ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
general

ទិវាអក្ខរកម្មជាតិ៖ នាយករដ្ឋមន្ត្រីអំពាវនាវឲ្យរោងចក្រ ក្រុមហ៊ុនឯកជន ជួយបើថ្នាក់អក្ខរកម្ម

media សិស្សានុសិស្សកំពុងរកមើលសៀវភៅដែលខ្លួនចង់ទិញយកទៅអាន @RFI

ថ្ងៃទី​០៨ ខែ​កញ្ញា នេះ​គឺ​ជា​ទិវា​អក្ខរកម្មជាតិ និង​អន្តរ​ជាតិ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​សារលិខិត បាន​អំពាវ​នាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ចូលរួម​លើក​កម្ពស់​ការងារ​អក្ខរកម្ម​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព ជា​ពិសេស​រោងចក្រ ក្រុម​ហ៊ុន​ឯកជន ត្រូវ​ជួយ​បើក​ថ្នាក់​អក្ខរកម្ម​សម្រាប់​កម្មករ កម្មការិនី​។ ខណៈ​ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា អត្រា​អក្ខរកម្ម​ជន​ពេញ​វ័យ​នឹង​កើន​ឡើង​ដល់​៩៥.៧​ភាគ​រយ​នៅ​ឆ្នាំ​២០៣០​ខាង​មុខ​។

លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​តាម​រយៈ​សារ​លិខិត បញ្ជាក់​ថា​នៅ​ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​ប្រារព្ធ​ទិវាអក្ខរ​កម្មជាតិ​ក្រោម​ប្រធាន​បទ “អក្ខរកម្ម​ផ្សារ​ភ្ជាប់​នឹង​ជំនាញ​មុខ​របរ” ដែល​ទស្សនាទាន​នៃ​ប្រធាន​បទ​នេះ មិន​សំដៅ​ត្រឹម​តែ​ការ​រៀនអក្សរ និង​លេខនព្វន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​គិត​គូរ​ដល់​ឱកាស​សម្រាប់​យុវជន​ទទួល​បាន​ចំណេះ​ដឹង ចំណេះ​ធ្វើ សហ​គ្រិនភាព ជំនាញ​មុខរបរ និង​នវានុវត្តន៍ គ្រប់​ផ្នែក​ ជា​ពិសេស អក្ខរកម្ម​បច្ចេក​វិទ្យា​។

តាម​រយៈសារ​លិខិត​ចុះ​ថ្ងៃទី១៩ សីហា ឆ្នាំ​២០១៩, លោក​នាយក​រដ្ឋ​មន្ត្រី បាន អំពាវនាវ​ចំនួន​៨ចំណុច​ទៅ​កាន់​ស្ថាប័ន​ពាក់​ព័ន្ធ​នានា ឲ្យ​មាន​ការ​ចូល​រួម​បន្ត​លើក​កម្ពស់​ការងារ​អក្ខរកម្ម​នៅ​កម្ពុជា​។ នៅ​ក្នុង​នោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏បាន​អំពាវនាវ​ឲ្យ​ប្រធាន​រោងចក្រ សហ​គ្រាស និង​ក្រុម​ហ៊ុន​ឯក​ជន ជួយ​ជំរុញ​ការ​បើក​ថ្នាក់​អក្ខរកម្ម​គួបផ្សំ​នឹង​ថ្នាក់​បំប៉ន​មុខ​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​ដល់​កម្មករ កម្មការិនី​។

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា មាន​កម្មករ កម្មការិនី ប្រមាណ​១,៧០០​នាក់ បាន​ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​អក្ខរកម្ម​សម្រាប់​កម្មករ ដែល​ពួក​គាត់​មក​ពី​២៥​រោងចក្រ​កាត់​ដេរ​នៅ​៩​រាជធានី-ខេត្ត។

អ្នក​នាំពាក្យ​ក្រសួង​អប់រំ លោក រស់ សុវាចារ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃទី៨ ខែ​កញ្ញា​នេះ​ថា​កម្មករ កម្មការិនី​មាន​កម្រិត​អក្ខរកម្ម​ផ្សេងៗ​គ្នា ហើយ​នៅ​តាម​បណ្តា​រោងចក្រ ដែល​មាន​កម្មករ កម្មការិនី មិន​ទាន់​ជឿនលឿន​លើ​ការ​អាន និង​ការ​សរសេរ ក្រសួង​បាន​បន្ត​សហការ​ជា​មួយ​អង្គការ​យូណេស្កូ និង​រោងចក្រ ដើម្បី​បន្ត​បើក​ថ្នាក់​អក្ខរកម្ម​ជូន​ពួក​គាត់​។

អ្នក​នាំពាក្យ​ក្រសួង​អប់រំ បន្ថែម​ថា អ្នក​ដែល​ទទួលផល​មិនមែន​តែ​កម្មករ​ កម្មការិនី​ទេ គឺ​សូម្បី​តែ​ម្ចាស់​រោង​ចក្រ​ផ្ទាល់​ក៏​ទទួល​បាន​ផល​ពី​សំណាក់​កម្មករ កម្មការិនី ដែល​ពួក​គាត់​បាន​ចូល​រួម​វគ្គ​អក្ខរកម្ម​របស់​ក្រសួង​អប់រំ​។

បើ​តាម​ការ​ព្យាករណ៍ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា អត្រា​អក្ខរកម្ម​ជន​ពេញវ័យ​បាន​កើន​ឡើង​ពី​៨២.៥ភាគ​រយ​ក្នុង​ឆ្នាំ​២០១៧ ទៅ​៨៨ភាគរយ​ក្នុង​ឆ្នាំ​២០១៩ និង​កើន​ឡើង​ដល់​៩៥.៧ភាគ​រយ​នៅ​ក្នុង​ឆ្នាំ​២០៣០​ខាង​មុខ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ