អានតួអត្ថបទ
កម្ពុជា

សាល​ដីកា​​តុលាការ​ក្រុង​ឡាអេ ប៉ះពាល់​សតិ​អារម្មណ៍​​​ប្រជាពលរដ្ឋ​​​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំ​ប្រទល់​ជាមួយ​ថៃ

ជុំ​វិញ​ការ​ប្រកាស​សាល​ដីកា​របស់​តុលាការ​ក្រុង​ឡាអេ ​នៅ​ថ្ងៃ​ទី​១១​វិច្ឆិកា​នេះ ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់​​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំ​ប្រទល់​ជាមួយ​ប្រទេស​ថៃ មាន​ការ​ព្រួយ​បារម្ភ​តិច​តួច​ថា អាច​នឹង​មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ ​រវាងកម្ពុជា​និង​ថៃ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅព្រឹក​ថ្ងៃ​ទី១១​វិច្ឆិកា​នេះ ស្ថាន​ភាព​និង​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំ​ប្រទល់​ជាមួយ​ប្រទេស​ថៃ នៅ​តែ​ដំណើរ​ការ​ទៅ​តាម​ប្រក្រតី។

ប្រាសាទ​ព្រះវិហារ
ប្រាសាទ​ព្រះវិហារ DR
ផ្សាយពាណិជ្ជកម្ម

សាល​ដីកា​របស់​តុលាការ​ក្រុង​ឡាអេ បាន​បង្ក​ជា​ការ​បារម្ភ​ខ្លះ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ខេត្ត​ព្រះវិហារ។ លោក ឆាយ ថូ ដែល​ប្រកប​របរ​បើក​ឡាន​តាក់ស៊ី​នៅ​ជើង​ភ្នំ​ ដើម្បី​ជូន​ភ្ញៀវ​ទេសចរ​ឡើង​ទៅ​ប្រាសាទ​ព្រះ​វិហារ បាន​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ព្រឹក​នេះ​ថា លោក​បាន​ត្រៀម​ខ្លួន​ខ្លះ ក្នុង​ករណី​មាន​ការ​ប៉ះ​ទង្គិច​ណាមួយ ​ក្រោយ​ការ​ប្រកាស​សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្ដរជាតិ ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​ក្ដី​ក្ដាំ​ប្រាសាទ​ព្រះ​វិហារ។ ប៉ុន្តែ​ បើ​និយាយ​ពី​ការ​ព្រួយ​បារម្ភ​វិញ លោក​ឆាយ ថូ បញ្ជាក់​ថា លោក​មិន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ណា​ទេ ដោយ​នៅ​ព្រឹក​​នេះ លោក​នៅ​តែ​បើក​ឡាន​ជូន​ភ្ញៀវ​ទេសចរ​ឡើង​ទៅ​លេង​ប្រាសាទ​ព្រះវិហារ​តាម​ធម្មតា។ 

នៅ​ព្រះ​វិហារ​ដែរ ប៉ុន្តែ​ នៅ​ឃុំ​សាអែម ខេត្ត​ព្រះវិហារ ប្រមាណ​១៥​គីឡូម៉ែត្រ​ពី​ភ្នំ លោក​ឈឹម យឿន ជា​អ្នក​លក់​ដូរ​ឥវ៉ាន់​ចាប់​ហួយ បាន​បិទ​តូប​របស់​លោក ដើម្បី​ត្រៀម​ខ្លួន និង​តាម​ដាន​សាល​ដីកា​តុលាការ​ឡាអេ នៅ​រសៀល​នេះ។ លោក​បញ្ជាក់​ថា រហូត​មក​ទល់​ថ្ងៃ​ត្រង់​នេះ ស្ថានភាព​នៅ​ឃុំ​សាអែម មាន​លក្ខណៈ​ស្ងប់​ស្ងាត់​ធម្មតា។

ដោយ​ឡែក​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​​ឯ​ណោះ​វិញ លោក​ស៊ុំ ចាន់គា តំណាង​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ មាន​ប្រសាសន៍​ថា ប្រធាន​បទអំពី​​សាល​ដីកា​របស់​តុលាការ​ឡាអេ បាន​វាយ​លុក​តុ​គុយទាវ កាហ្វេ នានា​ក្នុង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១១​វិច្ឆិកា​នេះ។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ខ្លាចមាន​​ការ​ប៉ះ​ទង្គិច។ ចំពោះ​លោក​ចាន់គា​ផ្ទាល់ ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ គឺ​កម្ពុជា​និង​ថៃ គួរ​តែ​ជ្រើស​យក​ផ្លូវ​ចរចា​គ្នា ដោយ​មិន​ប្រើ​អាវុធ​ប្រសើរ​ជាង។

ផ្ទុយ​ពី​នៅ​តាម​តុ​កាហ្វេ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​លក់​ដូរ​នៅ​ឯ​ផ្សារ​រ៉ុងក្លឿ​ថៃ មិន​មាន​ការ​ជជែក​គ្នា​ពី​សាល​ដីកា​តុលាការក្រុង​ឡាអេ​នោះ​ទេ ដោយ​ពួក​គាត់​រវល់​ប្រកប​អាជីវកម្ម​ចិញ្ចឹម​ជីវិត​តាម​ធម្មតា។ នេះ​បើ​តាម​​ការ​ឲ្យ​ដឹង​ពី​លោក ឡេង វិបុល ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ។ លោក​វិបុល​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា បើ​តាម​ការ​សង្កេត​របស់​លោក មាន​ការ​ត្រៀម​កម្លាំង​ និង​ចល័ត​ទ័ពបន្តិច​បន្តួច ដែល​នេះ​បាន​បង្ក​ជា​ការ​បារម្ភ​ខ្លះ​ដែរ តែ​មិន​ច្រើន​ទេ។ មិន​បារម្ភ​ច្រើន​ព្រោះ​លោក​ថា ប៉ោយប៉ែត​ជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​រវាង​កម្ពុជា​និង​ថៃ ហើយ​លោក​យល់​ថា សាល​ដីកា​របស់​តុលាការ​ក្រុង​ឡាអេ មិន​អាច​ធ្វើឲ្យ​មាន​ការ​បិទ​ព្រំដែន​នេះ​ទេ។

ចំណែក​លោក ឈឹម សំប៊ូន អាជីវករ​លក់​គ្រឿង​អេឡិច​ត្រូនិក នៅ​ទី​រួម​ខេត្ត​បាត់ដំបង ជា​ខេត្ត​ដែល​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​ថៃ​ដែរ​នោះ ឲ្យ​ដឹង​ថា លោក​ដឹង​ថា​តុលាការ​ក្រុ​ងឡាអេ​នឹង​ប្រកាស​សាល​ដីកា​នៅ​រសៀល​នេះ តែ​មិន​បាន​តាម​ដាន​​ទេ ដោយ​សារ​តែ​រវល់​លក់​ដូរ។ លោក សំប៊ូន គ្មាន​ព្រួយ​បារម្ភ​ចំពោះ​ការ​ប៉ះ​ទង្គិច​ទេ ព្រោះ​លោក​យល់​ថា ដំណាក់​កាល​នេះ ភាគី​ថៃ​មិន​អាច​រំលោភ​បំពាន​តាម​ចិត្ត​ចង់​ទៀត​ទេ។ រឿង​ក្ដី​ក្ដាំ​ប្រាសាទ​ព្រះវិហារ ឥឡូវ​នេះ​កំពុង​មាន​អន្ដរាគមន៍​​ពី​តុលាការ​អន្ដរជាតិ។ ហើយ​បើ​តាម​លោក​សំប៊ូន ភាគី​ទាំង​សងខាង ត្រូវ​តែ​ធ្វើ​តាម​សាល​ដីកា​តុលាការ បើ​ទោះ​បី​ជា​សាល​ដីកា​នោះ ចេញ​មក​បែប​ណា​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ