អានតួអត្ថបទ
កម្ពុជា

ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​៖ ​ទិន្ន​ផល​កសិកម្ម​បាន​ផល​បង្គួរ​ រីឯ​ លោក ​កឹម ​គុណវឌ្ឍន៍ ​លា​លែង​ពី​តំណែង​

ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ដែល​​បាន​ប្រារព្ធ​ធ្វើ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​បាន​បង្ហាញ​ថា ​ពោត​ សណ្តែក​ និង​​ស្រូវ​ នឹង​​ទទួល​បាន​​ទិន្ន​ផល​​បង្គួរ​​។​ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ការ​ផ្សង​ប្រផ្នូលតាមរយៈគោ​ឧសភរាជ។ ព្រះ ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ឆ្នាំនេះ បាន​ប្រារព្ធ​ធ្វើ​ឡើង​ នៅ​ទីលាន​បាល់​ទាត់ ក្រុង​តាខ្មៅ ទី​រួម​ខេត្តកណ្តាល ​ក្រោម​ព្រះរាជាធិបតីរបស់ ​ព្រះ​មហាក្សត្រ​ ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី រួម​ទាំង​មន្ត្រីជាន់ខ្ពស់​រប​ស់​ព្រឹទ្ធសភា រដ្ឋ​សភា​ និង​រាជរដ្ឋាភិបាល និង​បណ្តា​អង្គទូត ជាច្រើន​ទៀត​។ ​ អភិបាលខេត្ត​កណ្តាល លោក ផៃ ប៊ុន​ឈឿន និង​ភរិយា ជា​ស្តេច​មាឃ និង​ព្រះ​មេ​ហួ ។

គោឧសភរាជបរិភោគពោត សណ្តែក និង ស្រូវ នៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះបង្គ័ល។
គោឧសភរាជបរិភោគពោត សណ្តែក និង ស្រូវ នៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះបង្គ័ល។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ជា​ការ​កត់​សម្គាល់​ ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ​​គ្មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​​ដូច​រាល់​ឆ្នាំ​ទេ​។ ​ក្រសួង​​ព័ត៌មាន​បាន​ចេញ​លិខិត​មួយ​ដើម្បី​សុំ​ព្រះ​រាជ​ទាន​ទោស​ដល់​ព្រះ​មហាក្សត្រ​ និង​សុំ​ទោស​ដល់​ថ្នាក់​ដឹក​នាំ​ ព្រម​ទាំង​ប្រជាពល​រដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​។

​ក្រ​សួង​​ព័ត៌មាន​ បាន​​ពន្យល់​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ​ការ​ខក​​ខាន​​មិន​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ ស្តី​ពី​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ គឺ​ដោយ​សារ​​កង្វះ​ទំនាក់​ទំនង​​ព័ត៌មាន​​ និង​​ខ្សែ​​សង្វាក់​ការងារ​មិន​​បាន​ល្អ​។ ​ក្រសួង​ព័ត៌មាន​​សន្យា​ធ្វើ​យ៉ាង​​ណា​​មិន​អោយ​មាន​​កំហុស​​ឆ្គង​​​ដូច​នេះ កើ​តឡើង​​ម្តង​ទៀត​ឡើយ។​

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ អគ្គ​នាយក​ទូរទស្សន៍​ជាតិ​ លោក​ កឹម ​គុណ​វឌ្ឍន៍​ ក៏​បាន​លា​លែង​​ពី​​តំណែង​​។​ ទោះ​បី​ជា​គ្មាន​ការ​ពន្យល់​ហេតុ​ផល​ពិត​ប្រាកដ​ពី​ការ​លា​លែង​តំណែង​នេះ​ក៏​ដោយ​ ក៏​គេ​​អាច​​យល់​បាន​ថា​ ការ​លា​លែង​ពី​តំណែង​របស់​លោក ​កឹម​ គុណ​វឌ្ឍន៍ ​គឺ​ជាប់​ទាក់​ទង​នឹង​ការ​ខក​ខាន​​មិន​​បាន​​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ ស្តី​ពី​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​នេះ​ឯង​។​ ប៉ុន្តែ បើ​​យោង​​តាម​ប្រភព​មួយ​ចំ​នួន​ ការ​ខក​ខាន​មិន​បាន​ផ្សាយ​ផ្ទាល់​​ដោយ​សារ​តែ​បញ្ហា​បច្ចេកទេស​ ​​កង្វះ​ធន​ធាន​និង​មធ្យោបាយរ​បស់ទូ​រទស្សន៍ជាតិកម្ពុជា​​។

គួរ​កត់​សម្គាល់​ម្យ៉ាង​ទៀតថា​ មួយ​ថ្ងៃ​មុន​ពេល​ប្រារព្ធ​ពិធី ​ដំបូល​វេទិកា​សម្រាប់​ប្រារព្ធ​ពិធី​ត្រូវ​បាន​ភ្លើងឆេះ​ដោយ​សារ​ការ​ឆ្លង​ចរន្ត​អគ្គិសនី​ ប៉ុន្តែ​ ត្រូវ​បាន​​គេ​ពន្លត់​ទាន់​ដោយ​មិន​បង្ក​ការ​ខូច​ខាត​ធំដុំទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ