ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/07 12h00 GMT
កម្ពុជា

កម្ពុជា​និង​ម៉ាលេស៊ី ឯកភាព​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាលេស៊ី​ឡើង​វិញ​

media រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា និង រដ្ឋមន្រ្តីក្រសួងធនធានមនុស្សម៉ាលេស៊ី ចុះអនុស្សារណៈបញ្ជូនពលករទៅម៉ាលេស៊ីឡើងវិញ៕ @FB/ក្រសួងការងារ

ក្រោយ​ពី​បាន​អាក់​ខាន​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាលេស៊ី​មួយ​រយៈ​ រដ្ឋាភិបាល​កម្ពុជា​និង​ម៉ាលេស៊ី បាន​ឯកភាព​ក្នុង​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​តាម​ផ្ទះ​នៅ​ម៉ាលេស៊ី​ឡើង​វិញ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ជុំវិញ​បញ្ហា​នេះ​ មិន​ជំទាស់ចំពោះ​ការ​សម្រេច​នេះ​ទេ ក៏​ប៉ុន្តែ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​លក្ខខណ្ឌ​ការងារ​ឲ្យ​បាន​គ្រប់ជ្រុង​ជ្រោយ ដើម្បី​ធានា​ថា​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​នៅ​ម៉ាលេស៊ី នឹង​មិន​រង​ការ​រំលោភ​បំពាន ម្តង​ទៀត​ឡើយ​។

កម្ពុជា និង​ម៉ាឡេស៊ី បាន​សម្រេច​បន្ត​អនុស្សរណៈ​យោគ​យល់​គ្នា​ស្ដី​ពី​ការ​ជ្រើស​រើស និងបញ្ជូន​ពលករ​ខ្មែរ​ទៅ​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាលេស៊ី​ឡើង​វិញ ក្រោយ​ពី​ផ្អាក​តាំង​ពីឆ្នាំ ​២០១១ មក ។ ការ​សម្រេច​យ៉ាង​ដូច្នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង រដ្ឋ​មន្រ្តី​ក្រសួងការងារ​កម្ពុជា ​និង រដ្ឋ​មន្រ្តី​ក្រសួង​ធនធាន​មនុស្ស​នៃ​ប្រទេស​ម៉ាលេស៊ី កាល​ពី​ថ្ងៃទី ១១ ឧសភា។ តាម​គម្រោង ភាគី​ទាំង​ពីរ នឹង​ប្រជុំ​ពិភាក្សា​បញ្ចប់​រាល់​បញ្ហា​ដែល​នៅ​សេស​សល់​ឲ្យ​ បានចប់​សព្វ​គ្រប់ នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេក​ទេស​លើក​ទី៣ ឲ្យ​បាន​មុន​ដំណាច់​ខែ ឧសភា នេះ។

ព្រម​ជាមួយ​គ្នា​នេះ ដើម្បី​ធានា​បាន​នូវ​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​ប្រកប​ដោយ​សុវត្ថិភាព ភាគី​ទាំងពីរ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​ការអនុវត្ត​អនុស្សារណៈ​មួយ​ចំនួន​ដូច​ជា៖ ការ​លើក​កម្ពស់ និង​កាពារ​សិទ្ធិ​ពលករ​តាម​រយៈ​ការ​អប់រំ​ណែនាំ​តម្រង់​ទិស និង​ការ​បណ្តុះ​បណ្តាល​ជំនាញហាត់​ការ ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការ​ជ្រើស​រើស បណ្តុះ​បណ្តាល បញ្ជូន និង គ្រប់​គ្រង​ពលករខ្មែរ ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន ដើម្បី​ទប់​ស្កាត់​ការ​ជ្រើស​រើស និង​ប្រើ​ប្រាស់​ពលករ​ខុស​ច្បាប់ ក៏​ដូចជា​បង្ការ និង​ប្រយុទ្ធ​ប្រឆាំង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលករ និង ការ​ជួញ​ដូរ​មនុស្ស​ជា​ដើម​។
 
សូម​រំឮក​ឡើង​វិញ​ថា ​កម្ពុជា​បាន​ផ្អាក​បញ្ជូន​ពលករ​បម្រើ​ការងារ​តាម​ផ្ទះ​ទៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ឆ្នាំ​២០១១ ដោយ​ហេតុ​ថា ​ពលករ​មួយ​ចំនួន​ត្រូវ​បាន​ថៅកែ​ធ្វើ​ទារុណកម្ម​វាយ​ធ្វើ​បាប និង​រំលោភ​បំពាន បង្ខំ​ឲ្យ​ធ្វើ​ការ​លើស​ម៉ោង​ពី​ ១៧ ទៅ ២០ ម៉ោង ក្នុង​មួយ​ថ្ងៃ និង​ដោយ​គ្មាន​ថ្ងៃឈប់​សម្រាក ខណៈ​ពលករ​ខ្លះ​ទៀតមិន​ទទួល​បាន​ប្រាក់​កម្រៃ​សោះ​អំឡុង​ពេល​បំពេញ​ការងារ​។
 
នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម (CARAM) លោក យ៉ា ណាវុធ ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​ការ​ការពារ​សិទ្ធិ​របស់​ពលករ​ចំណាក​ស្រុក បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា លោក​មិន​ជំទាស់​នោះ​ទេ ក្នុង​ការសម្រេច​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ម៉ាលេស៊ី​ឡើង​វិញ​នេះ។ ក៏​ប៉ុន្តែ​ដើម្បី​បញ្ចៀស​បញ្ហាប្រឈម​នានា ដែល​ពលករ​ខ្មែរ​តែង​តែ​ជួប​ប្រទះអំឡុង​ពេល​បំពេញ​ការងារ​កន្លង​ទៅ​នោះ លោក ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិនិត្យ​លក្ខខណ្ឌ ឬ កិច្ចសន្យា​ការងារ​ឲ្យ​បាន​ម៉ត់​ចត់​មុនបញ្ជូន​ពល​ករ​ទៅ​ធ្វើ​ការ។ ជា​កិច្ច​សន្យា​ដែល​កំណត់​ម៉ោង​ធ្វើ​ការ ថ្ងៃឈ​ប់សម្រាក​ប្រចាំ​សប្តាហ៍ និង​ប្រចាំ​ឆ្នាំ ក្នុង​ការ​ធានា​ការ​គោរព​សិទ្ធ​មនុស្ស។ និង​ចាំ​បាច់​ត្រូវ​បណ្តុះ​បណ្តាល​ពលករ​ឲ្យ​យល់​ពី​ទំនៀមទម្លាប់​នៃ​ប្រទេស​ម៉ាឡេស៊ី ទីតាំង​នៃ​ក្រុម​ហ៊ុន​ដែល​បញ្ជូន​ពល​ករ​នៅ​ប្រទេស​ម៉ាលេស៊ី និង​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ម៉ាលេ​ស៊ី ដែល​អាច​ជួយ​សម្រួល​ឲ្យ​ពួក​គេ​អាច​ស្វែង​រកអន្តរាគមន៍​ភ្លាមៗ​នៅ​ពេល​មាន​បញ្ហា​ណា​មួយ​កើត​ឡើង។
 
បន្ថែម​លើ​នេះ ​រដ្ឋាភិបាលគួរ​បង្កើត​យន្តការ​តាម​ដាន​ត្រួត​ពិនិត្យ ឬ ធ្វើ​អធិការកិច្ច​ជា​ប្រចាំ ដើម្បី​ធានា​ពលករ​ខ្មែរ​នឹង​មាន​សុវត្ថិភាព ពិសេស ត្រូវ​ចាត់វិធានការណ៍​ឲ្យ​ម៉ឺង​ម៉ាត់ ចំពោះ​ក្រុមហ៊ុន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​ទៅ​តាម​ផ្លូវ​ច្បាប់​៕
 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ