អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

លោក ​ហ៊ុន​ សែន​ ថា​ការ​ដែល​បរទេស​ឈប់​ផ្តល់​ជំនួយ​ដោយសារ​តែ​កម្ពុជា​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន​ សែន​ បាន​ប្រាប់​ឲ្យ​ក្រសួង​អប់រំ​ និង​ក្រសួង​សង្គមកិច្ច​ត្រៀម​ខ្លួន​ទទួល​យក​សា​លា​គ-ថ្លង់​មក​គ្រប់​គ្រង​វិញ​នៅ​ឆ្នាំ​២០១៩​ ដោយសារ​តែ​បរទេស​នឹង​ឈប់​ផ្តល់​ជំនួយ​ ខណៈ​លោក​អះអាង​ថា​មក​ពី​កម្ពុជា​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ហើយ​។​ ការ​លើក​ឡើង​របស់​លោក​ ហ៊ុន​ សែន​ គឺ​នៅ​ក្នុង​ពេល​ដែល​លោក​រៀប​ចំអាហារ​ជូន​កុមារ​ពិការ​គ-ថ្លង់​ និង​កុមារ​កំព្រា​សរុប​ ៨៧៨​នាក់​ មក​ពី​សាលា​គ្រួសារ​ថ្មី ​និង​មណ្ឌល​កុមារ​កំព្រា​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​អាទិត្យ​នេះ​។

លោក ហ៊ុន សែន នៅពេលរៀបចំអាហារជូនកុមារពិការគ-ថ្លង់ និងកុមារកំព្រា
លោក ហ៊ុន សែន នៅពេលរៀបចំអាហារជូនកុមារពិការគ-ថ្លង់ និងកុមារកំព្រា @FB/Hun-Sen
ផ្សាយពាណិជ្ជកម្ម

លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​អះអាង​ថា ​ភាព​អនុគ្រោះ​ទាំង​ឡាយ​គឺ​ត្រូវ​បាន​ផ្តល់​ឲ្យ​តែ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍន៍​តិច​តួច​តែ​ប៉ុណ្ណោះ ​ប៉ុន្តែ​ពេល​ដែល​ប្រទេស​នោះ ​មាន​ការ​កើន​ឡើង​នៃ​សេដ្ឋកិច្ច​ នោះ​ម្ចាស់​ជំនួយ​នឹង​ដក​ថយ​ ដើម្បី​ផ្ទេរ​ជំនួយ​នោះ​ទៅ​កាន់​កន្លែង​ដែល​មាន​ការ​លំបាក​ជាង​ប្រទេស​កម្ពុជា​។ ​ផ្អែក​លើ​ហេតុ​ផល​នេះ ​លោក ​ហ៊ុន​ សែន​ បាន​ប្រាប់​ទៅ​ក្រសួង​អប់រំ​ និង​ក្រសួង​សង្គមកិច្ច​ ឲ្យ​ត្រៀម​ខ្លួន​ទទួល​យក​នូវបណ្តា​មជ្ឈមណ្ឌល​ទាំង​ឡាយ ​ដែល​ម្ចាស់​ជំនួយ​នឹង​ប្រគល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ជា​អ្នក​រ៉ាប់​រង​វិញ​។​ នេះ​ក៏​ជាមូល​ហេតុ​សំខាន់​មួយ​ដែល​លោក​ប្រមុខ​រដ្ឋាភិបាល​ អះអាងថា ​ក្រសួង​អប់រំ​ ក្រសួង​សុខាភិបាល ​និង​ក្រសួង​សង្គម​កិច្ច​ ទទួល​បាន​ថវិកា​ជាតិ​កើន​ឡើង​កាន់​តែ​ធំៗ​ទៅៗ​នោះដែរ​។

សូមបញ្ជាក់ថា ​អង្គការ​គ្រួសារថ្មី ​ឬ​សាលា​បង្រៀន​កុមារ​គ-ថ្លង់ ​ក្នុង​ខណ្ឌសែនសុខ​ ត្រូវ​បាន​បង្កើត​ឡើង​ចំនួន២៧​ឆ្នាំ​មក​ហើយ ​ដោយ​ជន​បរទេស​។

បើតាម​លោក​ ហ៊ុន​ សែន​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​ទៀតក៏​ត្រូវ​អស់​ជំនួយ​ផងដែរ ​គឺ​នៅក្រោម​ហេតុផល​ដែល​លោក​អះអាងថា​មក​ពី​ប្រទេស​កម្ពុជា​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ហើយ​។​ ប៉ុន្តែ​ទន្ទឹមគ្នានោះ​ លោក​បានលើក​ឡើង​ថា​ នៅ​ពេល​ប្រទេស​កម្ពុជា​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ហើយ ​ការ​ខ្ចី​លុយ​បរទេស​ក្នុង​លក្ខខណ្ឌ​ជាសម្បទាន​ក៏​ត្រូវ​ផុត​ដែរ​ មានន័យថា​ កម្ពុជា​ត្រូវ​ខ្ចីលុយ​បរទេស​ដែល​មាន​ការ​ប្រាក់​ទៅតាម​អត្រាទី​ផ្សារ​ពាណិជ្ជកម្ម​។

​គួរឲ្យដឹងដែរថា​ នៅ​ឆ្នាំ ២០១៩ ខាងមុខ រដ្ឋា​ភិបាល​កម្ពុជា គ្រោង​​ខ្ចីលុយ​ពី​ដៃ​គូ​អភិវឌ្ឍន៍​បរទេស ក្នុង​កម្រិត ១៤០០​លាន SDR ឬ ស្មើ​នឹង​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​។ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ ២០១៨ ​រដ្ឋាភិបាល​កម្ពុជា បាន​ជំពាក់​បំណុល​សាធារណៈ​ពី​បរទេស មាន​ទឹក​ប្រាក់​សរុប​ប្រមាណ ៦.៨​ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ស្ថាន​ភាព​បំណុល​កម្ពុជា ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៩ ដែល​​ត្រូវ​បាន​គណៈ​រដ្ឋ​មន្រ្តី​កម្ពុជា សម្រេច​អនុម័ត កាលពីថ្ងៃទី ២៦​ខែ​តុលា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ