ក្រោយពីក្រុមមេធាវីការពារក្តី បានទៅជួបសួរសុខទុក្ខលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដល់ពន្ធនាគារត្រពាំងផ្លុង កាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា កន្លងទៅ លោក សំ សុគង់ មេធាវីមួយរូបរបស់ប្រធានបក្សប្រឆាំងរូបនេះ បានអះអាងប្រាប់វិទ្យុបារាំងអន្ដរជាតិថា លោក កឹម សុខា មានអាការៈស្លេកស្លាំង ដោយសារតែលោក សម្រាន និងពិសារអាហារ ពុំសូវបាន។
ផ្អែកតាមស្ថានភាពសុខភាពរបស់លោកដែលកំពុងចុះខ្សោយនេះ ក្រុមមេធាវីការពារក្តីលោកកឹម សុខា នឹងបន្តជំរុញឲ្យចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ ពិនិត្យនិងសម្រេចលើសំណើសុំផ្ទេរការឃុំខ្លួន លោក កឹម សុខា ពីពន្ធនាគារក្នុងខេត្តត្បូងឃ្មុំ មកកាន់ពន្ធនាគារក្នុងទីក្រុងភ្នំពេញវិញ។ លោក សំ សុគង់ អះអាងថា ក្រុមមេធាវី បានដាក់សំណើនេះទៅកាន់ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញរួចមកហើយ ប៉ុន្តែ មិនទាន់បានទទួលការឆ្លើយតបណាមួយឡើយរហូតមកទល់ពេលនេះ។
ជុំវិញស្ថានភាពលោក កឹម សុខា នៅពន្ធនាគារនេះដែរ។ លោកមេធាវី សំ សុគង់ កត់សម្គាល់ទៀតថា ក្រុមគ្រួសារលោក កឹម សុខា ត្រូវបានអនុញ្ញាតឲ្យចូលសួរសុខទុក្ខនៅក្នុងពន្ធនាគារតែបីដងប៉ុណ្ណោះ ក្នុងមួយសប្តាហ៍។ ការដាក់កំហិតនេះ ខុសប្លែកពីជនត្រូវចោទផ្សេងទៀត ដែលក្រុមគ្រួសាររបស់ពួកគេអាចចូលសួរសុខទុក្ខដោយមិនមានការកំណត់តឹងរ៉ឹងដូច្នេះឡើយ។
ទាក់ទងនឹងគម្រោងរបស់ លោក គី ឬទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលនឹងចុះទៅសួរចម្លើយលោក កឹម សុខា នៅក្នុងពន្ធនាគារត្រពាំងផ្លុងនៅថ្ងៃទី២៤ វិច្ឆិកា, លោក កឹម សុខា បានបញ្ជាក់ទៅក្រុមមេធាវីថា លោកនៅតែរក្សាជំហរចង់ចូលខ្លួនមកផ្ដល់ចម្លើយនៅតុលាការក្រុងភ្នំពេញ។ ដូចក្រុមមេធាវីការពារក្ដីដែរ លោក កឹម សុខា យល់ថា ការចុះសួរចម្លើយក្នុងពន្ធនាគារនេះ គឺខុសនឹងនីតិវិធីច្បាប់។ ប៉ុន្តែលោកលី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា លោកគី ឬទ្ធីអាចចុះទៅសួរចម្លើយលោកកឹម សុខា ដល់ពន្ធនាគារបាន ដោយប្រើប្រាស់នូវវិធានផ្សេងៗ ដែលមានកំណត់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ៕