អានតួអត្ថបទ
កម្ពុជា

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ត្រូវ​លក់​ទៅ​ឲ្យ​ម្ចាស់​ថ្មី ក្រោយ​ផ្ទុះ​ករណី​ទំនាស់​ការងារ​និង​រឿង​ពន្ធដារ

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ទាំង​ពីរ​ភាសា ត្រូវ​បាន​លក់​ទៅ​ឲ្យ​ម្ចាស់​ថ្មី ដែល​ជា​វិនិយោគិន​ជនជាតិ​ម៉ាឡេស៊ី Sivakumar G។ នេះ​បើ​តាម​សេចក្ដី​​ប្រកាសរបស់​ក្រុមហ៊ុន Post Media ដែល​គ្រប់​គ្រង​ការ​ផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​​នៅ​ថ្ងៃ​សៅរ៍ ទី​៥​ឧសភា​នេះ​។

The Phnom Penh Post with a front page photo of Cambodian Prime Minister Hun Sen and US President Donald Trump, November 13, 2017.
The Phnom Penh Post with a front page photo of Cambodian Prime Minister Hun Sen and US President Donald Trump, November 13, 2017. Reuters/Samrang Pring
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បី​ជា​ត្រូវ​ប្ដូរ​ម្ចាស់​ថ្មី​ក៏​ដោយ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​អះអាង​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា បន្ទាត់​វិចារណកថា​របស់​កាសែត​នេះ នឹង​នៅ​តែ​រក្សា​ភាព​ឯករាជ្យ​ដដែល ស្រប​ទៅ​តាមច្បាប់​និង​បទ​បញ្ជា​ពាក់ព័ន្ធ​របស់​កម្ពុជា​។

គួរ​ជម្រាប​ថា ការ​ផ្លាស់​ប្ដូរ​ម្ចាស់​ថ្មី​របស់​ភ្នំពេញ​ប៉ុស្តិ៍​នា​ពេល​នេះ កើត​ឡើង​ក្រោយ​ពេល​ដែល​កាសែត​វ័យ​២៦​ឆ្នាំ​មួយ​នេះ ជួប​ប្រទះ​ករណី​ទំនាស់​ការងារ​ជាមួយ​អតីត​បុគ្គលិក​របស់​ខ្លួន គឺ​លោក Chris Dawe ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ខែ​មីនា​ឆ្នាំ​២០១២ ក្នុង​មុខ​តំណែង​ជា​អគ្គនាយក​នៃ​កាសែត​នេះ មុន​នឹង​លោក​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ នៅ​ក្នុង​ឆ្នាំ​២០១៥​។ ​តុលាការ​ជាន់​ទាប​ក្រុង​ភ្នំពេញ សម្រេច​ឲ្យ​លោក Chris Dawe ឈ្នះ​ក្ដី​ក្នុង​សំណុំ​រឿង​វិវាទ​ការងារ​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​។

នៅ​ក្នុង​អត្ថបទ​បំភ្លឺ​របស់​ខ្លួន​ចុះ​ផ្សាយ​នៅ​ចុង​ខែ​មីនា លោក Marcus Holmes នាយកប្រតិបត្តិ​​នៃកាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​គូស​បញ្ជាក់​ថា ក្នុង​សំណុំ​រឿង​វិវាទ​ការងារ​ជាមួយ​លោក Chris Dawe នេះ កាសែត​នឹង​ប្ដឹង​ជំទាស់ទៅ​តុលាការ​ជាន់​ខ្ពស់​ជា​បន្ត​ទៀត​។

កាល​ពី​ពេល​ថ្មី​ៗ​នេះទៀត​សោត សារព័ត៌មាន​បរទេស និង​បណ្តាញ​ព័ត៌មាន​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​ថា កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កំពុង​ប្រឈម​នឹង​ការបិទ​ទាំងស្រុង ដោយសារតែ​ជំពាក់​ពន្ធ​រដ្ឋ​រាប់លាន​ដុល្លារ​។​ ប៉ុន្តែ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២០​មីនា​ថា ខ្លួន​​មិន​បាន​ប្រឈម​មុខ​នឹង​ការបិទទ្វារ​ដោយសារ​បញ្ហា​ជំពាក់​ពន្ធដារ ដូច​ការ​​ចុះផ្សាយ​នោះទេ​។​

តាមរយៈ​សេចក្តីថ្លែងការណ៍ដដែល ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ពន្យល់​​ថា បញ្ហា​បង់ពន្ធ និង​ការចុះ​ធ្វើ​អធិការកិច្ច គឺជា​រឿង​ធម្មតា​សម្រាប់​ការធ្វើ​អាជីវកម្ម ហើយភ្នំពេញ​ប៉ុស្តិ៍​ក៏​មិន​មានជាប់ជំពាក់​​នឹង​រឿង​នយោបាយ​ដូច​ការ​លើក​ឡើង ​ដែរ​។ សម្រាប់​កាសែត​កូន​កាត់​ពីរ​ភាសា​មួយ​នេះ កាសែតភ្នំពេញប៉ុស្តិ៍បានក្លាយជាទីទុកចិត្តសម្រាប់មិត្តអ្នកអាន​ នៅក្នុងប្រទេសកម្ពុជា​អស់រយៈពេល២៦ឆ្នាំ​មកហើយ ហើយ​​រំពឹងថា ខ្លួននឹងបន្តការងារនេះក្នុងរយៈពេលច្រើនឆ្នាំបន្តទៅមុខទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ