ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT
កម្ពុជា

កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​៤​ដែល​អាមេរិក​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​

media លោកដូណាល់ត្រាំ ប្រធានាធិបតេយ្យសហរដ្ឋអាមេរិក។ REUTERS/Joshua Roberts

រដ្ឋ​បាល​លោកប្រធានាធិបតី​ ដូណាល់ត្រាំ នៃ​សហ​រដ្ឋ​អាមេរិក ប្រកាស​ដាក់​ទណ្ឌកម្ម​រឹត​បន្តឹងទិដ្ឋាការ​លើ​ប្រទេស​កម្ពុជា និង​ប្រទេស​ចំនួន​បី​ផ្សេង​ទៀត ក្រោម​ហេតុផល​ប្រទេស​ទាំង​នោះ​រឹង​រូស​មិន​ព្រម​ទទួល​យក​ពល​រដ្ឋ​របស់​ខ្លួន ក្រោយ​អាមេរិក​រក​ឃើញ​ថា ប្រព្រឹត្តិ​កំហុស និង​ត្រូវបាន​និរទេស​ចេញ​ពី​ទឹក​ដី​អាមេរិក​។ យ៉ាង​ណា​មិញ រដ្ឋាភិបាល​កម្ពុជា​ហាក់​សម្តែង​ការ​មិន​ភា្ញក់ផ្អើល​នោះ​ឡើយ​។  

ប្រទេស​ទាំង​បួន​ដែល​ប្រឈម​នឹង​ការ​រឹត​បន្តឹង​ទិដ្ឋាការ​ចូល​ទឹក​ដី​សហរដ្ឋអាមេរិក​នា​ពេល​នេះ រួម​មាន កម្ពុជា អេរីទ្រា ហ្គីនៀ និង​សៀរ៉ាលីអូន។ ​សារ​ព័ត៌មាន CNN របស់​អាមេរិក​ អះអាង​ថា ប្រជាជន​នៃ​ប្រទេស​ទាំង​នេះ ​ អាច​ឈាន​ដល់​ការ​ហាម​ប្រាម​មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិក​ទៀត​ផង​។ ​ការ​រឹតបន្តឹង​នេះ បាន​កើត​ឡើង​កាល​ពី​សប្ដាហ៍​មុន ក្រោយ​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​ បាន​ផ្ញើ​លិខិត​ជូន​ដំណឹង​ទៅ​ក្រសួង​ការ​បរទេស​ ហើយ ក្រសួង​នេះ ​ប្រកាស​ថា នឹង​ចាត់​វិធានការ​ទៅ​តាម​ដំណាក់​កាល។​ នេះ​បើ​តាម​សារព័ត៌​មាន​ដដែល​។

ទាក់​ទង​ទៅ​នឹង​ការ​រឹត​បន្តឹង​ចូល​អាមេរិក​ដល់​ពល​រដ្ឋ​កម្ពុជា លោក ផៃ ស៊ីថាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​ថ្លែង​ថា ការ​ប្រកាស​រឹត​បន្តឹង​ទិដ្ឋាការ​របស់​ស្ថាន​ទូត​អាមេរិក​នេះ មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ លោក​សង្កត់​ធ្ងន់​ថា កម្ពុជា​នឹង​នៅ​តែ​សហការ​ជាមួយ​អាមេរិក​ទាក់​ទង​ទៅ​នឹង​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​អាមេរិក​មក​កម្ពុជា​។

ចំណែក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​វិញ ក៏​ធ្លាប់​ស្នើ​សុំ​អាមេរិក ឲ្យ​ធ្វើ​វិសោធនកម្ម​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​កាល​ពី​ឆ្នាំ​២០០២​។ លោក ហ៊ុន សែន ចង់​ឲ្យ​ពល​រដ្ឋ​ខ្មែរ​រស់​នៅអាមេរិក ដែល​ប្រព្រឹត្តិ​កំហុស ហើយ​ទទួល​ទោស​ទៅ​តាម​ច្បាប់​អាមេរិក​រួច​រាល់ គួរ​តែ​ទទួលពួក​គេ​ឲ្យ​ស្នាក់​បន្ត​ទៀត ដើម្បី​ជួប​ជុំ​ក្រុម​គ្រួសារ ខណៈ​ដែល​រួម​រស់​ជាមួយ​គ្នា អស់​រយៈ​ពេលជា​ច្រើន​ឆ្នាំ​កន្លង​មក​។

កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ ប្រធានា​ធិបតី​អាមេរិក ដូ​ណាល់​ត្រាំ បាន​លើក​ឡើង​នៅ​ក្នុង​សុន្ទរកថា របស់​លោក​ថា មាន​ប្រទេស​ចំនួន​២៣ ដែល​បាន​បដិសេធ​មិន​ទទួល​យក​ពល​រដ្ឋ​ត្រឡប់​ទៅ​វិញ​ដោយ​ពួក​គេ​ជាប់​ឧក្រិដ្ឋកម្ម​ហិង្សា​ច្រើន​។ កន្លង​មក ធ្លាប់​មាន​ប្រទេស​ចំនួន​ពីរ​បានទទួល​ការ​ដាក់​ទណ្ឌ​កម្ម​តាម​ច្បាប់ គឺ​ប្រទេស Guyana និង Gambia។ នៅ​ចន្លោះ​ឆ្នាំ ២០១៣ ដល់ ២០១៦ មាន​ជន​អន្តោ​ប្រវេសន៍​គ្មាន​ឯក​សារ​ត្រឹម​ត្រូវ ជាង ៨ពាន់​នាក់​ ត្រូវ​បាន​ដោះ​លែង​បន្ទាប់​ពី​ជាប់​ពន្ធនាគារ​ដោយ​សារ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ហិង្សា​។

ជា​ការ​កត់​សម្គាល់ ព័ត៌មាន​នៃ​ការ​ប្រកាស​រឹត​បន្តឹង​ទិដ្ឋាការ​ចូល​ទឹក​ដី​អាមេរិក​លើ​កម្ពុជា នាពេល​នេះ ត្រូវ​បាន​ផ្សព្វ​ផ្សាយ បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ប្រកាស​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​(NDI) និង​បណ្តេញ​បុគ្គលិក​ជា​ជន​ជាតិ​បរទេស​ចេញ​ពី​កម្ពុជា រយៈពេល​១​សប្តាហ៍​។លើស​ពី​នេះ​បញ្ហា​កាសែត The Cambodia Daily ការ​និយាយ​ពី​វិទ្យុ​អាស៊ី​សេរី វិទ្យុ VOA​ដែលសុទ្ធ​សឹង​ជា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ពាក់​ព័ន្ធ​នឹង​អាមេរិច កំពុង​ក្លាយ​ជា​របៀបវារៈ​ដ៏​ក្តៅ​គគុក​នៃ​ការបិទ​ និង​ប្រឈម​នឹង​ផ្លូវ​ច្បាប់ កម្ពុជា​ពី​វិស័យ​សារ​ព័ត៌​មាន​និង​ពន្ធដារ ៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ