នៅក្នុងពេលសំណេះសំណាលជាមួយ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាលកម្ពុជាត្រូវតែធានាឲ្យមន្ទីរពេទ្យគន្ធបុប្ផាបន្តរស់ តាមរយៈការបង្កើតមូលនិធិថ្មីនេះ ដើម្បីប្រមូលធនធាននានា សម្រាប់ជួយព្យាបាលកុមារ កម្ពុជាយ៉ាងច្រើនប្រចាំថ្ងៃ។ បើតាមលោកប្រមុខរដ្ឋាភិបាលខ្មែរ បើទោះជាអស់ពីលោក Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាក៏ដោយ ប៉ុន្តែមន្ទីរពេទ្យដែលព្យាបាលកុមារមិនគិតថ្លៃនេះមិនអាចដួលរំលំបានឡើយ។
សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា បានកកើតឡើងដោយសារតែ មានការបង្កើតមូលនិធិដំបូងនៅប្រទេសស្វីសតាំងពីឆ្នាំ១៩៩២ ដោយលោក Beat Richner។ លោកវេជ្ជបណ្ឌិត Richner ត្រូវបានរដ្ឋាភិបាលកម្ពុជាស្នើឲ្យលោកឲ្យមកគ្រប់គ្រងមន្ទីរពេទ្យកុមារគន្ធបុប្ផា តាំងពីពេលនោះមកបន្ទាប់ពីមន្ទីរពេទ្យមួយនេះត្រូវបានបំផ្លាញនៅក្នុងអំឡុងពេលមានសង្រ្គាម។
មានអាយុ២៥ឆ្នាំ មន្ទីរពេទ្យគន្ធបុប្ផាបានបើកទ្វារផ្តល់សេវាព្យាបាលកុមារមានជំងឺ និងស្រ្តីមានផ្ទៃពោះ សរុបជាង ១៦លានករណី ដោយចំណាយទឹកប្រាក់សរុប ៦៣២លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផា។
ប៉ុន្តែតាំងពី លោក Beat Richner ជាអ្នកលេងវីយូឡុងដ៏ល្បីដើម្បីស្វែងរកជំនួយជួយមន្ទីរពេទ្យមួយនេះ បានប្រកាសឈប់សម្រាកនោះ នាំឲ្យមន្ទីរពេទ្យគន្ធបុប្ផាបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហាខ្វះថវិកាសម្រាប់ដំណើរការព្យាបាលជំងឺដោយឥតគិតថ្លៃតទៅទៀត៕