ទិវាពិភពលោកប្រឆាំងនឹងជំងឺអេដស៍ ៖ ទៅព្យាបាល ជាការការពារកុំមានការចម្លងថ្មី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៤៧
ថ្ងៃទី ១ ធ្នូ ជាទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ! បច្ចុប្បន្ននេះ មនុស្សវ័យក្នុងចំណោមបីនាក់ និងក្មេងម្នាក់ក្នុងចំណោមបួននាក់ ត្រូវការប្រើថ្នាំប្រឆាំងនឹងវីរ៉ុសអេដស៍ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ប្រសិនបើពិភពលោកចង់យកឈ្នះលើការរាតត្បាតនៃជំងឺអេដស៍ឱ្យបាននៅឆ្នាំ២០៣០ ដូចដែលអង្គការសហប្រជាជាតិបានកំណត់។ កម្មវិធីសុខភាពសប្តាហ៍នេះ សូមផ្តោតចំណាប់អារម្មណ៍ទៅលើការស្រាវជ្រាវ និងភាពជឿនលឿននៃការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ដោយមានអន្តរាគមន៍ពីវេជ្ជបណ្ឌិត តែងគន្ធី អគ្គលេខាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នៅកម្ពុជា។
នៅលើពិភពលោក មានមនុស្សចំនួន៣៥លាននាក់ មានផ្ទុកមេរោគអេដស៍ ! ពាក់កណ្តាលមិនបានដឹងថាខ្លួនមានផ្ទុកមេរោគដ៏កំណាចមួយនេះទេ ព្រោះមិនបានធ្វើតេស្តស្វែងរកជំងឺ។ ហេតុដូច្នេះហើយបានជាយុទ្ធនាការសំខាន់ដំបូង នៃទប់ស្កាត់ជំងឺអេដស៍ គឺការនាំបណ្តាជនដែលភាពប្រឈមខ្លាំង មកធ្វើតេស្តរកមើលវីរ៉ុសអេដស៍។
កម្មវត្ថុរបស់អង្គការសុខភាពពិភពលោក ពីពេលនេះដល់ឆ្នាំ២០២០ មានឈ្មោះថា ៩០ កៅសិប កៅសិប។ ៩០%នៃអ្នកមានផ្ទុកមេរោគអេដស៍ត្រូវដឹងខ្លួនមានផ្ទុកមេរោគ- ៩០%នៃអ្នកមានជំងឺអេដស៍ត្រូវទទួលបានការព្យាបាល-៩០%នៃអ្នកដែលបានទទួលការព្យាបាល នឹងមានមេរោគចុះខ្សោយ ឬបាត់ចាប់លែងបាន ព្រោះផ្តល់ការព្យាបាល ទើបអាចកាត់បន្ថយការចម្លងមេរោគអេដស៍បាន។
កម្មវត្ថុនេះអាចសម្រេចបាន ព្រោះបើតាមផ្នែកបច្ចេកទេស ពិភពលោកបច្ចុប្បន្នមានឧបករណ៍ និងមធ្យោបាយស្ទើរគ្រប់យ៉ាង អាចនាំឱ្យសម្រេចលទ្ធផលតាមការកំណត់។ ប៉ុន្តែអ្វីដែលលំបាក គឺការប្រើប្រាស់ឧបករណ៍ទាំងនោះ ប្រើប្រាស់ឱ្យចំចំណុច ឱ្យអស់ពីលទ្ធភាព ធ្វើយ៉ាងណាឱ្យសមត្ថភាពប្រសិទ្ធិភាពនោះក្លាយជាការពិត ជាក់ស្តែង។ គេសង្កេតឃើញមានឧសបគ្គរាំងស្ទះខ្លាំងការបញ្ចេញសកម្មភាពពិត នោះគឺយុទ្ធសាស្ត្រនៃការធ្វើតេស្តស្វែងរកមេរោគអេដស៍ និងព្យាបាល។ បញ្ហាថវិកា វប្បធម៌សង្គម ច្បាប់ ការរើសអើង ជាឧបសគ្គដ៏ចម្បងក្នុងការសម្រេចបាននូវយុទ្ធសាស្ត្រទប់ស្កាត់កម្ចាត់ជំងឺអេដស៍។ ហេតុអ្វី ? ព្រោះការរើសអើង បានធ្វើមនុស្សអល់អែក មិនចង់ទៅធ្វើតេស្ត មើលឃើញតែគុណវិបត្តិច្រើនជាងគុណសម្បត្តិ ដែលរហូតដល់ពេលបច្ចុប្បន្ននេះទៅហើយ មនុស្សទូទៅមិនបានយល់ពីប្រយោជន៍នៃការទៅធ្វើតេស្តវិភាគរកមេរោគ និងស្វែងរកការព្យាបាល ដើម្បីអាចរស់នៅបានស្ទើរដូចធម្មតា ឬខ្លះមានអាយុវែង (វែងជាងមនុស្សគ្មានផ្ទុកវីរ៉ុសអេដស៍មួយចំនួនផង) ដូចមនុស្សលោកផ្សេងទៀតផង។ មានមនុស្សច្រើនមិនព្រមជឿលើវេជ្ជសាស្ត្រ ការព្យាបាលមានប្រសិទ្ធិភាពខ្លាំងមែនទេសព្វថ្ងៃនេះ។ ផ្ទុយទៅវិញ ពួកគេមើលឃើញតែទិដ្ឋភាព ខ្លាចគេច្រានចេញពីសង្គម បើដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍។ មិនថានៅអឺរ៉ុប អាស៊ី ប្រទេសអ្នកមាន ឬអ្នកក្រទេ ភាពយឺតយ៉ាវនៃការមកធ្វើតេស្តនៅតែបន្តកើតមានគ្រប់ទិសទី។ សូមរំលឹកថា ៧០%នៃអ្នកឆ្លងវីរ៉ុសអេដស៍ មិនដឹងថាខ្លួនឆ្លងទេ។ នេះហើយជាបុព្វហេតុដែលនាំឱ្យមានការចម្លងឥតឈប់។”
ចុះតើនៅប្រទេសកម្ពុជា ស្ថានភាពប្រយុទ្ធប្រឆាំងនឹងអេដស៍មានដំណើរវិវឌ្ឍន៍កំរិតណា? កម្ពុជាជាប់ឈ្មោះជាសិស្សល្អ សិស្សគំរូ តែងតែប្រារព្ធជារៀងរាល់ឆ្នាំ (ថ្នាក់ជាតិ និងថ្នាក់ខេត្ត) ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជាមួយអង្គការសុខភាពពិភពលោក ដើម្បីធ្វើយ៉ាងណាឱ្យព័ត៌មានទាក់ទងនឹងការការពារ ព្យាបាលជំងឺមួយនេះ អាចបញ្ចៀបចូលក្នុងសង្គមគ្រប់ស្រទាប់។ ឆ្នាំនេះកម្ពុជាបានរៀបចំទិវា ដោយមានជាកម្មវិធីពិភាក្សាតុមូលផង។ បើតាមលោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ នៅឆ្នាំនេះកម្ពុជាបានផ្តោតលើប្រធានបទពីរធំៗ ៖ ទីមួយការចូលរួមរបស់សហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដើម្បីប្រមូលអ្នកមានផ្ទុកមេរោគអេដស៍ឱ្យព្រមចូលព្យាបាល (នៅក្រៅប្រព័ន្ធ) និងទីពីរលើកកម្ពស់ការចូលរួមរបស់យុវជន ព្រោះយុវជនយុវតី ដោយភាពភ្លើតភ្លើនជឿនលឿនជ្រុល អាចគ្រប់គ្រងខ្លួនឯងលែងបានជ្រុលជ្រួសទៅប្រព្រឹត្តផ្លូវភេទ ដោយគ្មានការការពារ។ ចំនួនអ្នកឆ្លងមេរោគថ្មីនៅបន្តមាន នៅ កម្ពុជា ក្នុងកំរិតប្រមាណ៧០០នាក់ក្នុងមួយឆ្នាំ។
បទសម្ភាសន៍ជាមួយវេជ្ជបណ្ឌិត តែង គន្ធី
ទាក់ទងនឹងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រវិញ ការជឿនលឿនមានច្រើន និងខ្លាំងគួរឱ្យកត់សម្គាល់។ ថ្នាំប្រឆាំងនឹងជំងឺអេដស៍ ប្រភេទ Retroantiveraux កាន់តែមានប្រសិទ្ធិភាពខ្លាំង។ អ្នកបានទទួលការព្យាបាលត្រឹមត្រូវ ពិតជាអាចដឹកនាំខ្សែជីវិតដូចជនទូទៅ។ ប៉ុន្តែសូមចងចាំថា រាល់ការព្យាបាល ទោះក្នុងជំងឺអ្វីក៏ដោយ ទាមទារការសហការច្បាស់លាស់ពីអ្នកជំងឺផ្ទាល់។ យ៉ាងណាមិញ ចំពោះការព្យាបាលពន្យារជីវិតប្រឆាំងនឹងមេរោគហ៊ីវក៏ដូចគ្នា ប្រសិនបើ ការព្យាបាល ការទទួលទានថ្នាំ មិនទៀងទាត់ ឬក៏មានការអាក់ខានដោយប្រការណាមួយ អាចធ្វើបង្កផលវិបាកនឹងអាចកើតមានភ្លាម។ គ្រោះថ្នាក់ដែលគេជួបប្រទះញឹកញាប់ជាងគេ គឺការស៊ាំថ្នាំ។
ថ្វីបើរហូតមកទល់នឹងពេលនេះ គេមិនទាន់អាចនិយាយអំពីការរកឃើញថ្នាំព្យាបាល បានជាសះស្បើយ ជាដាច់ពីជំងឺអេដស៍នេះក៏ដោយ ក៏សិក្សាលើប្រធានបទមានកាន់តែច្រើនឡើងៗ។ នៅប្រទេសបារាំងអ្នកស្រាវជ្រាវ បានសិក្សា និងធ្វើតេស្តសាកល្បងថ្នាំជាច្រើនប្រភេទ ដែលនៅថ្ងៃអនាគត ទំនងជានឹងសម្រេចព្យាបាលជំងឺអេដស៍បានជាសះស្បើយផងក៏ថាបាន។ មន្ទីរពិសោធន៍បារាំងមួយនេះ ទើបបានទទួលការអនុញ្ញាតឱ្យធ្វើការសាកល្បងដំណាក់កាលទីពីរ។ ក៏ប៉ុន្តែសម្រាប់ពេលនេះ ម៉ោងនេះ សូមកុំលង់ខ្លួនជឿថាមានថ្នាំអាចព្យាបាលជំងឺអេដស៍ឱ្យសោះ។
ការសាកល្បងស្វែងរកវិធីព្យាបាលឱ្យជាដាច់ មានច្រើនមែន ប៉ុន្តែគ្មានវិធីណាមួយអាចកំណត់ដោយច្បាស់លាស់អំពីលទ្ធភាពជាសះស្បើយ ឬ ធ្វើឱ្យវីរ៉ុសអេដស៍អស់សកម្មភាពនោះទេ។ ពេលឆ្លងចូលទៅដល់ក្នុងខ្លួនមនុស្សហើយ វីរ៉ុសនេះមានសមត្ថភាពពិសេស ក្លាយជាចំណែកមួយសរីរាង្គរបស់យើង។ វីរ៉ុសហ៊ីវ វាបានជ្រែកបញ្ចូលខ្លួន ក្លាយជាចំណែកមួយនៃហ្សែនរបស់កោសិកាយើងមួយចំនួន។ ១០%ហ្សែនរបស់មនុស្សកើតចេញពីRetrovirus ដែលអសកម្ម។ ការព្យាបាលបច្ចុប្បន្ននេះ បានត្រឹមទៅហាមឃាត់វីរ៉ុសកុំឱ្យការពង្រីកខ្លួន បំបែកខ្លួន ចម្លងគ្នា តែមិនអាចធ្វើឱ្យវីរ៉ុសលែងមានសកម្មភាពទាំងស្រុងបានទេ។ ការសិក្សាមានច្រើនណាស់ ប៉ុន្តែជាថ្មីម្តងទៀត ពុំទាន់មានមួយណាហ៊ានអះអាងនៅ ៥ ឬ១០ឆ្នាំទៀត បានសម្រេច មានថ្នាំអាចធ្វើវីរ៉ុសហ៊ីវ អសកម្មបានឡើយ។ ការសម្រៃចង់បានការព្យាបាលជាសះស្បើយ ជាទស្សនវិស័យធម្មតារបស់អ្នកស្រាវជ្រាវ តែសូមទាញយកប្រយោជន៍ពីអ្វីដែលវិទ្យាសាស្ត្របានរកឃើញនិងមានដាក់ឱ្យប្រើប្រាស់នៅពេលនេះ ជាជាងអង្គុយចាំមើលស្តាប់អ្វីដែលស្ថិតនៅជាការបំប៉ោងព័ត៌មាននៅឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ