អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន វាយ​ប្រហារ​បក្ស​ប្រឆាំង​ពេញ​មួយថ្ងៃ!

ពេញ​មួយ​ថ្ងៃ​នេះ​ លោក​នាយករដ្ឋមន្ត្រី​ បាន​ថ្លែង​សន្ទរកថា​ពីរ​កន្លែង​ផ្សេងគ្នា​ តែ​ខ្លឹមសារ​គឺ​នៅតែ​បន្ត​វាយ​ប្រហារ​និង​ទម្លាយ​រឿង​សម្ងាត់​ជា​ច្រើន​ពាក់​ ព័ន្ធ​នឹង​បក្ស​ប្រឆាំង​។ ​នៅពេល​ព្រឹក លោក ហ៊ុន សែន បាន​ប្រកាស​ទទួល​ស្គាល់​សារ​សំឡេង​របស់​ខ្លួន​ និយាយ​គ្នា​ជាមួយ​នឹង​លោក កឹម សុខា ថា​ជា​ការ​ពិត។ ចំណែក​នៅ​ពេល​ថ្ងៃរសៀល​នេះ​ លោក​ប្រមុខ​រដ្ឋា​ភិ​បាល ​ប្រកាស​ថា​មាន​អ្នក​រាយការណ៍​ឲ្យ​រូប​លោកពី​ផ្ទៃ​ក្នុង​របស់​​បក្ស​ប្រឆាំង ​។ ហើយ​សន្ទរកថា​ទាំង​ព្រឹក​ទាំង​ថ្ងៃ គឺ​សន្ធាប់​វាយ​ប្រហារ​ចំពោះ​លោក សម រង្ស៊ី។

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នា​ឱកាសអញ្ជើញសម្ពោធបើកការដ្ឋាន និងសម្ពោធផ្លូវក្រវាត់ក្រុង នៅថ្ងៃទី ០៦​ មីនា ឆ្នាំ ២០១៧។
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នា​ឱកាសអញ្ជើញសម្ពោធបើកការដ្ឋាន និងសម្ពោធផ្លូវក្រវាត់ក្រុង នៅថ្ងៃទី ០៦​ មីនា ឆ្នាំ ២០១៧។ @Hun Sen Prime Minister/ FB
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាលា​ឯកជន​មួយ នៅ​សាល​មហោស្រព​កោះ​ពេជ្រ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាស​ថា​ ផែនការ​រៀប​ចំ​ឲ្យ​លោក កឹម សុខា ឡើង​កាន់​តំណែង​ប្រធាន​បក្ស គឺ​ជា​ផែនការ​របស់​ខ្លួន​។

លោក ហ៊ុន សែន ថែម​ទាំង​បាន​ទម្លាយ​រឿង​ទៀត​ថា មន្ត្រី​បក្ស​ប្រឆាំងម្នាក់ គឺ​ លោក ម៉ៅ មុនីវណ្ណ គឺជា​អ្នក​រាយការណ៍​ឲ្យ​ខ្លួន ពី​ព័ត៌មានផ្ទៃក្នុង​មួយ​ចំនួន ហើយពី​ការណ៍​ដែល​លោក កឹម សុខា មាន​ចិត្ត​ចង់​សុំ​ជួប​រូប​លោក។ ជុំវិញ​រឿង​នេះ​ លោក ហ៊ុន សែន ព្រមាន​សង្កត់​ទៀតថា ប្រសិន​បើ​លោក ម៉ៅ មុនីវណ្ណ ហ៊ាន​ចេញ​មក​បដិសេធ លោក​នឹង​ទម្លាយ​សារ​ឆ្លើយ​ឆ្លងទាំង​អស់​តែ​ម្តង​។

ថ្លែង​ដោយ​កំហឹង​ផង លោក​នាយករដ្ឋមន្ត្រី បាន​បន្ត​លើកឡើង​ម្តង​ជា​ពីរ​ដង​ដោយ​សម្តី​ម៉ឺង​ម៉ាត់​ ទាក់ទិន​ករណី​លោក សម រង្ស៊ី ថា​រូប​លោក​មិន​អាច​អនុគ្រោះ​ឲ្យ​ជា​ដាច់​ខាត ចំពោះ​ការ​ប្រមាថ​របស់​អតីត​បក្ស​ប្រឆាំង​ទៅ​លើ​ប្រពន្ធ​និង​កូន​របស់​លោក​នាយករដ្ឋមន្ត្រី​ថា មាន​ពាក់ព័ន្ធ​សាច់​ឈាម​ជាមួយ​នឹង​មេដឹកនាំ​បរទេស​។​​

ទន្ទឹម​នេះ លោក ហ៊ុន សែន ក៏​បាន​រម្លឹក​រឿង​គំនុំ​ចាស់​ជា​ច្រើន ដូចជា លោក សម រង្ស៊ី ធ្លាប់​ថា​ឲ្យ​រូប​លោក​ជា​ចោរ​លក់​ជាតិ​ខ្លាំង​ជាង​គេ​ជាដើម។ ចំពោះលោក ហ៊ុន សែន សម្តី​ដូច្នេះ គឺ​មិន​សម​ជា​អ្នក​នយោបាយ​ដែល​មាន​សីលធម៌​នោះ​ទេ។

លើស​ពី​នេះ លោកប្រធាន​បក្ស​កាន់​អំណា​ច បន្ត​រម្លឹក​ដៀមដាម​ថា ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពីគល់ ដែល​ចង់​សំដៅ​ការ​ចោទប្រកាន់​លោក សម សារី ថា​ជា​ជន​ក្បត់​ជាតិ។​ ដូច្នេះ​លោក សម រង្សី វិញ កូន​និងឪពុក គឺ​មិនខុស​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​នោះឡើយ។

ចំណែក​នៅ​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់ ផ្លូវ​ក្រវាត់​ក្រុង​កាល​ពី​ពេល​ព្រឹក លោក​ប្រមុខ ររដ្ឋា​ភិបាល បាន​ប្រកាស​ទទួល​ស្គាល់​សារ​សំឡេង​ដែល​បែក​ធ្លាយ​តាម​បណ្តាញ​សង្គម​ ថា​ពិត​ជា​ការ​សន្ទនា​រ​វាង​រូប​លោក និង​លោក កឹម សុខា ពិត​ប្រាកដ​មែន​។ លោក ហ៊ុន សែន ថែម​ទាំង​ចំអក​ថា ពី​មុន​មក​លោក កឹម សុខា តែង​តែ​ហៅ​រូបលោក ហ៊ុន សែន ​ថា ជា​អាយ៉ង តែ​ទីបំផុត​ លោក ហ៊ុន សែន ចោទ​សួរ​ទៅ​វិញ​ថា តើ​នរណា​ជា​អាយ៉ង​របស់​នរណា?

ក្រៅ​ពី​នេះ លោក​នាយករដ្ឋមន្រ្តី ក៏​បាន​ថ្លែង​គំរាម​ដល់​ប្រធាន​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ ថា​បើ​ក្នុង​នាម​ជា​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ គឺ​ត្រូវ​ឲ្យ​ច្បាស់​ជា​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ កុំវិភាគ និង​​លូក​លាន់​ក្នុង​រឿង​នយោបាយ​។ លោក​ ហ៊ុន សែន ដាស់​តឿន​ថា ប្រសិន​បើ​ធ្វើឲ្យ​ប៉ះ​ពាល់​​ដល់​សិទ្ធិ​របស់​អ្នក​ដទៃ អាច​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់។ ផ្លូវ​ច្បាប់​ដែល​លោក ហ៊ុន សែន ចង់​សំដៅ​ដល់ ទំនង​ជា​ ពន្ធនាគារ ​ផង​ក៏​មិន​ដឹង​។

ចំណែក​ជុំវិញ​ការ​ឃោសនា​នយោបាយ​វិញ លោក​នាយករដ្ឋមន្ត្រី បាន​ប្រកាស​ដាច់​ណាត់​តែ​ម្តង​ថា បើ​អ្នក​នយោបាយ​មក​ពីគណ​បក្ស​ណា​ក៏​ដោយ ឲ្យ​តែ​ហ៊ាន​ឃោសនា​ប្រកាស​ថា​បើ​ខ្លួន​ឈ្នះ​ឆ្នោត លុប​បំណុល​ នោះគឺត្រូវ​វាយ​ឃ្នោះ​នៅ​នឹង​កន្លែង​តែ​ម្តង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ