ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT

បញ្ហា​​ប្រាក់​ខែ​​ជា​​ប្រធាន​បទ​​ក្តៅ​​បំផុត​​មួយ​​សម្រាប់​​រដ្ឋាភិបាល​

បញ្ហា​​ប្រាក់​ខែ​​ជា​​ប្រធាន​បទ​​ក្តៅ​​បំផុត​​មួយ​​សម្រាប់​​រដ្ឋាភិបាល​
 
លោក ​អាត់ ​ធន់ ​និង ​សហជីព​ដទៃ​ទៀត​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​កម្មករ​១៧៧ ​ដុល្លា​ កាលពីថ្ងៃពុធ ទី ១៧ ខែកញ្ញា RFI/Siv Channa

ក្នុង​ចំណោម​​បញ្ហា​​ចម្រូង​ចម្រាស់​​ជា​ច្រើន​​ដែល​​ធ្វើ​​ឲ្យ​​ផ្ទុះ​​ការ​តវ៉ា​ បញ្ហា​​ប្រាក់​ខែ​​គឺ​ជា​​រឿង​​សំខាន់​ជាង​គេ​​មួយ​។ ​ការ​តវ៉ា​​បញ្ហា​​ប្រាក់​ខែ​​ដែល​​ផុល​ផុស​​ជាង​គេ​​កំពុង​​កើត​មាន​​នៅ​ក្នុង​​វិស័យ​​កាត់​ដេរ​ និង​​ក្នុង​ចំណោម​​គ្រូ​បង្រៀន​​ខ្លះ​ ប៉ុន្តែ ​មន្ត្រី​រាជ​ការ​​មិន​ទាន់​​ហ៊ាន​​ចេញ​មុខ​​តវ៉ា​​នៅ​ឡើយ​​ទេ​។

​យ៉ាង​ណា​ក៏​ដោយ​ នៅ​ក្នុង​​សម័យ​កាល​​សេដ្ឋកិច្ច​​ទីផ្សារ​សេរី​​និង​​សម្ភារៈ​​និយម​​ដូច​​បច្ចុប្បន្ន​​ដែល​​ការ​ចំណាយ​​ប្រចាំ​ថ្ងៃ​​កាន់​តែ​​ខ្ពស់​​ឡើង​ជា​​លំដាប់​​នោះ ​បញ្ហា​​ប្រាក់​ខែ​​គឺ​ជា​​ប្រធាន​បទ​​ក្តៅ​​បំផុត​​មួយ​​សម្រាប់​​រដ្ឋាភិបាល​​ដែល​​ត្រូវ​​ពុះ​ពារ​​ដោះ​ស្រាយ​។​

រហូតមកដល់​ពេលនេះ សកម្មភាព​តវ៉ា​រឿង​ប្រាក់ខែ​ដែល​កើតឡើង​ខ្លាំងជាងគេ​មានតែ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង​តែប៉ុណ្ណោះ។ ប៉ុន្តែ តាមពិតទៅ​បុគ្គលិក កម្មករ គ្រប់​វិស័យ រាប់ទាំង​មន្ត្រីរាជការ​និង​គ្រូបង្រៀន​ផង​ក៏​សុទ្ធតែ​ត្រូវការ​ប្រាក់ខែ​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ដូចគ្នា​ដែរ។

អំណឹះតទៅ បញ្ហា​ប្រាក់ខែ​នឹង​ឡើងក​ម្តៅ​ពីព្រោះ​គ្រួសារនីមួយៗត្រូវ​ការចំណាយ​កាន់តែច្រើន​ទៅលើ​ជីវភាព​ប្រចាំថ្ងៃ ទៅលើ​ការសិក្សា​របស់​កូន ទៅលើ​សេវា​សុខាភិបាល និង​ការចំណាយ​សម្រាប់​ទំនាក់​ទំនង​សង្គម​ដូចជា​ពិធីបុណ្យ​និង​ចងដៃ​អាពាហ៍ពិពាហ៍​ជាដើម។ ក្នុង​បរិបទ​នេះ​អ្នក​ដែលមាន​ប្រាក់ខែ​តិចតួច​ប្រាកដជា​មិនអាច​ទប់ទល់​បានឡើយ។

ជាការ​ពិត បើ​និយាយ​ពី​ស្ថានភាព​សេដ្ឋកិច្ចជាតិ ប្រទេស​ក្រីក្រ​ដូច​កម្ពុជា​គ្មាន​លទ្ធភាព​ផ្តល់​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ឲ្យ​បាន​សម​តាម​សេចក្តីត្រូវការ​ជាក់ស្តែង​ឡើយ។ ប៉ុន្តែ បញ្ហា​ដោយឡែក​របស់​កម្ពុជា​គឺ​នៅត្រង់ថា មន្ត្រីរាជការ​មាន​ប្រាក់ខែ​តិចតួច​ពេក ខណៈដែល​ជីវភាព​របស់​មន្ត្រី​រដ្ឋា​ភិ​បាល​និង​មន្ត្រី​អាជ្ញាធរ​នានា មាន​ភាព​ស្តុក​ស្ត​ម​យ៉ាងខ្លាំង ដែល​មិន​ឆ្លុះបញ្ចាំង​ពី​សេដ្ឋកិច្ចជាតិ​ទាល់តែសោះ។

នៅ​កម្ពុជា មានតែ​មន្ត្រីរាជការ​តូចតាច​ប៉ុណ្ណោះ​ដែល​និយាយ​អំពី​ប្រាក់ខែ។ ដោយឡែក​មន្ត្រី​មានបុណ្យ​ស័ក្តិ​និង​មុខតំណែងសំខាន់ៗមិនដែល​គិតគូរ​ពី​បញ្ហា​ប្រាក់ខែ​ទេ​ពោលគឺ​ពួកគេ​និយាយ​តែ​អំពី​ប្រាក់​ដែល​រកបាន​ពី​ការងារ​និង​ពី​តួនាទី​របស់ខ្លួន​តែប៉ុណ្ណោះ។ ជាក់ស្តែង​នៅពេល​ជួប​មុខ​គ្នា ពួកគេ​មិនដែល​សួរ​ទៅកាន់​មិត្ត​ភ័ក្តិ​ឬ​បងប្អូន​អំពី​ប្រាក់ខែ​ទេ ប៉ុន្តែ គេ​ច្រើនតែ​សួរថា តើ​ការងារ​នោះ«រកបាន»ដែរឬទេ?

ហេតុដូច្នេះ​ហើយ​បានជា​មន្ត្រី​អ្នកមាន​បុណ្យស័ក្តិ តួនាទី គ្រប់លំដាប់​ថ្នាក់​មិនដែល​នាំគ្នា​លើកយក​បញ្ហា​ប្រាក់ខែ​មក​និយាយ​ឡើយ។ ចំណែក​មន្ត្រីរាជការ​តូចតាច​ក៏​មិនសូវ​ហ៊ាន​តវ៉ា​រឿង​ប្រាក់ខែ​ដែរ​បើទោះបីជា​ពួកគេ​ខ្វះខាត​ជីវភាព​យ៉ាងខ្លាំង​ក៏ដោយ។ មិនសូវ​ហ៊ាន​ពី​ព្រោះតែ​ពួកគេ​ខ្លាច​បាត់បង់​ការងារ។ អវត្តមាន​សហជីព​ក្នុងចំណោម​មន្ត្រីរាជការ​ក៏​ជា​មូលហេតុ​មួយទៀត​ដែល​ធ្វើ​ឲ្យ​បញ្ហា​ប្រាក់ខែ​ក្លាយជា​ប្រធានបទ​ដែល​មិនសូវ​គេ​លើក​មក​ជជែក​តវ៉ា​ជា​សាធារណៈ។ ប៉ុន្តែ ការ​រអ៊ូរទាំ​និង​ការតវ៉ា​ក្នុង​ចិត្ត​ច្បាស់​ជា​កើតមាន​ដោយ​ចៀស​មិន​ផុត។

ប៉ុន្តែ អំណឹះតទៅ បញ្ហា​ប្រាក់ខែ​ច្បាស់​ជា​ឡើងក​ម្តៅ​ក្នុង​គ្រប់​វិស័យ​ពីព្រោះថា ទី១ វា​ជា​ចំណុច​យុទ្ធសាស្ត្រ​ដែល​បក្សប្រឆាំង​វាយលុក​ដើម្បី​ដណ្តើម​ប្រជាប្រិយភាព។ ទី២ សេចក្តីត្រូវការ​ខាង​ជីវភាព​កាន់តែ​កើនឡើង​ខ្លាំង​ជាង​មុន​ដោយសារ​ទំនិញ​សព្វសារពើ​បន្ត​ឡើងថ្លៃ​ឥតឈប់ឈរ និង​ទី៣ ក្រៅពី​ដោះស្រាយ​ជីវភាព មនុស្ស​សម័យនេះ​ត្រូវការ​ចំណាយ​ទៅលើ​សម្ភារៈប្រើប្រាស់​និង​ការកម្សាន្ត​សប្បាយ​ច្រើនជាង​មុន​ស្របតាម​ដំណាក់កាល​អភិវឌ្ឍន៍រ​បស់​ប្រទេស។ ការ​លើកយក​ហេតុផល​សេដ្ឋកិច្ចជាតិ​ទន់ខ្សោយ​មក​ពន្យល់​អំពី​បញ្ហា​ប្រាក់ខែ​ទំនងជា​ពិបាក​នឹង​បញ្ចុះបញ្ចូល​ឲ្យ​គេ​ទទួលយកបាន​ណាស់​ក្នុង​បរិបទ​ដែល​មន្ត្រី​រដ្ឋាភិបាល​រស់​ក្នុង​ជីវភាព​ស្តុកស្តម្ភ​បែបនេះ។

ដូច្នេះ ការ​រិះរក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ប្រាក់ខែ​មន្ត្រីរាជការ​គ្រូបង្រៀន​និង​កម្មករ​ឲ្យ​បាន សមស្រប​គឺជា​អាទិភាព​ចម្បង​ដែល​រដ្ឋាភិបាល​ត្រូវ​ប្រឈមមុខ​ដោះស្រាយ។ សូម​កុំភ្លេចថា បើទោះបីជា​មន្ត្រីរាជការ​មិន​ចេញ​តវ៉ា​ជា​ចំហ ប៉ុន្តែ ពួកគេ​អាច​តវ៉ា​ដោយ​ស្ងៀមស្ងាត់​តាមរយៈ​សន្លឹកឆ្នោត។ ការធ្លាក់ចុះ​ប្រជាប្រិយភាព​យ៉ាងគំហុក​របស់​បក្ស​កាន់អំណាច​ក្នុងការ​បោះឆ្នោត​ចុងក្រោយ​នេះ ក៏​ពិត​ជាមាន​ចំណែក​ពី​មន្ត្រីរាជការ​មួយចំនួន​ដែរ។

ពិត​ហើយ រដ្ឋាភិបាល​តែង​បង្ហាញ​មោទនភាព​ចំពោះ​ការរីកចម្រើន​របស់​ប្រទេស៖ រថយន្ត ម៉ូតូ ផ្ទះថ្ម​សសរ​ឥដ្ឋ ភោជនីយដ្ឋាន និង​ផ្សារទំនើបៗក្នុង​ទីក្រុង​ជាដើម ប៉ុន្តែ គេ​ក៏​មិនត្រូវ​ភ្លេច​ទេ​ថា ការរីកចម្រើន​ទាំងនោះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​តម្រូវ​ការចំណាយ​កាន់តែ​ច្រើនជាង​មុន។ ក្នុង​បរិបទ​នេះ អ្នកមាន​ជីវភាព​ខ្សត់ខ្សោយ​ត្រូវ​ទទួលរង​សម្ពាធ​សេដ្ឋកិច្ច​ផង និង​សម្ពាធ​ផ្លូវចិត្ត​ផង​ដែល​ពិបាក​នឹង​ទ្រាំទ្រ ជាពិសេស​មន្ត្រីរាជការ​និង​គ្រូបង្រៀន​តែម្តង​ដោយសារតែ​ពួកគេ​រស់នៅ​ដោយផ្ទាល់​ក្នុង​បរិស្ថាន​អ្នកទីក្រុង។ ទាំងនេះ​អាច​បញ្ជាក់បាន​ថា បញ្ហា​ប្រាក់ខែ​គឺជា​ចំណុច​អាទិភាព​បំផុត​មួយ​ដែល​រដ្ឋាភិបាល​មិនអាច​មើលរំលង​បានឡើយ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

    ប្រាក់​​ឈ្នួល​១២៨​ដុល្លារ​​សម្រាប់​​ឆ្នាំ​២០១៥​​៖​ រដ្ឋាភិបាល​​ថា​​សមរម្យ​ ថៅកែ​​ព្រួយ​បារម្ភ​​ចំពោះ​​ការ​បិទ​ទ្វារ​ ឯ​​សហជីព​​ថា ​មិន​ទាន់​​ទទួល​យក​​បាន​ទេ​

    ស្វែងយល់បន្ថែម

  • កម្ពុជា

    រដ្ឋាភិបាល​​ សម្រេច​​ដំឡើង​​ប្រាក់​ខែ​​កម្មករ​​ដល់ ១២៨​ដុល្លារ ​ចាប់​ពី​​ឆ្នាំ ២០១៥​តទៅ​

    ស្វែងយល់បន្ថែម

  • ភ្ញៀវប្រចាំថ្ងៃ

    លោក អាត់ ធន់​៖ «​ការ​តម្លើង​ប្រាក់​ខែ​កម្មករ ១២៨ដុល្លារ មិន​ទាន់​ដល់​កម្រិត ដែល​សហជីព​កម្មករ​ចង់​បាន តែ​សហជីព​ កំពុង​ពិចារណា​​​»

    ស្វែងយល់បន្ថែម

  • កម្ពុជា

    កិច្ច​ប្រជុំ សម្រេច​លើ​ការ​តម្លើង​ប្រាក់​ខែ​កម្មករ ធ្វើ​នៅ​ថ្ងៃ​ទី​១២​វិច្ឆិកា

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ