អានតួអត្ថបទ
កម្ពុជា

ក្រសួង​​បរិស្ថាន​​ផ្តល់​​​សិទ្ធិ​​ដល់​​សហគមន៍​​ចំនួន​​៤​ ​នៅ​​ខេត្ត​​កោះកុង​​ជួយ​​ការពារ​​និង​​អភិរក្ស​​ធនធាន​​ធម្មជាតិ

រដ្ឋមន្ត្រី ​ក្រសួង​បរិស្ថាន​លោក ​សាយ សំ​អាល់ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២០ ​កុម្ភៈ ​នេះ ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​​ខេត្ត​​កោះកុង ​ដើម្បី​​ចុះ​​កិច្ច​​ព្រម​ព្រៀង​​មួយ ​ផ្តល់​​សិទ្ធិ​​ដល់​​សហគមន៍​​ប្រជាពលរដ្ឋ​នានា​​​ ក្នុង​​​ការ​​​ការពារ​​​ធន​ធាន​​​ធម្មជាតិ ​​រយៈពេល​​១៥​​ឆ្នាំ​​។ ​ការ​​ប្រគល់​​សិទ្ធិ​ ​ដល់​ប្រជា​សហ​គមន៍​​​ នៅ​ពេលនេះ​​បាន​​ធ្វើ​​ឡើង​​បន្ទាប់​ពី ​សហគមន៍​​នៅ​​ខេត្ត​​កោះកុង​​បាន​​បំពេញ​លក្ខខណ្ឌ​​​ជា​​ច្រើន​​​ដំណាក់​កាល ​​ក្នុង​​នោះ​​មា​ន​ការ​​រៀប​​ចំ​​ផែ​នកា​រ​សម្រាប់​​អភិវឌ្ឍន៍ ​សហគមន៍​​ផង​​ដែរ​​។ 

ភូមិសាស្ត្រ​ក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ខេត្តកោះកុង
ភូមិសាស្ត្រ​ក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ខេត្តកោះកុង Environnement
ផ្សាយពាណិជ្ជកម្ម

កិច្ច​ព្រម​ព្រៀង​​នេះ ​​បាន​​ធ្វើ​​ឡើង​​រវាង​​អគ្គ​នាយក​ដ្ឋាន​​សហគម​ន៍​​មូលដ្ឋាន​​ក្រសួង​​បរិស្ថាន ​​និង​សហគមន៍​​តំបន់​​ការពារ​​ធម្មជាតិ​​ចំនួន​​៤ ​​នៅ​​ក្នុង​​ខេត្ត​​កោះកុង​ ​ដែល​​មាន​​ការ​​ចូលរួម​​ផង​ដែរ​ ​ពី​​តំណាង​​ធនាគារ​​អភិវឌ្ឍន៍​​អាស៊ី ​​អង្គការ​​មិន​មែន​​រដ្ឋាភិបាល ​អាជ្ញាធរ​​មូលដ្ឋាន ​ប្រមាណ​ជាង​២០០​នាក់​។ ​គិត​​​ទាំង​៤​សហគមន៍​​នេះ​​ទៀត​ ក្រសួង​បរិស្ថាន​​បាន​ប្រគល់​​សិទ្ធិ​ ដល់​​​ប្រជា​​សហគមន៍ តំបន់​ការពារ​ធម្មជាតិ​​ចំនួន​១៣៧ ​ហើយ ​ដែល​មាន​​ផ្ទៃ​ដី​​ជិត ​២​សែន ​ហិច​តារ​​​។

លោក ​ខៀវ បូ​រិ​ន ​អគ្គនាយក​​នៃ​​អគ្គនាយក​ដ្ឋាន​​សហគម​ន៍​​មូលដ្ឋាន​​ក្រសួង​បរិស្ថាន​​ឲ្យ​​ដឹង​ថា ប្រជា​​សហគមន៍​​ចំនួន ​៤​នេះ​ ត្រូវ​បាន​​ឆ្លង​កាត់​​ពី​៨​​ទៅ​៩ ដំណាក់​កាល ​ដើម្បី​​ទទួល​បាន​ការ​ទុក​ចិត្ត​​ពី​​ក្រសួង​បរិស្ថាន ​និង​​បាន​ប្រគល់​​ការ​ទទួល​ខុស​ត្រូវ​​ដល់​​សហគមន៍​​ទាំង​នោះ ​ក្នុង​ការ​អាស្រ័យ​​ផល ​និង​​ការពារ​​ធនធាន​ធម្មជាតិ​។

ក្រសួង​បរិស្ថាន​​បាន​បញ្ជាក់​​ពី​​គោល​បំណង​​នៃ​​ដំណើរ​​ចុះ​ទៅ​​កាន់​​តំបន់​​សហគមន៍ ​ហើយ​ឈាន​ទៅ​ដល់​​ការ​ចុះ​​កិច្ច​ព្រម​ព្រៀង ​ដើម្បី​​ផ្តល់​​សិទ្ធិ​​ស្រប​ច្បាប់​​ដល់​​សហគមន៍ ​ក្នុង​ការ​ការពារ​ ប្រើប្រាស់ ​និង​​គ្រប់គ្រង​​ធនធាន​ធ​ម្មជាតិ ​ក្នុង​​សហគមន៍​​តំបន់​កា​រពារ​ធម្មជាតិ​ ជា​លក្ខណៈ​​ស្វ័យ​គ្រប់​​​គ្រង ​ស្របតាម​​លក្ខខណ្ឌ ​និង​​ស្ថានភាព​​ជាក់​ស្តែង​​របស់​​ស​ហគ​មន៍​នីមួយ​ៗ ​ក្នុង​ទិសដៅ​​លើក​​កំពស់​​ជីវភាព​​សហគម​ន៍​ ដែល​មាន​​សុពលភាព​​រយៈពេល ១៥​ឆ្នាំ​។

លោក ​ខៀវ បូ​រិ​ន បញ្ជាក់​ថា ​សហគមន៍​​នឹង​​ទទួល​បាន​​សិទ្ធិ​​បន្ត​​លើសពី​១៥​ឆ្នាំ ​ប្រសិន​បើ​ការ​អនុវត្ត​​របស់​​ពួកគាត់​​ប្រកប​ដោយ​ភាព​​វិជ្ជមាន​។​ តាមរយៈ​កិច្ចព្រមព្រៀង​នេះ​សហគមន៍ នឹង​ទទួលបាន​នូវ​ភាពជា​ម្ចាស់ សិទ្ធិ​សម្រេច និង​ចាត់វិធានការ ស្របតាម​លក្ខន្តិកៈ​សហ​គម​ន៍ ក៏ដូចជា​សិទ្ធិ​ចូលរួម​ទប់ស្កាត់​បទល្មើស​នានា​ក្នុង​សហគមន៍។

ជាមួយ​គ្នា​នេះ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានបង្ហាញ​ពី​ការគាំទ្រ និង​លើក​ទឹកចិត្ត​​ឱ្យ​​ប្រជា​​សហគមន៍ យក​ចិត្តទុកដាក់​លើ​ការងារ​ចិញ្ចឹមសត្វ ក៏ដូចជា​សិក្សា​បន្ថែម​នូវ​ជំនាញ​វិជ្ជាជីវៈ ដើម្បី​ភាពប្រសើរ​នៃ​សហគមន៍ ដែល​នេះ​ជាការ​រួមចំណែក​យ៉ាងសំខាន់​ដល់​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យនៅ​ថ្នាក់មូលដ្ឋាន ស្របតាម​ទិសដៅ​នៃ​កំណែទម្រង់​វិមជ្ឈការ​​ វិសហមជ្ឈការ​​របស់​​រដ្ឋាភិបាល។​

សូម​បញ្ជាក់​ថា ក្រសួង​បរិស្ថាន នៅមាន​​គំរោង​​ជាច្រើន នៅ​​ទី​កន្លែង​​ផ្សេង​ទៀត​​ក្នុង​ប្រទេស ដែល​​នឹង​​គ្រោង​​ផ្តល់​នូវ​​កិច្ច​ព្រមព្រៀង​​ដល់​​សហគមន៍​​មូលដ្ឋាន ​ដើម្បី​​ឲ្យ​​សហគមន៍​​ធ្វើជា​​ដៃគូ ក្នុង​ការ​​ចូលរួម​​អភិរក្ស​​និង​​ការពារ​​ធនធាន ​ធម្មជាតិ ​ដែល​មាន​​មន្ត្រី​​បរិស្ថាន​​ជា​​អ្នក​​ជួយ​បង្ហាត់​បង្រៀន​ ផង​ដែរ​៕​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ