ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/11 12h00 GMT
កម្ពុជា

ក្រុម​មេធា​វី​ថា​ការ​យក​សេរី​ភាព​ លោក​ កឹម​ សុខា ​ទៅ​ភ្នាល់​គ្នា​ ធ្វើ​ឲ្យ​ជាតិ​កាន់​តែ​បែក​បាក់​ធ្ងន់​ធ្ងរ​

media លោក កឹម សុខា ពេល មក ដល់ គេហដ្ឋាន របស់ លោកកាលពីខែកញ្ញា @Chan Chen's Facebook

ក្រុម​មេធាវី​ការ​ពារ​ក្តី​ឲ្យ​លោក ​កឹម ​សុខា ​បាន​ចេញ​​សេចក្តី​​ថ្លែង​ការណ៍​មួយ​នៅ​រសៀល​​ថ្ងៃ​សៅរ៍​នេះ ​ដោយ​​សំដែង​​ការ​​សោក​​ស្តាយ​​ ក្រោយ​​ពី​បាន​​ឃើញ​​តាម​​បណ្តាញ​​សង្គម​​នូវ​​ការ​​ភ្នាល់​​គ្នា​​រវាង ​លោក ​សម ​រង្ស៊ី ​និង​​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ចំពោះ​ក​រណី​​លោក ​កឹម ​សុខា​។​ សហ​មេធាវី​ការ​ពារ​​ក្តី​​ឲ្យ​ប្រធាន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ យល់ថា ​ការ​​ដោះលែង​ ឬ ​លើក​​លែង​​បទ​​ចោទ​លើ​កូនក្តី​​របស់​ខ្លួន​​ គឺ​ជា​សមត្ថ​កិច្ច​​របស់​​តុលាការ​ មិន​​ស្ថិត​​ក្រោម​​ល្បែង​​ភ្នាល់​​គ្នា​​នេះ​ទេ។​

យោងតាម​សេចក្តី​ថ្លែងការណ៍ដែល​ទើប​មកដល់​ដៃ​អ្នកសារព័ត៌មាន​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ ​សហមេធាវី​ការពារក្តី​ឲ្យ​លោក កឹម សុខា បានយល់​ឃើញ​ថា ការ​យក​សេរីភាព​បុគ្គល ជាពិសេស លោក កឹម សុខា ដែលជាអ្នក​នយោបាយ​ផ្សាភ្ជាប់​ទៅ​នឹង​នយោបាយជាតិមក​ភ្នាល់ គឺ​ធ្វើ​ឲ្យជាតិ​កាន់តែ​បែក​បាក់​ធ្ងន់​ធ្ងរ​ និង​ឈឹ​ផ្សាថែមទៀត។ ក្រុុម​សហ​មេធាវី​​បាន​ស្នើឲ្យ​អ្នក​នយោបាយ​ប្រកាន់​នូវ​គុណធម៌ សីលធម៌ ​ជាអ្នកនយោបាយ​ គំរូ​ល្អ​សម្រាប់​ខ្មែរ​បន្ត​វេណ​ជំនាន់​ក្រោយ​ និង​ដង្ហែ​តាម​ព្រះ​រាជបន្ទួល​សម្តេចឳ និង​ព្រះ​មហា​ក្សត្រ​ក្នុង​ឱកាសបុណ្យ​ឯករាជ្យ​ជាតិ​ដែល​ព្រះអង្គ​សូម​ឲ្យ​ខ្មែរ​រួបរួមគ្នា​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ។​

បើតាម​ក្រុម​មេធាវីដដែល បើសិនជាតុលាការ​ដោះលែង លោក កឹម សុខា ឲ្យមាន​សេរីភាព​វិញ នោះ​មិនមាន​ន័យថា លោក ហ៊ុន សែន ចាញ់​ការភ្នាល់​នោះទេ ព្រោះ​ជានីតិវិធី​ច្បាប់​ដែល​ត្រូវ​អនុវត្ត ហើយថាក៏គ្មានអ្នកចាញ់ និង​អ្នកឈ្នះដែរ គឺខ្មែរ​ជាអ្នក​ឈ្នះ។

ក្រោយពី លោក សម រង្ស៊ី និង លោក ហ៊ុន សែន បបួលគ្នាភ្នាល់ លើ​ករណី លោក កឹម សុខា នេះ នៅលើទំព័រហ្វេសប៊ុក លោក កឹម សុខា បានសរសេរថា ​បើ​ទោះបី​រូប​លោក​មិនមាន​សេរីភាព​​មែន ​តែ​លោកដឹង​ថា ​អ្នក​ណាកំពុង​ធ្វើ​អ្វី​មក​លើ​រូប​លោក​និង​ប្រទេស​ជាតិ។

ដោយឡែក ​នៅក្នុង​បទ​សម្ភាសន៍ជាមួយ Fresh Newsនៅថ្ងៃសៅរ៍នេះ លោក ហ៊ុន សែន បានថ្លែង ការដែលលោកសម្រេចចិត្តភ្នាល់ជាមួយ លោក សម រង្ស៊ី គឺ​ដោយ​សារ​តែគ្មានជម្រើស បើទោះជារឿងនេះអគុណធម៌បំផុតក៏ដោយ ដោយអះអាងថាលោក សម រង្ស៊ី ជាអ្នករៀបចំផែនការមួយនេះ ដើម្បីសម្លាប់ជីវិតនយោបាយរបស់ លោកកឹម សុខា។

សូមរំឭកថា លោក សម រង្ស៊ី តាមរយៈហ្វេសប៊ុកបានសរសេរថា ក្រោមសម្ពាធអន្តរជាតិ លោក ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែង លោក កឹម សុខា នៅថ្ងៃទី ២៩ ធ្នូ ចុងឆ្នាំនេះ ឬយ៉ាងយូរថ្ងៃ ០៣ មីនា ២០១៩។ លក្ខខណ្ឌនៃការភ្នាល់ លោក សម រង្ស៊ី ថា បើឈ្នះ​ការភ្នាល់ លោកសុំឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។ តែបើខ្លួនលោកចាញ់វិញ លោកសុខចិត្តឲ្យលោក ហ៊ុន សែន ចាប់ខ្លួន យកទៅឃុំទន្ទឹមគ្នានឹងលោក កឹម សុខា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ