អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​ដំណក់​ប្រេង​របស់កម្ពុជា៖ ​ពរជ័យ ឬ ​បណ្ដាសារ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្ពុជា​កំពុង​តែ​សាទរ​ចំពោះ​ដំណក់​ប្រេង​ដំបូង​របស់​ខ្លួន ដែល​នឹង​ទទួល​បាន​នៅ​ចុង​ឆ្នាំ​២០១៩ ឬ​យ៉ាង​យូរ ដើម​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។ សម្រាប់​មនុស្ស​មួយ​ចំនួន ភោគ​លាភដែល​ទទួល​បាន​ពី​​អណ្ដូង​​​​​ប្រេង គឺ​ជា​ពរ​ជ័យ​សម្រាប់​កម្ពុជា​។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​បារម្ភ​ថា ការ​ទាញ​យក​ប្រេង​នៅ​កម្ពុជា​នេះ អាច​ក្លាយ​ជា​បណ្ដាសារ​ទៅ​វិញ​។ ហេតុ​អ្វី?

ការ​វិនិយោគ​លើ​វិស័យ​ប្រេង របស់​ក្រុមហ៊ុន KrisEnergy
ការ​វិនិយោគ​លើ​វិស័យ​ប្រេង របស់​ក្រុមហ៊ុន KrisEnergy KrisEnergy
ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា ផែនការ​បូម​យក​ប្រេង មិន​មែន​ជា​រឿង​ថ្មី​ទេ​។ ការងារ​នេះ​បាន​ចាប់​ផ្ដើម​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ ដោយ​ក្រុម​ជំនាញ​ប្រេង​កាត​របស់​បារាំង ប៉ុន្តែ​​បាន​ផ្អាក​ទៅ​វិញ​ដោយ​សារ​តែ​សង្គ្រាម​។ បន្ទាប់​ពី​សង្គ្រាម​បិទ​បញ្ចប់ ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ការ​បូម​ប្រេង​នៅ​កម្ពុជា បាន​ចាប់​ផ្ដើម​ឡើង​វិញ នៅ​ឆ្នាំ​១៩៨៧។ ជា​បន្ត​បន្ទាប់ ក្រុម​អ្នក​ជំនាញ​មក​ពី​ប្រទេស​ផ្សេង​ៗ រាប់​ចាប់​តាំង​ពី​អតីត​សហភាព​សូវៀត ជប៉ុន និង​អាមេរិក បាន​រក​ឃើញ​ការ​វិវត្ត​ថ្មី​ៗ​ស្ដី​ពី​ប្លុក​ប្រេង​កាត​នៅ​កម្ពុជា​ និង​បាន​ព្យាយាម​បោះ​ជំហាន​ទៅ​បូម​ប្រេង​ទាំង​នោះ​ចេញ​ពី​ជម្រៅ​បាត​សមុទ្រ​។

ដ្បិត​តែ​ទទួល​បរាជ័យ​ម្ដង​ជា​ពីរ​ដង ប៉ុន្តែ​តាម​រយៈ​ការ​ពុះ​ពារ​មិន​ចុះ​ញ៉ម ក្ដី​ស្រមៃនៃ​ការ​​ទាញ​យក​ប្រេង​ឆៅ​នៅ​ក្នុង​ជម្រៅ​បាត​សមុទ្រ កំពុង​តែ​ខិត​ទៅ​រក​ការ​ពិត​មែន​ទែន​ហើយ​។ ក្រសួង​រ៉ែ​និង​ថាមពល​របស់​កម្ពុជា ព្រម​ទាំង​ក្រុមហ៊ុន KrisEnergy របស់​សិង្ហបុរី បាន​បញ្ជាក់​ច្បាស់​ថា ដំណើការ​បូម​យក​ប្រេង​នៅ​កម្ពុជា នឹង​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នៅ​ចុង​ឆ្នាំ​២០១៩​នេះ ឬ​យ៉ាង​យូរ​នៅ​ដើម​ឆ្នាំ​២០២០​។

វា​ប្រៀប​បាន​ទៅ​នឹង​​សុបិន​​ក្លាយ​ជា​ការ​ពិត​។ កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ផលិត​ប្រេង។ ប្រេង​ដែល​ជា​រ៉ែ​​មាន​តម្លៃ និង​ជា​សេចក្ដី​ត្រូវ​ការ​របស់​បណ្ដា​ប្រទេស​មាន​លុយ​ជា​ច្រើន​នៅ​លើ​សកល​លោក​។ ចង់​ឬ​មិន​ចង់ តាម​រយៈ​ការ​បូម​ប្រេង​នេះ កម្ពុជា​នឹង​បាន​ទទួល​ផល​សេដ្ឋកិច្ច​ថ្មី បន្ថែម​ពី​លើ​អ្វី​ដែល​មាន​រួច​ស្រាប់​នា​ពេល​បច្ចុប្បន្ន​​។

សម្រាប់​មនុស្ស​មួយ​ចំនួន ភោគ​លាភដែល​ទទួល​បាន​ពី​​អណ្ដូង​​​​​ប្រេង គឺ​ជា​ពរ​ជ័យ​សម្រាប់​កម្ពុជា​។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​បារម្ភ​ថា ការ​ទាញ​យក​ប្រេង​នៅ​កម្ពុជា​នេះ អាច​ក្លាយ​ជា​បណ្ដាសារ​ទៅ​វិញ​។

នៅ​លើ​សកល​លោក មាន​បណ្ដា​ប្រទេសច្រើន​ណាស់ ដែល​រង​បណ្ដាសារ​ដោយ​សារ​តែ​ការ​ផលិត​ប្រេង ឧទាហរណ៍​ដូច​ជា ប្រទេស​នីហ្សេរីយ៉ា សៀរ៉ាឡេអូន អង់ហ្គូឡា និង​វេណេស៊ុយអេឡា​ជា​ដើម​។ ផ្ទុយ​ស្រឡះ​ពី​ការ​បាន​ភោគផល​ហើយ​ប្រែ​ក្លាយ​ខ្លួន​ជាប្រទេស​អ្នក​មាន ប្រទេស​ផលិត​ប្រេង​ទាំង​នោះ​​បាន​ធ្លាក់​ខ្លួន​ក្រី​ក្រ​តោកយ៉ាក​ទៅ​វិញ នៅ​ពេល​ដែល​សេដ្ឋកិច្ច​របស់ខ្លួន ពឹង​ផ្អែក​ខ្លាំង​ជ្រុល​ពេក​លើ​ឧស្សាហកម្ម​ប្រេង​​។ ការ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​វិស័យ​ប្រេង ធ្វើ​ឲ្យ​ការ​វិនិយោគ​ក្នុង​វិស័យ​ផ្សេង​ទៀត​ចុះ​ខ្សោយ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​នោះ​ងាយ​រង​គ្រោះ​នៅ​ពេល​តម្លៃ​ប្រេង​មាន​ការ​ប្រែ​ប្រួល​ធ្លាក់​ចុះ​ ឬ​នៅ​ពេល​ដែល​ធនធាន​ប្រេង​នោះចាប់​ផ្ដើម​​រីង​ស្ងួត​។

ដើម្បី​​ចៀស​ផុត​ពី​បណ្ដាសារ ការ​សិក្សាស្រាវ​ជ្រាវ​ជា​ច្រើន​បាន​ផ្ដល់ទម្ងន់​ដល់​ការ​ធ្វើ​ពិពិធកម្មសេដ្ឋកិច្ច​។ ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ ដែល​អាច​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ក្នុង​​រយៈ​ពេល​វែង​។ យ៉ាង​ណា​ក៏​ដោយ ​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​តែ​ម្យ៉ាង​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​។

នៅ​ក្នុង​ករណី​កម្ពុជា ដែល​ជា​ប្រទេស​ក្មេង​ខ្ចី​ក្នុង​វិស័យ​ប្រេង កម្ពុជា​ត្រូវ​តែ​មាន​ច្បាប់​ដ៏​រឹង​មាំ និង​ប្រព័ន្ធ​គ្រប់​គ្រង​ប្រកប​ដោយ​តម្លាភាព​។ ឥឡូវ​នេះ កម្ពុជា​បាន​រៀបចំ​រួច​ហើយ ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​ប្រេង​កាត និង​ផលិតផល​ប្រេង​កាត​។ ប៉ុន្តែ​មាន​ច្បាប់​តែ​ម្យ៉ាង​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​។ កម្ពុជា​ត្រូវ​អនុវត្ត​ច្បាប់​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​និង​រឹង​មាំ ដើម្បី​ធានា​ឲ្យ​បាន​ថា ផល​ដែល​កម្ពុជា​ទទួល​បាន​ពី​វិស័យ​ប្រេង​កាត ត្រូវ​បាន​ប្រើ​ប្រាស់​ចំ​ទិស​ដៅ​និង​សម​ហេតុផល ចៀស​ផុត​ពី​ការ​កេង​ប្រវ័ញ្ច​និង​អំពើ​ពុក​រលួយ​ផ្សេង​ៗ​។

ជា​ពរ​ជ័យ​ឬ​បណ្ដាសារ វា​អាស្រ័យ​លើ​ការ​ប្រយ័ត្ន​ប្រយែង និង​ភាព​ល្អិត​ល្អន់របស់​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ចាត់​ចែង​ភោគលាភ​ពី​ដំណក់​ប្រេង។ ដំណក់​ប្រេង​​ដែល​កម្ពុជា​នឹង​ទទួល​បានជា​លើក​ដំបូង ក្នុង​​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ