អានតួអត្ថបទ
កម្ពុជា-ច្បាប់

ករណី​សកម្មជន​CNRP​៖​ មេ​ធាវី​ថា ​ដើម​បណ្តឹង​៤២​នាក់​មក​ចូល​រួម​សវនា​ការ​បាន​តែ​៦​នាក់​

សវនាការ​នៅសាលាឧទ្ធរណ៍​ទៅ​លើ​​លោក​ មា​ជ​ សុវណ្ណារ៉ា ​និង​សកម្មជន​គណ​បក្ស​​សង្គ្រោះ​​ជាតិ​ ១០​រូប​ផ្សេង​ទៀត​ ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​២​​ ដោយ​​នឹង​​បន្ត​​បើក​​សវនាការ​​សន្និដ្ឋាន​​នៅ​ថ្ងៃ​ស្អែក​ទៀត​។​ រយៈពេល​២​ថ្ងៃ​នៃសវនការ​នេះ ​មេធាវី​ការ​ពារ​​ក្តី​​ឲ្យ​​គណ​បក្ស​ប្រឆាំង​ បាន​កត់​សំគាល់​ថា ​ភាគ​ច្រើន​នៃ​ដើម​បណ្តឹង​ដែល​ជា​អាជ្ញាធរ​មិន​បាន​បង្ហាញ​វត្តមាន​ ទៅ​​តាម​អ្វី​​ដែលពួក​គេ​​អះអាងថា​ជាជនរង​គ្រោះ​នោះទេ​។ ​តែ​បើតាម​មេធាវី​ការ​ពារ​ជន​ជាប់​ចោទ ​គឺ​សាលាឧទ្ធរណ៍​​បាន​ផ្តល់​ឱកាស​ឲ្យ​​មាន​ការ​​បង្ហាញ​​ភស្តុតាង​​ដោះ​បន្ទុក​​ច្រើន​​ជាង​​នៅ​សាលា​ដំបូង​។ ​

លោក មាជ សុវណ្ណារ៉ា ពេលតុលាការនាំមកតុលាការ
លោក មាជ សុវណ្ណារ៉ា ពេលតុលាការនាំមកតុលាការ @RFI
ផ្សាយពាណិជ្ជកម្ម

លោក សំ សុគង់ ជាមេធាវីម្នាក់​ក្នុង​ចំណោម​មេធាវី​ជាច្រើនទៀត​ដែល​ការ​ពារ​ក្តី​ឲ្យ​សកម្មជនគណបក្ស​សង្គ្រោះ​ជាតិ១១រូប បានប្រាប់​វិទ្យុ​បារាំង​អន្តរជាតិRFI​នៅល្ងាច​នេះថា អ្វីដែល​ជា​ការ​កត់​សំគាល់​ នៅក្នុង​សវនាការ​រយៈ​ពេល​២ថ្ងៃមកនេះ គឺភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណីបានបង្ហាញមុខតែចំនួន៦នាក់ ក្នុង​ចំណោម​ម្ចាស់បណ្តឹងដែល​ជា​សន្តិសុខនិងប្រជាការពារ​ខណ្ឌ​ដូន​ចំនួន៤២នាក់។

បើតាមលោកមេធាវី ការ​ដែល​ដើម​បណ្តឹង​មិន​មានវត្តមាននៅក្នុង​សវនាការ​ លោកយល់ថា ដើម្បី​ឲ្យមានភាព​យុត្តិធម៌ទាំងសងខាង គឺទាល់តែភាគី​ពាក់ព័ន្ធ​មានវត្តមានសួរដេញដោល​ក្នុង​សវនាការ។

ក្រុមសន្តិសុខខណ្ឌដូនពេញ ដែលម្ចាស់​បណ្តឹង​បានចោទប្រកាន់​សកម្មជនគណ​បក្សសង្រ្គោះជាតិ​ថាបានប្រើ​ហិង្សា ខណៈមានបាតុកម្មនៅជិតទីលាន​ប្រជាធិបតេយ្យ​កាលពីឆ្នាំ២០១៤។ ប៉ុន្តែ​លោក សំ សុគង់ បាន​ឲ្យដឹងថា នៅក្នុង​សវនាការ​កូនក្តី​របស់ គឺ​លោក មា​ជ សុវណ្ណារ៉ា និងសកម្មជនគណបក្ស​សង្គ្រោះ​ជាតិ១០រូបផ្សេងទៀត បានប្រាប់អង្គសវនាការថា ពួកគេជាជន​រងគ្រោះ​ទៅវិញទេ។ លើសពីនេះទៀត នៅក្នុង​សវនាការ​នៃតុលាការ​ជាន់ខ្ពស់នេះ ​ចៅក្រម​បាន​ផ្តល់​ឱកាសឲ្យ​មានការ​បង្ហាញ​ភស្តុតាង​ដោះបន្ទុក​ច្រើនជាង​នៅសាលាដំបូង​រាជធានីភ្នំពេញ។ នេះបើតាម លោក សំ សុគង់។

សូមបញ្ជាក់ថា កាលពីខែកក្កដាឆ្នាំ២០១៥ លោក មាជ សុវណ្ណារ៉ា ប្រធាន​ផ្នែក​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ នៃអតីត​គណបក្សសង្រ្គោះជាតិ ​លោក ឃិន ជំរឿន ប្រធាន​យុវជនគណបក្សនេះ​ និង​លោក អឿ ណារិទ្ធ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ២០​ ​ឆ្នាំ​។

ចំណែក សកម្មជនចំនួន ៨ នាក់ផ្សេង​ទៀត ត្រូវ​បាន​តុលាការដដែល​កាត់ទោស​ដាក់​ពន្ធនាគារ ៧ ឆ្នាំ​ក្នុង​ម្នាក់ៗ ក្រោម​​បាន​ចោទប្រកាន់​ថា​ «​ចូលរួម​កុបកម្ម​» ខណៈពួកគេធ្វើ​​បាតុកម្មរំដោះ​ទីលាន​ប្រជាធិបតេយ្យ​ ​កាលពីឆ្នាំ​២០១៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ