អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

សហជីព៖ ដំណើរ​ចុះ​ជួប​កម្មករ​ញឹក​ញាប់​របស់​លោក ហ៊ុន សែន ជា​ការ​យក​ចិត្ត​ទុក​ដាក់មិន​ធ្លាប់​មាន

នៅ​ព្រឹក​ថ្ងៃ​ទី​១០​ខែ​កញ្ញា​នេះ លោក​នាកយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​ជួប​សំណេះ​សំណាល​ជា​មួយ​កម្មករ និង​ម្ចាស់​រោង​ចក្រ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ។ ទន្ទឹម​នឹង​នេះខាង​សហជីព​មើល​ឃើញ​ថា ដំណើរ​ចុះ​ជួប​កម្មករ​ញឹក​ញាប់​ពី​សំណាក់​លោក ហ៊ុន សែន ជា​កាយ​វិការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ផ្ទាល់​មិន​ធ្លាប់​មាន។

រូបថតៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ត្រូវ​បាន​ចោម​រោម​ដោយ​កម្មករ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ខែ​កញ្ញា​ឆ្នាំ​២០១៧​នេះ
រូបថតៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ត្រូវ​បាន​ចោម​រោម​ដោយ​កម្មករ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ខែ​កញ្ញា​ឆ្នាំ​២០១៧​នេះ @fb Samdech Hun Sen
ផ្សាយពាណិជ្ជកម្ម

ជំនួប​នៅ​ថ្ងៃ​អាទិត្យ​នេះ​រវាង​លោក ហ៊ុន សែន និង​កម្មករ​នេះ​ធ្វើ​ឡើង​ជា​លើក​ទី​៧ហើយ​ទាំង​នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ ក៏​ដូច​ជា​ចុះ​ទៅ​កាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំ​ពេញ សួន​ឧស្សាហកម្ម​វឌ្ឍនៈ​ទី២ និង​សួន​ឧស្សាហកម្ម​កាណា​ឌីយ៉ា ។

ក្នុង​ជំនួប​ជា​មួយ​កម្មករ​លោក​នាយករដ្ឋមន្ត្រី តែង​បាន​អំពាវនាវ​សុំ​ឲ្យ​កម្មករ និង​ប្រជា​ពលរដ្ឋ ចូល​រួម​ថែរក្សា សន្តិភាព និង​ការ​អភិវឌ្ឍ។ បន្ថែម​ពី​លើ​ការ​អំពាវនាវ​នេះ លោក ហ៊ុន សែន ក៏​បាន​ផ្ដល់​សេច​ក្ដី​សម្រេច​ភ្លាមៗ​ដល់​កម្មករ​រួម​មានៈ ការ​បញ្ចុះ​តម្លៃ​ទឹក​មកនៅ​ត្រឹម​៤៥០៛​ក្នុង​១​គីឡូ​វ៉ាត់​ម៉ោង។

ផ្តល់​របប​គាំពារ​សន្តិ​សុខ​សង្គម ដល់​កម្មករ​ចាប់​ពី​២០១៨ គឺ​មាន​ន័យ​ថា និយោជក នឹង​បង់​ថ្លៃ​របប​សន្តិ​សុខ​សង្គម ១០០% ជំនួស​កម្មករ កម្មការនី ។ ជាមួយ​គ្នា​កម្មករ​កម្មការ ក្នុង​វិស័យ​កាត់​ដេរ កម្មករ​សំណង់ និង​សណ្ឋាគារ ជាដើម គឺ​ទទួល​បាន​ការ​ពិនិត្យ​ព្យាបាល​ជំងឺ នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​តាម​រយៈ​មូល​និធិ​សម​ធម៌។

ចំណែក​ស្រ្តី​មាន​ផ្ទៃ​ពោះ​ក្រោយ​សំរាល​កូន គឺ​ទទួល​បាន​ការ​ឈប់​សម្រាក ៣​ខែ នឹង​ទទួល​​បាន​ប្រាក់​ឧបត្ថម​ពី​រាជរដ្ឋាភិបាល​៤០​ម៉ឺន​រៀល សម្រាល​បាន​កូន​ភ្លោះ​ទទួល​បានប្រាក់​៨០​ម៉ឺន​រៀល និង​អ្នក​សម្រាល​កូន​ភ្លោះ​៣​គឺ​ទទួល​បាន​១​លាន​២០​ម៉ឺន​រៀល​រួម​នឹងការ​ឧបត្ថម​ប្រាក់​ផ្ទាល់​ខ្លួន​បន្ថែម​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី។

បន្ថែម​ពី​លើ​នេះ កម្មករ​កម្មការនី​ទូ​ទាំង​ប្រទេស នឹង​ទទួល​បាន​សេវា​ជិះ​ឡាន​ក្រុង​សាធារ​ណៈ ដោយ​មិន​គិត​ថ្លៃ រយៈ​ពេល​២​ឆ្នាំ ។ ក៏​មាន​ដែរ​ការ​ផ្ដល់​ប្រាក់​សោធន​និវត្តន៍ដែល​នឹង​ទទួល​បាន​ចំនួន​៨០​ភាគ​រយ​នៃ​ប្រាក់​ខែ​ដែល​ខ្លួន​ធ្លាប់​ទទួល​នៅ​ពេល​ធ្វើ​ការ។

តាម​រយៈ​ការ​ផ្ដល់​ជូន​ សហជីព​បារម្ភ​ពី​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​ខ្លាច​មិន​ដូច​ការ​សន្យា។ មិន​ដូច​ការ​សន្យា​ព្រោះ​ថា នេះ​ជា​ពេល​វេលា​មួយ​គៀក​នឹង​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ២០១៨។ នេះ​បើតាម លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា។ លោក​បន្ថែម​ថា ប្រមុខ​រដ្ឋាភិបាល​គួរ​តែ​ងាក​មក​ជួប​កម្មករ​ដែល​រងគ្រោះ​និង​សហជីព​ឯករាជ្យ​ដើម្បី​ឲ្យ​ទទួល​បាន​ព័ត៌​មាន​កាន់​តែ​ច្រើន។

សូម​បញ្ជាក់​ជូន​ថា​ កម្ពុជា​មាន​រោងចក្រ​កាត់​ដេរ និង​សហគ្រាស​ផ្សេង​ទៀត​គឺ​មាន​ចំនួន ១១,១៦៨ ដោយ​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​១​លាន​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ