ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/07 12h00 GMT
កម្ពុជា

ភរិយា​លោក កែម ឡី កំពុង​រង់​ចាំ​ទិដ្ឋាការ​ដើម្បី​នាំ​កូនៗ​ទៅ​រស់​នៅ​អូស្ត្រាលី

media  
តំណាង​គណបក្ស​សង្រោះ​ជាតិ ​បាន​ចូលរួម​បុណ្យស​ព​របស់​លោក​កែម ឡី ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១១ ​ខែ​កក្កដា ​ឆ្នាំ​២០១៦។​ @HEAM Chetra

ថ្ងៃ​ទី​១០​កក្កដា​ខាង​មុខ​នេះ គឺ​ជា​ខួប​គម្រប់​មួយ​ឆ្នាំ នៃ​មរណភាព​លោក​បណ្ឌិត​កែម ឡី​។ ភាគី​ពាក់​ព័ន្ធ នឹង​ប្រារព្ធ​បុណ្យ​រំលឹក​ខួប និង​ឧទ្ទិស​កុសល​ជូនលោក​កែម ឡី នៅថ្ងៃទី៩ រហូត​ដល់​ថ្ងៃ​ទី​១០​កក្កដា​ខាង​មុខ​នេះ នៅ​ផ្ទះ​កំណើត​របស់​លោក ក្នុង​ខេត្ត​តាកែវ​។ ទន្ទឹម​នឹង​ការ​ត្រៀម​រៀប​ចំ​ពិធី​បុណ្យ​ខួប​គម្រប់​មួយ​ឆ្នាំ​នេះ​ដែរ អ្នកស្រី ប៊ូ រចនា ភរិយា លោក កែម ឡី និង​កូនៗ​កំពុង​រង់​ចាំ​ទិដ្ឋាការ​ដើម្បី​ចេញ​ទៅ​រស់​នៅ​ប្រទេស​អូស្ត្រាលី។ 

នៅ​ទី​បំផុត​ប្រទេស​អូស្ត្រាលី បាន​ផ្ដល់​សិទ្ធិ​ជ្រក​កោន​ខាង​នយោបាយ​ដល់​អ្នកស្រី ប៊ូ រចនា ភរិយា​លោក កែម ឡី និង​កូន​ទាំង​ប្រាំ​នាក់​របស់​គាត់ បន្ទាប់​ពី​ពួក​គេ​បាន​សម្ភាស​និង​ធ្វើ​តេស្ត​សុខភាព​រួច​រាល់។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក ប៊ូ ចាន់នី​ បងប្រុស​អ្នក​ស្រី ប៊ូ រចនា ប្រាប់​កាសែត​ក្នុង​ស្រុក។

ដ្បិត​តែ​មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវ​ការ​ថា អ្នក​ស្រី ប៊ូ រចនា នឹង​ចេញ​ទៅ​រស់​នៅ​អូស្ត្រាលី​ឲ្យ​ប្រាកដ​នៅ​ថ្ងៃ​ណា​នោះ​លោក ហុង លីម សមាជិក​សភា​រដ្ឋ​វិចតូរៀល​ប្រទេស​អូស្ត្រាលី​បាន​អះអាង​ថា​ អ្នកស្រី ប៊ូ រចនា និង​កូនៗ​អាច​មក​ដល់​អូស្ត្រាលី​មុន​ថ្ងៃ​ទី​១០​កក្កដានេះ​។ តែ​យ៉ាង​ណា​ក៏​ដោយ គម្រោង​នៃ​ការ​ចេញ​ទៅ​រស់​នៅ​អូស្ត្រាលី​របស់​អ្នកស្រី ប៊ូ រចនា នៅ​ពេល​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា កូន​ប្រុស​របស់​លោក​កែម ឡី នឹង​ទទួល​បាន​ការសិក្សា​ឡើង​វិញ​បន្ទាប់​ពី​ស្នាក់​នៅ​ប្រទេស​ថៃ​ជិត​មួយ​ឆ្នាំ​មក​នេះ ការ​សិក្សា​របស់​ពួក​គេត្រូវ​បាន​ផ្អាក​បណ្ដោះ​អាសន្ន។

ដោយ​ឡែក​ទាក់​ទង កម្មវិធី​បុណ្យ​ខួប​គម្រប់​មួយ​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី នឹង​រៀប​ចំ​ឡើង​ទាំង​ក្នុង​នឹង​ក្រៅ​ប្រទេស។ ជាក់​ស្ដែង​គ្រួសារ​លោក កែម ឡី នឹង​រៀប​ចំកម្ម​វិធី​បុណ្យ​នៅ​រសៀល​ថ្ងៃ​ទី​៩​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១០​កក្កដា នៅ​ក្នុង​ភូមិ​អង្គតា​កុប ឃុំលាយ​បូ ស្រុក​ត្រាំកក់​ ខេត្តតាកែវ។ តាម​គម្រោង​ចេតិយ លោក កែម ឡី នឹង​បុក​គ្រឹះសាង​សង់​នៅ​ចំ​ថ្ងៃ​នោះ​ដែរ ដោយ​គ្រោង​ប្រើ​ថវិកា​១៧​ម៉ឺន​ដុល្លារ។

ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​បង្កើត​ឡើង​ដោយ​លោក កែម ឡី នឹង​ប្រារព្ធ​ពិធី​នេះ​ឡើង​មួយ​ព្រឹក​នៅ​ថ្ងៃ​ទី​១០​កក្កដា។ ទន្ទឹម​នឹង​នេះ​នៅ​ប្រទេស​អូស្ត្រាលី​ឯណោះ​វិញ​ក៏​មាន​រៀប​ចំ​កម្មវិធី​រម្លឹក​ខួប​មួយ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡីនេះដែរ នៅ​ទី​ក្រុង​មែល​ប៊ន ទី​ក្រុង​អាដឺ​ឡែត។

គួររម្លឹក​ឡើង​វិញថា លោក កែម ឡី អ្នក​ស្រាវ​បញ្ហា​សង្គម និងនយោបាយ​ត្រូវ​បាន​ឃាតករ​​បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​១០​កក្កដា នៅ​ស្តាម៉ាត់ ស្តុប​បូកគោ ក្រុង​ភ្នំ​ពេញ។ ឃាតកម្ម​លើលោក កែម ឡី នាំ​ឲ្យ​មាន​ការ​ភ្ញាក់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ភ្លាមៗ​ក្រោយ​ការ​បាញ់​សម្លាប់​នេះ អាជ្ញាធរ​បាន​រក​ឃើញ​មុខ​ឃាតករ ឈ្មោះ​អឿត អាង ឬ ជួប សម្លាប់ ជា​អ្នក​បាញ់​សម្លាប់​លោក កែម ឡី ហើយ ជួប សម្លាប់ ក៏​ត្រូវ​បាន​តុលា​ការផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ