អានតួអត្ថបទ
កម្ពុជា-នយោបាយ

ក្រុម​មេធាវី​ថា សុខ​ភាព​លោក កឹម សុខា ចុះ​ខ្សោយ ក្រោយ​ជាប់​ឃុំ

លោក សំ សុគង់ សហ​មេធាវី​ការពារ​ក្តី​របស់​ លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យនេះ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា សុខភាព​លោក កឹម សុខា ឥឡូវ​នេះ​មាន​ភាព​ចុះ​ខ្សោយ ចាប់​តាំង​ពី​លោកជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ ជាង​២​ខែ​មក។ ប្រឈម​នឹង​ស្ថាន​ភាព​នេះ លោក សំ សុគង់ អះ​អាង​ថា ក្រុម​មេធាវី នឹង​បន្ត​ជំរុញ​ឲ្យ​ចៅ​ក្រម​ស៊ើប​សួរ​តុលាការ​ក្រុង​ភ្នំពេញ ពិនិត្យ​និង​សម្រេច​លើ​សំណើ​សុំ​ផ្ទេរការ​ឃុំ​ខ្លួន​លោក កឹម សុខា ពី​ពន្ធនាគារ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ មក​កាន់​ពន្ធនាគារ​ក្នុង​ទី​ក្រុង​ភ្នំពេញ​វិញ​។   

លោក កឹម សុខា ប្រធាន​​​គណបក្ស​​សង្គ្រោះ​​ជាតិ កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ​។
លោក កឹម សុខា ប្រធាន​​​គណបក្ស​​សង្គ្រោះ​​ជាតិ កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ​។ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​ក្រុម​មេធាវី​ការពារ​ក្តី បាន​ទៅ​ជួប​សួរ​សុខ​ទុក្ខ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដល់ពន្ធនាគារ​ត្រពាំង​ផ្លុង កាល​ពី​ថ្ងៃ​សុក្រ ទី១០ ខែវិច្ឆិកា កន្លង​ទៅ លោក សំ សុគង់ មេធាវី​មួយ​រូប​របស់​ប្រធាន​បក្សប្រឆាំង​រូប​នេះ បាន​អះ​អាង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា លោក កឹម សុខា មាន​អាការៈ​ស្លេក​ស្លាំង ដោយ​សារ​តែ​លោក សម្រាន និង​ពិសារ​អាហារ ​ពុំ​សូវ​បាន​។

ផ្អែក​តាម​ស្ថានភាព​សុខភាព​របស់​លោក​ដែល​កំពុង​ចុះ​ខ្សោយ​នេះ ក្រុម​មេធាវី​ការពារ​ក្តី​លោក​កឹម សុខា នឹង​បន្ត​ជំរុញ​ឲ្យ​ចៅ​ក្រម​ស៊ើប​សួរ​តុលាការ​ក្រុង​ភ្នំពេញ ពិនិត្យ​និង​សម្រេច​លើ​សំណើ​សុំ​ផ្ទេរ​ការ​ឃុំ​ខ្លួន លោក កឹម សុខា ពី​ពន្ធនាគារ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ មក​កាន់​ពន្ធនាគារ​ក្នុង​ទីក្រុង​ភ្នំពេញ​វិញ​។ លោក សំ សុគង់ អះ​អាង​ថា ក្រុម​មេធាវី បាន​ដាក់​សំណើ​នេះ​ទៅ​កាន់​ចៅ​ក្រម​ស៊ើប​សួរ​តុលាការ​ក្រុង​ភ្នំពេញ​រួច​មក​ហើយ ប៉ុន្តែ មិន​ទាន់​បាន​ទទួល​ការឆ្លើយ​តប​ណា​មួយ​ឡើយ​រហូត​មក​ទល់​ពេល​នេះ​។​

ជុំ​វិញ​ស្ថានភាព​លោក កឹម សុខា នៅ​ពន្ធនាគារ​នេះ​ដែរ​។ លោកមេធាវី សំ សុគង់ កត់​សម្គាល់​ទៀតថា ក្រុម​គ្រួសារ​លោក​ កឹម សុខា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ​នៅ​ក្នុង​ពន្ធនាគារ​តែ​បី​ដង​ប៉ុណ្ណោះ ​ក្នុង​មួយ​សប្តាហ៍​។ ការ​ដាក់​កំហិត​នេះ ខុស​ប្លែក​ពី​ជន​ត្រូវ​ចោទ​ផ្សេង​ទៀត ដែល​ក្រុម​គ្រួសារ​របស់​ពួក​គេ​អាច​ចូល​សួរ​សុខ​ទុក្ខដោយ​មិន​មាន​ការ​កំណត់​តឹង​រ៉ឹង​ដូច្នេះ​ឡើយ។

ទាក់ទង​នឹង​គម្រោង​របស់ លោក គី ឬទ្ធី ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដែល​នឹង​ចុះ​ទៅ​សួរ​ចម្លើយ​លោក ​កឹម សុខា ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា, លោក កឹម សុខា បាន​បញ្ជាក់​ទៅ​ក្រុមមេធាវី​ថា លោក​នៅ​តែ​រក្សា​ជំហរ​ចង់​ចូល​ខ្លួន​មក​ផ្ដល់​ចម្លើយ​នៅ​តុលាការ​ក្រុង​ភ្នំពេញ។ ដូច​ក្រុម​មេធាវី​ការពារ​ក្ដី​ដែរ លោក កឹម សុខា យល់​ថា ការ​ចុះ​សួរ​ចម្លើយ​ក្នុង​ពន្ធនាគារ​នេះ ​គឺ​ខុស​នឹង​នីតិវិធី​ច្បាប់។ ប៉ុន្តែ​លោក​លី សុផាណា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លោក​គី ឬទ្ធី​អាច​ចុះ​ទៅ​សួរ​ចម្លើយ​លោក​កឹម សុខា ដល់​ពន្ធនាគារ​បាន ដោយ​ប្រើ​ប្រាស់​នូវ​វិធាន​ផ្សេង​ៗ ដែល​មាន​កំណត់​នៅ​ក្នុង​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ