អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ជប៉ុនគ្រោងនឹងផ្ដល់ទឹកប្រាក់ ជិត២៥០លានដុល្លារបន្ថែម មកកាន់កម្ពុជា

គិត​ចាប់​តាំង​ពី​ខែ​មីនា​ មក​ទល់​ចុង​ខែ​កក្កដា​ កម្ពុជា​ទទួល​ទឹកប្រាក់​ប្រមាណ​ជិត​១៥០​លាន​ដុល្លារ​ពីប្រទេស​ជប៉ុន​ សម្រាប់​គម្រោង​ធំៗ​មួយ​ចំនួន​។ ហើយ​ជប៉ុន​នឹង​ផ្ដល់​ទឹក​ប្រាក់​បន្ថែម​សរុប​ចំនួន​ប្រមាណ​២៥០​លាន​ដុល្លា​រ មក​កម្ពុជា​សម្រាប់​គម្រោង​ចំនួន​ពីរ​ នៅ​រាជធានី​ភ្នំពេញ​ និង​ក្រុង​ព្រះ​សីហនុ​។ បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​ ជំនួយ​នេះ​នឹង​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​ភាគី​ទាំង​ពីរ​ ក្នុង​ដំណើរ​ទស្សកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​ របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ នៅ​ថ្ងៃ​ទី​០៦​ ដល់​ថ្ងៃទី​០៩​ សីហា​ខាង​មុខ​នេះ​។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងចុះហត្ថលេខាជាមួយនាយករដ្ឋមន្ត្រីជប៉ុន
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងចុះហត្ថលេខាជាមួយនាយករដ្ឋមន្ត្រីជប៉ុន @ google
ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ដោយ​៖ ទី​ កញ្ញា​

ជំនួយ​ ដែល​ជប៉ុន​នឹង​ផ្ដល់​មក​កម្ពុជា​នេះ​ គិតជា​ទឹក​ប្រាក់​សរុប​មាន​ចំនួន​ជិត​២៥០​លាន​ដុល្លារ​​ ហើយ​នឹង​ត្រូវ​យកមក​អនុវត្ត​ទៅលើ​គម្រោង​ពីរ​ ដោយ​មួយ​នៅ​រាជធានី​ភ្នំពេញ​ និង​មួយទៀត​នៅ​ក្រុង​ព្រះសីហនុ​។ ដោយនេះជា​ជំនួយ​ទឹកប្រាក់​បន្ថែម​ ពី​ទឹក​ប្រាក់​ប្រមាណ​ជិត​១៥០លាន​ដុល្លារ​ពី​ប្រទេស​ជប៉ុន​ បើគិត​ចាប់​តាំង​ពីខែ​មីនា​ មក​ទល់​ចុង​ខែ​កក្កដា​ កន្លង​មក​។

ក្នុងនោះ​ទឹកប្រាក់​ប្រមាណ​៣៥លាន​ដុល្លារ​ ដែលជាការ​ផ្ដល់​ហិរញ្ញ​វត្ថុ​ឥតសំណង​ នឹងត្រូវ​យក​មក​ប្រើប្រាស់​សម្រាប់​គម្រោង​អភិវឌ្ឍ​ឡើង​វិញ​ លើ​ការ​ការ​ពារ​ទឹក​ជំនន់​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ប្រសើរ​។

រី​ឯ​ ទឹកប្រាក់​ប្រមាណ​២០៩លាន​ដុល្លារ​ទៀត​ ដែលជា​ជំនួយ​ឥណទាន​សម្បទាន​ នឹង​ត្រូវ​អនុវត្ត​សម្រាប់​គម្រោង​ចំណត​ផែ​កុង​តឺ​ន័រ​ថ្មី​របស់​កំពង់​ផែ​ស្វយ័ត​ ក្រុង​ព្រះ​សីហនុ​។ នេះបើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការបរទេស​កម្ពុជា​។

គួរ​ជម្រាប​ជូន​ថា​ សម្រាប់​ជំនួយ​ទាំងពីរ​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ នឹង​ចុះ​ហត្ថលេខា​ ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ ក្នុង​ទស្សន​កិច្ច​ការងារ​ផ្លូវ​ការ​របស់​លោក​ នៅ​ប្រទេស​ជប៉ុន​។ បន្ថែម​ពីការ​ចុះ​ហត្ថ​លេខា​លើ​ជំនួយ​នេះ​ លោក​ហ៊ុន​ សែន​នឹង​ជួប​តំណាង​ភាគី​ជប៉ុន​ ពី​អង្គការ​ពាណិជ្ជ​កម្ម​ សមាគម​មិត្តភាព​កម្ពុជា​-ជប៉ុន​ និង​សមាគម​មិត្ត​ភាព​ជប៉ុន​-មេគង្គ​ផងដែរ​។

សូម​បញ្ជាក់​ថា​ គិតពី​ចាប់​តាំង​ពី​ខែ​មីនា​ មក​ទល់​ចុង​ខែ​កក្កដា​ ជប៉ុន​បាន​ផ្ដល់​ទឹក​ប្រាក់​ប្រមាណ​ជិត​១៥០​លាន​ដុល្លារ​ សម្រាប់​គម្រោង​ធំៗ​មួយ​ចំនួន​ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ជំនួយ​ឥតសំណង​ ជំនួយ​កម្ចី​ដែល​មាន​ការ​ប្រាក់​ទាប​ និង​វិភាគ​ទាន​ជាដើម​។ តួយ៉ាង​ កាលពី​ខែ​មីនា​ កម្ពុជា​ទទួល​ថវិការ​ពី​ជប៉ុន​ប្រមាណ​១៤០លាន​ដុលា្លរ​។ ហើយ​កាលពី​ខែ​កក្កដា​ កម្ពុជា​ទទួល​ជា​ជំនួយ​ឥតសំណង​ប្រមាណ​៦លាន​ដុល្លារ​ សម្រាប់​វិស័យ​អប់រំ​។ ចំណែក​ឯ​ ទឹក​ប្រាក់​ជិត​១លាន​៣សែន​ដុល្លារ​ទៀត​ ជប៉ុន​បាន​ប្រកាស​ផ្ដល់​ទឹក​ប្រាក់​មក​ភាគី​អង្គការ​សហប្រជាជាតិ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​ កាល​ពី​ថ្ងៃ​ទី​៣១​ កក្កដា​ ឆ្នាំ​២០១៧​ កន្លង​ទៅ​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ