តាំង ដែល​បាន​អនុញ្ញាត​ជូន ហើយ​មាន​ការ​ហែក្បួន​តាម​ផ្លូវ​សាធារណៈ ដែល​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិ​សុខ សុវត្ថិ​ភាព សណ្តាប់​ធ្នាប់ ​និង​របៀបរៀប​រយ​សាធារណៈ​នោះ អ្នក​រៀប​ចំ​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​។

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ អះអាង​ថា ការ​លើក​ឡើង​របស់​សាលា​ក្រុង​ភ្នំពេញ​ថា​ខូច​សណ្តាប់​ធ្នាប់​សាធារណៈ គឺ​ជា​ការ​លើក​ឡើង​ដដែលៗ នៅ​ពេល​សង្គម​ស៊ីវិល សហ​ជីព និង​សមាគម​ឯករាជ្យ​រៀបចំ​ធ្វើអ្វី​មួយ​នៅ​រាជធានី​ភ្នំពេញ។ លោក​បន្ថែម​ថា សាលា​ក្រុង​ភ្នំ​ពេញ​មិន​ដែល​មើល​ឃើញ​សកម្មភាព​ហែ​អ្នក​តានៅ​ទី​ក្រុង​ភ្នំពេញ​ថា​ធ្វើ​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​សាធារណៈ​ឡើយ​។

សូម​ជម្រាប​ជូន​ថា​តាម​លិខិត​ជូន​ដំណឹង​របស់​ក្រុម សង្គម​ស៊ីវិល សហជីព និង​សមាគម​ទៅ​កាន់​សាលា​ក្រុង​ភ្នំពេញ ការ​រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី៧០​ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ នា​ថ្ងៃ​ទី១០ ខែ​ធ្នូ នឹង​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​១ពាន់​នាក់ នៅ​សួន​ច្បារ​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC រួច​ដង្ហែ​ទៅ​ទីលាន​ប្រជាធិប​តេយ្យ៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ