អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ស្វាគមន៍​បរទេស​ដែល​ចង់​ធ្វើ​កិច្ច​សហ​ប្រតិ​បតិ្ត​ការ​ស្មុំ​កូន

ក្រសួង​សង្គម​កិច្ច​បាន​ប្រកាស​ថា​ខ្លួន​ទទួល​ស្វាគមន៍​រាល់​បណ្តា​ប្រទេស​ទាំង​ឡាយ​ណា ដែល​ចង់​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ស្មុំ​កូន​អន្តរ​ប្រទេស​ជាមួយ​កម្ពុជា។ ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង តាមរយៈ​សេចក្តី​ជូន​ដំណឹង​អំពី​ស្ថានភាព​ស្មុំ​កូន​អន្តរប្រទេស​នៅ​កម្ពុជា នៅ​ថ្ងៃទី ២មីនា។ ប៉ុន្តែ ប្រធាន​រដ្ឋបាល​ស្មុំ​កូន​អន្តរប្រទេស​របស់​ក្រសួង​បាន​បញ្ជាក់ថា នៅ​ពេលនេះ​កម្ពុជា​ទៅ​មិន​ទាន់​មាន​ក្មេង​ក្នុង​ដៃ​ដើម្បី​ឲ្យ​បរទេស​អាច​ស្មុំ​បាន​នៅឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​ការ​បញ្ចប់​នីតិវិធី​ចំនួន​ពីរ​សំខាន់​ទៀត​សិន។

កុមារីនៅក្នុងមណ្ឌលដើម្បីភាពញញឹមនៃកុមារ។
កុមារីនៅក្នុងមណ្ឌលដើម្បីភាពញញឹមនៃកុមារ។ @Facebook
ផ្សាយពាណិជ្ជកម្ម

ដើម្បី​រៀបចំ​ឯកសារ​ច្បាប់​ស្តីពី​ការ​ស្មុំ​កូន​អន្តរ​ប្រទេស​ពី​កម្ពុជា​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​និង​ធានា​បាន​នូវ​ការពារ​តាមផ្លូវ​ច្បាប់​ជូន​ដល់​កុមារ​ដែល​ត្រូវ​បាន​ស្មុំ​នោះ រដ្ឋា​ភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សង្គមកិច្ច​បាន​ប្រកាស​ស្វាគមន៍​រាល់​បណ្តា​ប្រទេស ដែល​មាន​បំណង​ធ្វើ​កិច្ច​សហប្រតិ​បត្តិការ​ស្មុំ​កូន​អន្តរ​ប្រទេស​ជាមួយ​កម្ពុជា។ កិច្ច​សហប្រតិ​បត្តិការ​នេះ​ត្រូវធ្វើឡើង​តាមរយៈ​កិច្ច​ព្រមព្រៀង​ទ្វេភាគី ហើយ​ការ​ស្មុំ​កូន​ត្រូវតែ​ធ្វើឡើង​តាមរយៈ​ទីភ្នាក់ងារ​ស្មុំ​កូន​នានា​ដែល​ត្រូវ​បាន​ចុះបញ្ជី​ផ្លូវការ និង​ធ្វើ​ការងារ​អស់ទាំង​នេះ​ជំនួស​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន និង​ឪពុក​ម្តាយ​ដែល​ត្រូវ​យក​កូន​យកទៅ​ចិញ្ចឹម។

លោក​រឿន រិទ្ធី​រ័ត្ន ប្រធាន​រដ្ឋបាល​ស្មុំ​កូន​អន្តរប្រទេស​របស់​ក្រសួង​សង្គមកិច្ច​កម្ពុជា បាន​បញ្ជាក់​ថា ច្បាប់​ស្មុំ​កូន​ថ្មី​នេះ នឹង​តម្រូវ​ឲ្យ​ឪពុក​ម្តាយ​ដែល​ចង់​យក​កូន​ទៅ​ចិញ្ចឹម​នោះ​ត្រូវតែ​បង់​ប្រាក់​ទៅ​ទីភ្នាក់ងារ​របស់ខ្លួន​ចំនួន ៥ពាន់​ដុល្លា​សម្រាប់​ក្មេង​ម្នាក់។ ហើយ​ប្រាក់​ទាំងអស់នេះ​នឹងត្រូវ​បង់​ទៅ​ឲ្យ​ក្រសួង​សង្គមកិច្ច យកទៅ​បែងចែក​ទៅកាន់​ក្រសួង​នានា និង​ស្ថាប័ន​មួយចំនួន ដែល​ធ្វើការ​លើ​ការងារ​នេះ។

ប៉ុន្តែ​លោក​បាន​បន្តថា ចាប់​តាំង​ពី​ផ្អាក​ការ​ស្មុំ​កូន​អន្តរ​ប្រទេស​កាលពី​ឆ្នាំ ២០១១ រហូតមក​ទល់នឹង​ពេលនេះ កម្ពុជា​នៅ​មិនទាន់​បើក​ឲ្យ​មានការ​ស្មុំ​កូន​ឡើង​វិញ​នៅឡើយ​ទេ ដោយ​ក្រសួង​កំពុង​តែ​ជំរុញ​ដើម្បី​បញ្ចប់​នីតិ​វិធី​សំខាន់​ៗ​ចំនួន​ពីរ​បន្ថែម​ទៀត ដែល​មាន​ទី១៖ នីតី​វិធី​ស្តីពី​ការ​ស្មុំ​កូន​ក្នុង​ស្រុក និង​ទី២៖ ស្តង់ដារ​គ្រប់គ្រង​ករណី និង​ការ​បង្រួប​បង្រួម​គ្រួសារ ដើម្បី​ធ្វើ​សមាហរណកម្ម​កុមារ ដែល​កំពុង​រស់​នៅ​ក្នុង​មណ្ឌល​រដ្ឋ និង​មណ្ឌល​អង្គការ​មិនមែន​រដ្ឋាភិបាល។ គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា​បាន​អនុម័ត​ច្បាប់​ស្តីពី​ស្មុំ​កូន​កាល​ពី​ឆ្នាំ ២០០៩។
កាល​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៤កន្លងទៅនេះ កម្ពុជា​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សហ​ប្រតិបត្តិការ​ស្មុំ​កូន​អន្តរប្រទេស​ជាមួយនិង​ប្រទេស​អ៊ីតាលី​រួចរាល់​ហើយ ហើយ​ក៏មាន​បណ្តា​ប្រទេស​ជាច្រើន​ក៏​កំពុងតែ​ចាប់អារម្មណ៍​ចង់​ធ្វើ​កិច្ច​សហប្រតិបត្តិការ​នេះដែរ។
 

តាម​ប្រធាន​រដ្ឋបាល​ស្មុំ​កូន​កម្ពុជា​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែមេសា​ឆ្នាំ ២០១១ កម្ពុជា​បាន​ស្មុំ​កូន​ទៅ​ឲ្យ​បណ្តា​ប្រទេស​ដែលជា​ដៃគូ​របស់ខ្លួន​កាលពីមុន​បាន​ចំនួន ៣៧២៨នាក់ ចាប់​តាំង​ពី​ឆ្នាំ ១៩៨៧​មក។ បណ្តា​ប្រទេស​ដៃគូ​ទាំង​អស់នោះ​រួមមាន​អាមេរិក បារាំង អាឡឺម៉ង់ អូស្ត្រាលី និង​ប្រទេស​ជាច្រើន​ផ្សេងទៀត។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ