អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ប្រារព្ធ​ខួប​៥ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​​របស់​ព្រះបាទ​នរោត្តមសីហនុ

ពិធី​គោរព​ព្រះវិញ្ញាណ​ក្ខន្ធ​សម្ដេច​ព្រះបាទ នរោត្តម សីហនុ គម្រប់​ខួប​៥ ឆ្នាំ នៅ​ឆ្នាំ​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ដូច​រៀង​រាល់​ឆ្នាំ​ដែរ។ ស្ថាប័ន​ជាតិ រួម​ទាំង​ថ្នាក់​ដឹក​នាំ​កំពូលៗ​ ព្រឹទ្ធ​សភា រដ្ឋសភា និង​រដ្ឋាភិបាល គ្រប់​ក្រសួង​មន្ទីរ បាន​ដាក់​វេន​គ្នា ដើម្បី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ ព្រះ​បរមរតនកោដ្ឋ នៅ​វិមាន​តម្កល់​ព្រះបរម​រូប ខាងកើត​វិមាន​ឯករាជ្យ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ខែ​តុលា​នេះ។

មន្ត្រី​សំខាន់ៗ​ក្នុង​ក្រសួង​នៃ​រដ្ឋាភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០១៧ បាន​តម្រង់​ជួរ​​ជា​បន្ត​បន្ទាប់​ ដើម្បី​គោរព​ព្រះវិញ្ញា​ណក្ខន្ធ ព្រះបរមរតនកោដ្ឋ
មន្ត្រី​សំខាន់ៗ​ក្នុង​ក្រសួង​នៃ​រដ្ឋាភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០១៧ បាន​តម្រង់​ជួរ​​ជា​បន្ត​បន្ទាប់​ ដើម្បី​គោរព​ព្រះវិញ្ញា​ណក្ខន្ធ ព្រះបរមរតនកោដ្ឋ PM Facebook
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​នេះ នៅ​តាម​បណ្តា​ផ្លូវ វិថី​ និង ស្ថាប័ន សំខាន់ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង នៅ​តាម​បណ្តា​ខេត្ត​នានា ក៏​មាន​ផងដែរ​ ការ​ដាក់​តាំង​ព្រះបរម​ឆាយាល័ក្ខណ៍​របស់​ព្រះអង្គ ដោយ​មាន​ភ្លើង​ពណ៍​បំភ្លឺ និង តុប​តែង​លម្អ​ទង់​ជាតិ បដា ពាក្យ​ស្លោក និង​ ទង់ជាតិ​ព្រះរាជា​ណាចក្រ​កម្ពុជា​ដូចឆ្នាំមុនៗដែរ។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​តុលា​នេះ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក រំលឹក​ពី​ស្នាព្រះហស្ថ​របស់ ព្រះ​បរមរតនកោដ្ឋ តួយ៉ាង​ដូច​ជា​ព្រះរាជបូជនីយ​កិច្ចទាមទារ​ឯករាជ្យ​ពីប្រទេស​បារាំង​នា​ថ្ងៃទី៩ ខែ​វិច្ឆកា ឆ្នាំ១៩៥៣ជា​ដើម​។

គណបក្សហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នៅ​ថ្ងៃទី១៤​តុលា បាន​ប្រារព្វ​ខួប៥ឆ្នាំ នៃ​ការយាង​សោយទីវង្គត​នៃ​អតីត​ព្រះ​មហាក្សត្រ​នរោត្តម សីហនុ។ ក្នុង​នោះ គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច​បាន​រៀបចំ​ពិធី​នេះ ក្រោម​វត្តមាន​ព្រះ​ប្រ​ធាន​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច សម្តេច​ក្រុម​ព្រះ នរោត្ត រណឫទ្ធិ​នៅ​ទី​តាំង​បរិវេណ​ព្រះរាជ​ដំណាក់ ក្នុង​បុរី​ទន្លេបាសាក់។ ចំណែក​គណ​បក្សខ្មែរ​រួបរួម​ជាតិ​វិញ បាន​ប្រារព្វ​ពិធី​នេះ នៅ​ទី​ស្នាក់​ការ​កណ្តាល​របស់​ខ្លួន នៅ​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ជ្រោយ​ចង្វា រាជ​ធានី​ភ្នំពេញ។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរមរតនកោដ្ឋ ជា​រៀង​រាល់​ឆ្នាំ​ នៅ​ឆ្នាំ​នេះ​មិន​បាន​ប្រារព្ធ​ពិធី​ធំ​ដុំ​អ្វី​នោះទេ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ​អះអាង​ថា​មន្ត្រី​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ បាន​គោរព​ព្រះវិញ្ញាណក្ខន្ធ​របស់​អតីត​ព្រះ​មហាក្សត្រ​នៅ​ក្នុង​ដួង​ចិត្ត​រូច​ហើយ និង​ម្យ៉ាង​បក្ស​ប្រឆាំង​កំពុង​តែទទួល​រងគំនាប​នយោបាយ មន្ត្រី​បក្ស​ក្នុង​ប្រទេស​មាន​គ្នា​តិច និង​មន្ត្រី​ខ្លះ​បាន​ចុះ​មូល​ដ្ឋាន។

សូម​បញ្ជាក់​ថា ព្រះករុណា​ ព្រះ​បាទ​សម្តេច​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណ​ភាពទឹកដី និង ឯក​ភាពជាតិ បាន​ប្រសូតនៅ​ថ្ងៃ​ទី ៣១ ខែ តុលា ឆ្នាំ​១៩២២ និង បាន​យាង​ចូល​ទិវង្គត​កាល​ពី​ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ នៅ​ទី​ក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះជន្មាយុ ៩០ ព្រះវស្សា។

អតីត​ព្រះមហាក្សត្រ សម្តេច​ព្រះនរោត្តម សីហនុ គឺ​ជា​ឥស្សរជន​​​​លេចធ្លោ​បំផុត ក្នុង​ឆាកនយោបាយ​កម្ពុជា ក្នុងរយៈកាល​ប្រមាណ​ជា ៧ទសវត្សរ៍​​កន្លងទៅ។ អតីត​ព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ​ទ្រង់​គ្រង​រាជបល្ល័ង្ករហូតដល់​ទៅ ២លើក ហើយ​បាន​ដាក់រាជ្យ​ ២លើក ទ្រង់​គឺ​ជា​តួអង្គ និង​ជា​សាក្សី​ដ៏​​ចម្បង​បំផុត ​នៃ​ប្រវត្តិសាស្រ្តខ្មែរ​សម័យ​ទំនើប រាប់ចាប់តាំង​ពី​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​បារាំង សម័យ​រុងរឿង​ក្រោយ​ឯករាជ្យ ទំព័រ​ខ្មៅ​ងងឹត​នៃ​របបខ្មែរ​ក្រហម រហូតដល់​យុគសម័យ​សន្តិភាព ​ការផ្សះផ្សារ​ជាតិ និង​ការ​បង្កើត​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៅ​ក្នុង​ទសវត្សរ៍​ទី​៩០។ ​ស្នាព្រះ​ហស្ត​របស់​ព្រះបរមរតនកោដ្ឋ ដែលគេមិនអាច​បំភ្លេច​បាន​មួយ​ទៀត គឺ​ព្រះរាជបូជនីយ​កិច្ចទាមទារ​ឯករាជ្យ​ពី​ប្រទេសបារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ