ក្រោយជំនួបកំពូលទ្វេភាគី៖ ភាគីឡាវ យល់ព្រមដកកងទ័ពចេញពីទឹកដីកម្ពុជា
លោកនាយករដ្ឋមន្រ្តីឡាវ ថោងលន់ ស៊ីស៊ូលីត នៅព្រឹកនេះ បានប្រកាស យល់ព្រមដកកងទ័ពចេញពីទឹកដីកម្ពុជាឲ្យអស់ មិនលើសព្រឹកថ្ងៃអាទិត្យស្អែក។ ការថ្លែងយ៉ាងដូច្នេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានខ្លីរួមគ្នា នៅព្រឹកថ្ងៃសៅរិ៍នេះ ពីទីក្រុងវៀងចន្ទ ប្រទេសឡាវ។
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ពីមូលហេតុដែលធ្វើឲ្យលោកខកខានមិនបានដោះស្រាយបញ្ហាព្រំដែនជាមួយភាគីកម្ពុជាទាន់ពេលវេលា ដោយសារតែ លោក មិនបានទទួលលិខិតរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលផ្ញើទៅកាន់លោក តាំងពីថ្ងៃទី ២ សីហា។ យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលឡាវ បានអបអរសាទរចំពោះវត្តមានយ៉ាងបន្ទាន់របស់ លោក ហ៊ុនសែន នៅលើទឹកដីឡាវ ក្នុងថ្ងៃសៅរិ៍នេះ ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ តាមរយៈជំនួបទ្វេភាគីនាពេលនេះ លោក ថោងលន់ ស៊ីស៊ូលីត បានយល់ព្រមដកកម្លាំងចេញពីទឹកដីកម្ពុជា ដោយសុំទុកពេលមួយថ្ងៃឲ្យកងកម្លាំងប្រមូលសម្ភារៈ ហើយចាកចេញឲ្យអស់យ៉ាងយូរ ត្រឹមព្រឹកថ្ងៃអាទិត្យ ទី១៣ សីហា។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានសម្តែងការសាទរនិងអរគុណលោកនាយករដ្ឋមន្រ្តីឡាវ ដែលបានយល់ព្រមដកទ័ពចេញពីតំបន់អូអាឡៃ និងតំបន់អូរតាង៉ាង ស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង ដើម្បីសម្រួលស្ថានការណ៍វិញ។ ទន្ទឹមគ្នានេះ លោក ហ៊ុន សែន បានបញ្ជាទៅកងកម្លាំងខ្មែរ ដែលចល័តចេញពីបន្ទាយ នៅយប់ថ្ងៃសុក្រ ឲ្យវិលត្រឡប់ចូលមូលដ្ឋានវិញ។ ចំណែកកម្លាំងដែលឈរជើងនៅតំបន់ជម្លោះ ក៏ត្រូវដកថយមកវិញបណ្តោះអាសន្នសិនដែរ។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនដែលនៅសេសសល់ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានប្រគល់ភារកិច្ច ទៅឲ្យគណៈកម្មាការកិច្ចការព្រំដែន ព្រមទាំងក្រសួងការបរទេសកម្ពុជា និងឡាវ ជាអ្នកដោះស្រាយបន្ត។
ដោយឡែកចំពោះ ស្ថានការណ៍ទូទៅនៅតំបន់ជម្លោះស្ថិតនៅក្នុងខេត្តស្ទឹងត្រែង លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ដែលកំពុងឈរជើងនៅទីតាំងនោះ បានបញ្ជាក់ថា ការប្រឈមមុខដាក់គ្នារវាងភាគីកម្ពុជា ឡាវ មានភាពធូរស្រាលឡើងវិញហើយរហូតមកទល់ពេលនេះ។ ចំណែកឯច្រកព្រំដែនកម្ពុជា ឡាវ ក៏ត្រូវបានបើកដំណើរការជាប្រក្រតីដែរ។
សូមជម្រាបជូនផងដែរថា ភាពតានតឹង នៅតាមព្រំដែនកម្ពុជាឡាវ បានចាប់ផ្តើមឡើងកាលពីដើមឆ្នាំ ២០១៧ ដោយកាលណោះ ប្រទេសឡាវ បានបញ្ជូនកងកម្លាំងយោធារបស់ខ្លួន មករារាំងកងកម្លាំងវិស្វកម្មរបស់កម្ពុជា មិនឲ្យស្ថាបនាផ្លូវតាមបណ្តោយព្រំដែន នៅត្រង់ចំណុចអូរតាង៉ាវ និងអូអាឡៃ ។ រហូតដល់ថ្ងៃទី ២ មេសា ឆ្នាំ២០១៧ កងកម្លាំងប្រដាប់អាវុធប្រមាណរយនាក់នៃប្រទេសឡាវ បានបញ្ជូនមកកាន់តាមបណ្ដោយព្រំដែនទល់មុខនឹងកម្ពុជា ដែលស្ថិតនៅក្នុង ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
កម្ពុជា និង ឡាវ មានព្រំដែនជាប់គ្នាប្រវែង ៥៤០ គីឡូម៉ែត្រដែលត្រូវបោះបង្គោលព្រំដែនប្រមាណ ១៤៥បង្គោល ប៉ុន្តែរហូតដល់ពេលនេះភាគីទាំងពីរសម្រេចបានចំនួន ១២១ បង្គោលហើយស្មើនឹង ៨៣ ភាគរយនៅសល់ប្រមាណ ២៤ បង្គោលទៀតនោះស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ