អានតួអត្ថបទ
កម្ពុជា-នយោបាយ

នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​សរ​សើរ​ជប៉ុន​ ខណៈ​អតីត​បក្ស​ប្រឆាំង​​​ស្នើ​ជប៉ុន​ឈប់​​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ នៅថ្ងៃ​ចន្ទ​នេះ ​បាន​លើក​សរសើរ​​ប្រទេស​ជប៉ុន​មិន​ដាច់​ពី​មាត់ ​ដោយ​​សារ​តែ​​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​មួយ​នេះ ​បាន​ផ្តល់​​ជំនួយ​ច្រើន​ជាង​​គេ​ដល់​​ប្រទេស​​កម្ពុជា​ក្នុង​​ការ​​អភិវឌ្ឍ​​ដោយ​​​មិន​សូវបា​ន​ភ្ជាប់​នឹង​​លក្ខខណ្ឌ​​នយោបាយ​។ ​ការ​កោត​​សរសើរ​​ប្រទេស​​ជប៉ុន​​​នៅ​ពេល​នេះ ​​គឺ​ស្រប​ពេល​ដែល​​ក្រុម​អ្នក​គាំទ្រ​អតីត​គណ​បក្ស​ប្រឆាំង​បន្ត​ធ្វើ​បាតុកម្ម​​ស្នើ​ឲ្យ​​ជប៉ុន​​ដក​​ខ្លួន​ថយពី​ការ​​បោះឆ្នោត​​នៅ​កម្ពុជា​។

លោក ហ៊ុន សែន និង​តំណាងទូតជប៉ុន​ពេល​សម្ពោធ​កំពង់ផែ​
លោក ហ៊ុន សែន និង​តំណាងទូតជប៉ុន​ពេល​សម្ពោធ​កំពង់ផែ​ @FB/PM Hun Sen
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ពិធី​សម្ពោធ​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ ​ដែល​ជា​កម្ចី​​របស់​​ជប៉ុន​​ តម្លៃ​​​ប្រមាណ​​៧៤​លាន​​ដុល្លារ ​លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​បាន​ថ្លែង​ថា ​មក​ដល់​ពេល​បច្ចុប្បន្ន កម្ពុជា​បាន​ប្រើប្រាស់​ហិរញ្ញប្បទាន​ ឬ​ប្រាក់​កម្ចី​របស់​ជប៉ុន​អស់​ជាង​៣០០​លាន​ដុល្លារ​ហើយ ​សម្រាប់​អភិវឌ្ឍន៍​កំពង់​ផែ​ក្រុង​ព្រះសីហនុ ​តាំងពី​ក្រោយ​ឆ្នាំ​១៩៩៨​មក​។ ​លើសពី​នេះ​​ទៀត​​ លោក ​ហ៊ុន សែន ​ក៏បាន​ជូនពរ​ឲ្យ​កីឡាករ​​ជប៉ុន​អាច​ឆ្លង​ចូល​ទៅ​វគ្គ​១៦​ក្រុម​នៅ ​ក្នុង​ការ​ប្រកួត​បាល់ទាល់​ពិភព​លោក ​World​ Cup​​ ក្នុង​​ប្រទេស​រុស្ស៊ី ​ដោយ​ចាត់ទុក​ថា​ ប្រសិន​ជា​ជប៉ុន​ឈ្នះ​នោះ ​គឺ​ជា​​មោទនភាព​របស់​អាស៊ី​ទាំងមូល មិនមែន​ជា​មោទនភាព​តែ​ជប៉ុន​ម្នាក់​ឯង​ប៉ុណ្ណោះ​ទេ​។

ក្រៅ​ពី​សរសើរ​រឿង​​ជប៉ុន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ដោយ​​មិន​សូវ​ភ្ជាប់​​នឹង​​លក្ខខណ្ឌ​នយោបាយ​​នោះ ​លោក ​ហ៊ុន សែន ​បាន​ឆ្លៀត​វាយ​​បក​ជា​ថ្មី​ទៀត​ ទៅ​លើ​សហរដ្ឋ​អាមេរិក​ ​ដែល​ជា​សម្ព័ន្ធ​​មិត្ត​ចាក់​ទឹក​​មិន​លិច​​របស់​ជប៉ុន​។ ​នោះ​គឺ​ករណី​ ដែល​អាមេរិក​តម្រូវ​ឲ្យ​​កម្ពុជា​សង​​បំណុល​​ ដែល​​រដ្ឋាភិបាល ​​លន់ នល់ ​បាន​ជំពាក់​​កាលពី​សម័យ​​សាធារណៈ​រដ្ឋ​​ខ្មែរ​​។ ​ជា​បំណុល​​កខ្វក់​​ដែល​​លោក ​ហ៊ុន សែន ​ចាត់ទុក​ថា​​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​​កម្ពុជា​​ទិញ​​គ្រាប់​បែក​មក​ទម្លាក់​លើ​ទឹក​ដី​ខ្មែរ​​ហើយ​ទាម​ទារ​កម្ពុជា​ឲ្យ​សង​បន្ថែម​ទៀត​។​បើតាម លោក​នាយក​រដ្ឋមន្ត្រី អាមេរិក​គួរតែ​បង្វែ​បំណុល​ទាំងនេះ​ទៅជា​ជំនួយ​អភិវឌ្ឍ​វិញ​។

គួរ​កត់​សំគាល់​ថា ​ការ​ដែល​លោក​ប្រមុខ​រដ្ឋា​ភិបាល​​ខ្មែរ​ ​សរសើរ​​ជប៉ុន​​មិន​ដាច់​​ពី​មាត់​​នៅពេល​​នេះ ​គឺ​ស្រប​ពេល​​ក្រុម​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្រ្កោះជាតិ​ ​បាន​ធ្វើ​​បាតុកម្ម​​ចំនួន​​៥​លើក​​មក​ហើយ ​​​រាប់ទាំង​នៅលើ​​ទឹក​ដី​ជប៉ុន​ផ្ទាល់ ​ដោយ​​សុំ​​ឲ្យ​​ប្រទេស​កាន់​លទ្ធិ​​ប្រជាធិបតេយ្យ​មួយនេះ​ ផ្តាច់​ជំនួយ​ដល់​​ការ​​បោះឆ្នោត​​​នៅ​កម្ពុជា​។​

​លើស​ពី​នោះ​ ពួកគេ​ក៏​​ស្នើ​ដល់​សហគមន៍​ជាតិ​កុំ​ទទួល​ស្គាល់​ការ​​បោះឆ្នោត​​នៅ​កម្ពុជា​​ថ្ងៃ​២៩​កក្កដា​ ដែល​គ្មាន​​វត្តមាន​​អតីត​​បក្ស​​ប្រឆាំង​ធំ​មួយ​នេះ​ចូលរួម​។ ​ប៉ុន្តែ​​មក​ដល់​​ពេល​នេះ ប្រទេស​​ជប៉ុន​នៅ​មិន​​ទាន់​បញ្ជាក់​​ជំហរ​​របស់​​ខ្លួន​ថា​យ៉ាងណា​នៅ​ឡើយ ខណៈ​កាល​ពី​ថ្ងៃ​អាទិត្យ​ ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​​ត្បូង​​ជា​ច្រើន​​នាក់​ ​បាន​ធ្វើ​​បាតុកម្ម ​និង​​ដាក់​ញត្តិ​ជាថ្មី​ទៀត​ ឲ្យ​ប្រទេស​នេះ​ឈប់​គាំទ្រ​​ដំណើរ​​ការ​​បោះឆ្នោត​​នៅ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ