អានតួអត្ថបទ
កម្ពុជា-សង្គម

ដែន​ជម្រក​សត្វ​ព្រៃ​មួយ​កន្លែង​ទៀត​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខេត្ត​ក្រ​ចេះ​

រដ្ឋា​ភិបាល​កម្ពុជា​ បាន​សម្រេច​បង្កើត​ដែន​ជម្រក​សត្វ​ព្រៃ​មួយ​កន្លែង​ទៀត​នៅ​ស្រុក​ព្រែក​ប្រសព្វ​ និង​ស្រុក​សំបូរ​ក្នុង​ខេត្ត​ក្រចេះ​ ដោយ​ដាក់​ឈ្មោះ​ថា​ដែន​ជម្រក​សត្វ​ព្រៃ ​ ព្រែក​ប្រសព្វ។​ ដែន​ជម្រក​សត្វ​ព្រៃ​​ថ្មី​នេះ​មាន​ផ្ទៃ​ដី​ទំហំ​១២៧៧០ហិកតា ដោយ​មិន​រួម​​បញ្ចូល​ដី​កម្ម​សិទ្ធ​ឯក​ជន​ និង​ដី​ប្រើ​ប្រាស់​ជា​ប្រយោជន៍​សាធារណៈ​។​ 

សត្វ​ព្រៃ​​នៅ​​កម្ពុជា​​​
សត្វ​ព្រៃ​​នៅ​​កម្ពុជា​​​ © WWF
ផ្សាយពាណិជ្ជកម្ម

ការ​សម្រេច​បង្កើត​ដែន​ជម្រក​សត្វ​ព្រៃនៅ​ខេត្ត​ក្រចេះនេះ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ អះអាងថា​ដើម្បី​​កិច្ច​គាំពា​របរិស្ថាន​ ការ​អភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ីជីវៈចម្រុះ និង​ការ​ប្រើ​ប្រាស់​ធន​ធាន​ធម្ម​ជាតិ​ប្រកប​ដោយ​និរន្តរភាព។ នេះជាការ​គូសបញ្ជាក់នៅក្នុង​អនុ​ក្រឹត្យ ​របស់​ប្រមុខ​រដ្ឋាភិបាល​ចុះ​ថ្ងៃទី៥​តុលាឆ្នាំ​២០១៨។

បើតាម​អនុក្រឹត្យដដែលនេះ ការ​បង្កើត​ដែន​ជម្រក​សត្វ​ព្រៃ​ដ៍ធំមួយ​កន្លែង​ទៀតនេះ គឺជាការ​ធានា​ឲ្យ​មានការ​ថែទាំ​ជម្រក​សត្វ​ព្រៃ សត្វ​ស្លាប រុក្ខជាតិ និង​ជីវៈចម្រុះ ដើម្បី​រក្សា​លំនឹង​បរិស្ថាន​ កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាសធាតុ និង​ហានិភ័យ​មហន្តរាយ​ដោយ​គ្រោះ​ធម្មជាតិ។ លើសពីនេះទៀត ក៏ជាការ​លើកទឹក​ចិត្ត​ឲ្យមានការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ និង​អ្នក​ពាក់​ព័ន្ធ​ក្នុង​ថែរក្សា​និង​អភិរក្ស​ធនធាន​ធម្មជាតិប្រកប​ដោយ​និរន្តរភាព​ផងដែរ។

សូមរំឭកថា កាលពី​ថ្ងៃ​ទី​១៦​មីនាឆ្នាំ២០១៨ ​ព្រះមហាក្សត្រ បាន​ចេញ​ព្រះ​រាជក្រឹត្យមួយ​ទៅ​ក្រសួង​បរិស្ថាន ឲ្យ​រំសាយ​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល ក្នុង​ខេត្ត​ក្រចេះ និង​ដែនជម្រក​សត្វ​ព្រៃ​រនាមដូនសំ នៅខេត្ត​​បាត់​ដំបង។ ការ​រំសាយ​ដែន​ជម្រក​សត្វ​ព្រៃទាំងពីរ​កន្លែងដែល​មាន​ផ្ទៃ​ដី​សរុប​ប្រមាណ​ជាង​១១​ម៉ឺន៤ពាន់​ហិក​តា កាលណោះ ត្រូវបាន​​ក្រសួង​បរិស្ថាន បកស្រាយថា មកពីការ​ហិន​ហោច​អស់ព្រៃ​អភិរក្ស ដោយ​សារ​តែ​កំណើន​ប្រជាជន។

តែជាមួយគ្នានោះ រដ្ឋាភិបាល​កម្ពុជា ក៏បាន​សម្រេច​បង្កើត​ដែន​ជម្រក​សត្វ​ព្រៃមួយ​កន្លែងឈ្មោះ​ថា «សង្ឃ​រុក្ខាវ័ន» នៅ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ចំនួន​៣គឺ​ស្រុក​អន្លង់​វែង ស្រុក​សំរោង និង​ស្រុក​ចុង​កាល់ ខេត្ត​ឧត្តរ​មានជ័យ លើ​ផ្ទៃដី​ជាង​៣ម៉ឺន​ហិកតា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ