អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ ហ៊ុន​ សែន​ ចេញ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ចិន​នៅ​ថ្ងៃ​ស្អែក​

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ចំនួន​៣ថ្ងៃ​ចាប់​ពី​ថ្ងៃអាទិត្យ​ស្អែកនេះ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​នៅលើ​ហ្វេស​ប៊ុក​របស់ ​លោក​នាយក​រដ្ឋមន្រ្តី​នៅ​ថ្ងៃសៅរ៍​នេះ​។​ តាម​គម្រោង​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន​ជាមួយ​សម​ភាគី​ចិន​។

លោក ហ៊ុន សែន និង លោក ស៊ី ជិនពីង
លោក ហ៊ុន សែន និង លោក ស៊ី ជិនពីង @RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ ​លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ មាន​គម្រោង​ពិភាក្សា​ការ​ងារ​ជាមួយ ​លោក​ប្រធានាធិបតី​ ស៊ី ​ជិនពីង​ នាយក​រដ្ឋមន្ត្រី លី ​ឃឺឈាង ​ប្រធាន​រដ្ឋសភា​ប្រជាជន​ចិន​ លី​ ជាំងស៊ូ ​និងលោក ​វ៉ាង ​យ៉ាង​ ប្រធាន​សភាពិគ្រោះ​យោបល់​ចិន​។​ លោក​ ហ៊ុន​ សែន ​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ថា ជា​ការ​ពង្រឹង​នូវ​ចំណង​មិត្តភាព ​និង​កិច្ចសហ​ប្រតិបត្តិការ ក្នុង​នាម​ជា​ប្រទេស​ដៃ​គូយុទ្ឋសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​។

បើ​តាម​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន​ សែន​ ភាគី​ទាំង​ពីរ​នឹង​បើក​កិច្ច​ពិភាក្សា​លើការ​ពង្រឹង​វិស័យសេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ផងដែរ​។ ​លើស​ពី​នេះទៀត​ក៏​មាន ​អនុស្សារណៈ​និង​កិច្ចព្រម​ព្រៀង​មួយ​ចំនួន​ត្រូវ​បាន​ពង្រាង​រួច​ហើយ ​សម្រាប់​ចុះ​ហត្ថលេខា​ជាមួយ​ភាគី​ចិន​។​ ចិន ដែល​លោក ​ហ៊ុន ​សែន ​ចាត់​ទុក​ថា ​មាន​ទំនាក់​ទំនង​ល្អ​ដូច​ជា​បង​ប្អូន​ និង​បាន​ជួយ​កម្ពុជា យ៉ាង​ច្រើន​ចាប់​តាំង​ពី​ជំនាន់​សម្តេច​ព្រះ​នរោត្តម​ សីហនុ ​មក​ទល់​សព្វ​ថ្ងៃ​នេះ​។​

ជា​ការ​កត់​សម្គាល់ លោក​នាយករដ្ឋ​មន្ដ្រី ​ហ៊ុន​ សែន​ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​​ទៅ​កាន់​ប្រទេសចិន​សរុប​គឺ​ចំនួន​៦​លើក​មក​ហើយ ​ចាប់​តាំង​ពីទស្សន​កិច្ច​លើក​ដំបូង​នៅ​ខែ​កុម្ភៈ ​ឆ្នាំ​១៩៩៩​។​ លើក​ទី​២ ​នៅ​ខែ​មេសា ​២០០៤ ​លើក​ទី​៣ នៅខែ​ធ្នូ ២០១០​ លើកទី​៤ នៅ​ខែមេសា ​២០១៣ លើក​ទី៥​ នៅខែ​ឧសភា ​ឆ្នាំ​២០១៧ ​និង​លើក​ទី​៦ នៅ​ខែ​មករា ឆ្នាំ​២០១៩​នេះ។​

​គួរ​រំឭក​ដែរ​ថា ចិន​បាន​ក្លាយជា​ប្រភព​ទេសចរណ៍ ដ៏​ធំជាងគេ​បង្អស់​របស់​កម្ពុជា ដែលមាន​អ្នកទេសចរ ១,៦លាន​នាក់ មក​កម្ពុជា នៅ​ឆ្នាំ២០១៨។ ប្រទេស​ចិន បានក្លាយ​ទៅជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា នៅ​ឆ្នាំ២០១៨ ក្រុមហ៊ុន​ចិន​បានដាក់​ទុនវិនិយោគ​នៅ​កម្ពុជា​សរុប​ជាង ២០ពាន់​លាន​ដុល្លារ ហើយ​ក្រុមហ៊ុន​ចិន ៧០ភាគរយ ជា​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់ និង​ស្បែកជើង។ ក្រុមហ៊ុន​ទាំងនេះ​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់សែន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ