អានតួអត្ថបទ
កម្ពុជា

ចិន​ចង់ឃើញ​សហប្រតិបត្តិការ​ក្នុង​វិស័យ​ព័ត៌មាន​ជាមួយ​កម្ពុជា​បន្ថែមទៀត

ថ្វីដ្បិតតែ​ជា​ថ្ងៃ​ឈប់សំរាក​ក្នុងឱកាស​បុណ្យជាតិ ប៉ុន្តែ​លោកស្រី​ឯកអគ្គរាជទូត​ចិន ប៉ូ ជៀន​គួ និង​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ​បាន​ជួបពិភាក្សា​ការងារ​នៅ​ថ្ងៃ​ចន្ទ​នេះ ស្តីអំពី​ការពង្រីក​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ព័ត៌មាន​រវាង​ចិន​និង​កម្ពុជា។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែងអោយដឹងថា ទូរទស្សន៍​ជាតិ​កម្ពុជា និង​ទូរទស្សន៍​របស់​ខេត្ត​យូ​ណាន​មាន​គម្រោង​បើក​ស្ថានីយ៍​ថ្មី​មួយ​ដែល​គ្របដណ្តប់​នៅក្នុង​រាជធានី​ភ្នំពេញ សៀមរាប បាត់ដំបង និង​ខេត្តកំពង់ចាម។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអគ្គរដ្ឋទូតចិន លោកស្រី ប៉ូ ជៀនគួ បានជួបពិភាក្សានៅថ្ងៃចន្ទនេះ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអគ្គរដ្ឋទូតចិន លោកស្រី ប៉ូ ជៀនគួ បានជួបពិភាក្សានៅថ្ងៃចន្ទនេះ។ @ ក្រសួងព័ត៌មាន
ផ្សាយពាណិជ្ជកម្ម

ចិន​ចង់ឃើញ​គម្រោង​សហប្រតិបត្តិ​ការបន្ថែម​ទៀត​ជាមួយ​កម្ពុជា​នៅក្នុង​វិស័យ​ព័ត៌មាន។ គោលបំណង​នេះ​ត្រូវបាន​បង្ហាញអោយឃើញ​នៅក្នុង​ជំនួប​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី១៨វិច្ឆិកា រវាង​ឯកអគ្គរដ្ឋទូត​ចិន លោកស្រី ប៉ូ ជៀន​គួ និង​លោក​ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន។ គឺ​នៅក្នុង​ជំនួប​នោះ​ហើយ​ដែល​លោកស្រី​ឯកអគ្គរដ្ឋទូត​ចិន​បាន​ថ្លែង​ទទួលស្គាល់ថា វិស័យ​ព័ត៌មាន​បាន​ដើរតួនាទី​យ៉ាងសំខាន់ ធ្វើអោយ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ជិតស្និទ្ធ និង​ធ្វើអោយ​ប្រជាជន​ទាំងពីរ​អាច​យល់ និង​ស្គាល់​អំពី​គ្នា​ទៅវិញទៅមក​បាន។ ហើយ​ថា​នៅក្នុង​អណ​ត្តិ​បេសកកម្ម​ទូត​របស់​លោកស្រី លោកស្រី​ចង់​ពង្រីក​ទំនាក់ទំនង​ក្នុង​វិស័យ​ព័ត៌មាន​ជាមួយ​កម្ពុជា។

 
និយាយ​អំពី​ទំនាក់ទំនង​ក្នុង​វិស័យ​ព័ត៌មាន​នេះ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​រម្លឹក​អំពី​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការដែល​ក្រសួង​ព័ត៌មាន​បានធ្វើ​កន្លងមក​ជាមួយ​ចិន។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា AKP លោក​ខៀវ កាញារីទ្ធ​បញ្ជាក់ថា សហប្រតិបត្តិ​ការល្អ​បាន​កើតមាន​រួចហើយ រវាង​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា និង​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ រវាង​ទូរទស្សន៍​ជាតិ​កម្ពុជា​និង​គណៈកម្មការ​វិទ្យុ​ព័ត៌មាន​របស់​ប្រទេស​ចិន។ នេះ​មិន​រាប់បញ្ចូល​ការផ្លាស់ប្តូរ​ទស្សនកិច្ច​របស់​មន្ត្រី និង​អ្នកកាសែត​អោយ​ស្វែងយល់​អំពី​ប្រទេស​ទៅវិញ​មក​ផង។

លោក​ខៀវ កាញារីទ្ធ​ក៏បាន​ប្រាប់អោយដឹង​ផងដែរ​អំពី​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​វាង​ទូរទស្សន៍​ជាតិ និង ទូរទស្សន៍​ខេត្ត​យូ​ណាន ក្នុងការ​វិនិយោគ​បើក​ស្ថានីយ៍ទូរទស្សន៍​បង់ថ្លៃ​មួយ​ដែលមាន៧០ប៉ុ​ស្ត៍ ដែល​គ្របដណ្តប់​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តធំៗដូចជា សៀមរាប បាត់ដំបង និង​ខេត្តកំពង់ចាម។

ចំពោះ​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន កម្ពុជា​និង​ចិន​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុង​ការពង្រីក​សហប្រតិបត្តិ​ការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។ ហើយ​ថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ យុទ្ធសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​រីកចម្រើន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ