អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ ហ៊ុន​ សែន ​ថា​ជប៉ុន​គឺ​ជា​គំរូ​ខាង​លទ្ធិ​ប្រជា​ធិប​តេយ្យ​សម្រាប់​កម្ពុជា​

លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​ចាត់​ទុក​ជប៉ុន​ ជា​ប្រទេស​គំរូ​នៅ​ក្នុង​ការ​អនុវត្ត​​លទ្ធិ​ប្រជា​ធិប​តេយ្យ ​និង​ការ​អភិវឌ្ឍ​ប្រទេស​។​ នេះ​គឺ​ជា​ការ​លើក​ឡើង​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​កាសែត​ក្យូដូ​ ជប៉ុន​ កាល​ពី​ថ្ងៃ​សុក្រ ​មុន​ពេល​ដែល​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ ទៅ​ដល់​ប្រទេស​ជប៉ុន​​ដើម្បី​ចូល​​រួម​​កិច្ច​​ប្រជុំ​កំពូល​​មេគង្គ​-ជប៉ុន​ លើក​ទី​១០​ នៅ​​ទី​ក្រុង​​តូក្យូ​​។

នាយករដ្ឋមន្រ្តី​កម្ពុជា និង​ស្រ្តីជាអភិបាល​ក្រុង​យូកូហាម៉ា
នាយករដ្ឋមន្រ្តី​កម្ពុជា និង​ស្រ្តីជាអភិបាល​ក្រុង​យូកូហាម៉ា @FB/PM Hun Sen
ផ្សាយពាណិជ្ជកម្ម

ការ​​ដែល​​លោក​ ហ៊ុន​ សែន​ ថា​ប្រទេស​ជប៉ុន​គឺ​ជា​គំរូ​ខាង​​លទ្ធិ​​ប្រជា​ធិប​តេយ្យ​សម្រាប់​​កម្ពុជាអនុវត្ត​តាម​ គឺ​ជា​ការ​​ឆ្លើយ​តប​​​នឹង​​សំណួរ​​​ដែល​ថា ​តើ​រដ្ឋាភិបាល​កម្ពុជា​នឹង​​ដឹក​នាំ​​ប្រទេស​តាម​របៀប​ណា​ក្រោយ​​កា​រ​​បោះ​ឆ្នោត​ដែល​​គណ​បក្ស​​កាន់​​អំណាច​​​របស់​​លោក​​ឈ្នះ​បាន​អាសនៈទាំង​អស់​នៃ​រដ្ឋសភា​។​ ជា​ការ​បោះឆ្នោត​ដែល​គ្មាន​គណ​បក្ស​ប្រឆាំង​អាច​ចូល​រួម​បាន​ ហើយ​​រង​ការ​រិះ​គន់​​ពី​​​ប្រទេស​កាន់​​លទ្ធិ​​ប្រជា​ធិប​តេយ្យ​​ដូចជា​ សហរដ្ឋ​អាមេរិក​ និង​​សហភាព​អឺរ៉ុប​ ជាដើម​។​

យ៉ាង​ណាក៏​ដោយ​នៅក្នុង​បទ​សម្ភាស​ជា​មួយ​កាសែត​ក្យូដូ ​ជប៉ុន​ លោក​ ហ៊ុន​ សែន​ បានអះអាង​ថា​ "​ខ្ញុំតែង​តែសម្លឹង​មើល​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​នៅក្នុង​តំបន់​និង​នៅជុំវិញ​ពិភពលោក​។​ដូច្នេះខ្ញុំ​អាច​រៀន​ពី​ទិដ្ឋភាព​នយោបាយ​និង​សេដ្ឋកិច្ច​។ ​ជាពិសេស​ប្រទេស​ជប៉ុន​រក្សាបាន​នូវ​សេដ្ឋកិច្ច​រឹងមាំ​និង​ស្ថេរភាព​នយោបាយ​និង​ជា​គំរូ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​ "​។​

ក្រៅពី​កោត​សរសើរ​ប្រទេស​ជប៉ុន​ ដែល​ផ្ដល់​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ លោក​ ហ៊ុន សែន​ បាន​ប្រាប់​កាសែត​ក្យូដូ​ទៀត​ថា​ លោក​មាន​បំណង​ជំរុញ​ទំនាក់​ទំនង​កម្ពុជា-ជប៉ុន​​ឲ្យទៅ​ដល់​ភាព​ជា​ដៃគូ​កិច្ច​សហប្រតិ​បត្តិការ​ជា​យុទ្ធ​សាស្ត្រ ​គ្រប់​ជ្រុង​ជ្រោយ​។ ​ប្រសិន​បើ​បែប​នោះមែន​ ប្រទេស​ជប៉ុន​នឹង​ក្លាយ​ជា​ប្រទេសទីពីរ​ដែល​ក្លាយ​ជាដៃ​គូ​​យុទ្ធសាស្ត្រ​គ្រប់​​ជ្រុង​ជ្រោយជា​មួយ​ប្រទេស​កម្ពុជា​បន្ទាប់​ពី​ប្រទេស​ចិន​។​

សូម​រំឮក​ថា ​ប្រទេស​ជប៉ុន​បាន​ស្ថិត​​នៅ​ចំណុច​មួយ​​ដែល​​គេ​មើល​ឃើញ​​ថា​​ជា​ការ​​ប្រទាញ​​​​ប្រទង់​​គ្នា​​រវាង​​អតីត​​គណ​បក្ស​ប្រឆាំង​ និង​គណ​បក្ស​កាន់​អំណាច​របស់​​កម្ពុជា​។​

មុន​បោះ​ឆ្នោត មេដឹក​នាំ​អតីត​បក្ស​ស​​ង្រ្គោះ​ជាតិ​​បាន​​រក​​អន្តរាគមន៍​ពី​​មេដឹក​នាំ​​ប្រទេស​​ជប៉ុន​​​ដើម្បី​​​ជំរុញ​​ឲ្យ​​​កម្ពុជា​​​អនុញ្ញាត​​​ឲ្យ​​គណ​​បក្ស​​ប្រឆាំង​​ធំ​​បាន​ចូល​​រួម​​បោះ​​ឆ្នោត​​ ប៉ុន្តែ​​​​ខាង​​រដ្ឋាភិបាល​កម្ពុជា​​បានអះ​អាង​​ប្រាប់​​ជប៉ុន​ថា ​ការ​​រំលាយ​​គណ​បក្ស​ប្រឆាំង​នេះ​គឺ​ជា​ការ​អនុវត្តន៍​ច្បាប់​​របស់​​កម្ពុជា​។​

​នៅទី​បំផុត​គណ​បក្ស​កាន់​អំណាច​របស់​​ជប៉ុន​បាន​ចេញ​មុខ​​អប​អរ​ការ​​ឈ្នះ​​ឆ្នោត​​របស់​​គណបក្ស​​ប្រជា​ជន​​កម្ពុជា​ ប៉ុន្តែ​រដ្ឋាភិបាល​របស់​​ជប៉ុន​បាន​​និយាយ​​ថា​ខ្លួន​​​មិន​​​ពេញ​​ចិត្ត​ ទៅ​​នឹង​​លទ្ធផល​​បោះ​ឆ្នោត​​នៅកម្ពុជា​នេះ​​ទេ​។​ នេះ​គឺ​ដូច​គ្នា​នឹង​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​អញ្ចឹង​ដែរ​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ