អានតួអត្ថបទ
កម្ពុជា

យុទ្ធនា​ការ​ជិះ​កង់​របស់​សកម្មជន​ការពារ​សម្បត្តិ​ធម្មជាតិ​នៅ​តំបន់​អារ៉ែង​បាន​បរាជ័យ​

យុទ្ធនាការ​​ជិះ​​កង់​​ដើម្បី​​ការពារ​​សម្បត្តិ​​ធម្មជាតិ​​នៅ​​តំបន់​​អា​រ៉ែ​​ង ​​បាន​​បរាជ័យ​ក្រោយ​ពី​​កង​កម្លាំង​​មាន​​​សមត្ថកិច្ច​​រាប់​រយ​​នាក់​ បាន​​បិទ​​ខ្ទប់​មិន​ឲ្យ​ក្រុម​យុវជន​​របស់​​អង្គការ​មាតា​​ធម្មជាតិ អាច​​ជិះ​​កង់​​បាន​​​នោះ​ទេ​។ ​ប៉ុន្តែ​​យ៉ាង​ណា​​ក៏​ដោយ​ អ្នក​​ដឹក​នាំ​យុទ្ធនាកា​​រ​នេះ​បាន​​ចាត់​ទុក​ថា​នេះ​​គឺ​ជា​​ជោគជ័យ​​​មួយ​។​

សកម្មជន​ការពារ​សម្បត្តិ​ធម្មជាតិ​តំបន់​អារ៉ែង​ត្រូវ​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ជិះ​កង់​ជា​ក្រុម​។
សកម្មជន​ការពារ​សម្បត្តិ​ធម្មជាតិ​តំបន់​អារ៉ែង​ត្រូវ​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ជិះ​កង់​ជា​ក្រុម​។ @ Loun Savath
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពី​វេលា​ម៉ោង២រសៀល​ថ្ងៃអាទិត្យ​មក សមត្ថកិច្ច​ដែលមាន​ពាក់មួក​សុវត្ថិភាព​រាប់​រយ​នាក់ បានមក​ឡោមព័ទ្ធ​ទីស្នាក់ការ​យុវជន​អង្គការ​មាតា​ធម្មជាតិ​ដែល​ស្ថិតនៅ​ខាងក្រោយ​វត្ត​សន្សំ​កុសល ហើយ​រង់ចាំ​រហូតដល់​ប្រមាណ​ជា​ម៉ោង4ល្ងាច ទើប​ក្រុម​សមត្ថកិច្ច​បាន​ចាត់វិធានការ​រារាំង​យុវជន​ជា​សកម្មជន​ការពារ​សម្បត្តិ​ធម្មជាតិ​នៅ​តំបន់​អា​រ៉ែ​ង មិនអោយ​ជិះ​កង់​ចេញពី​ទីស្នាក់ការ​បាន​នោះទេ។

សកម្មជន​ការពារ​សម្បត្តិ​ធម្មជាតិ​ជា​យុវជន​និង​ជនបរទេស​ប្រមាណ​ជា១០០នាក់​នេះ​បាន​ឡើង​ជិះ​កង់ តែ​ចង់​ទៅមុខ​ក៏​មិន​រួច ចង់​ថយក្រោយ​ក៏​មិនបាន ដោយសារតែ​សមត្ថកិច្ច​បាន​បិទផ្លូវ​ជាប់​នៅខាងមុខ​ទីស្នាក់ការ។ នៅ​ទីបំផុត ក្រុម​ការពារ​សម្បត្តិ​ធម្មជាតិ​នៅ​តំបន់​អា​រ៉ែ​ង​ដែល​ភាគច្រើន​ជា​យុវជន​ទាំងនេះ បានសម្រេច​ចិត្ត​រំសាយ​ទៅវិញ ព្រោះ​មិន​ចង់​ប្រឈមមុខ​ដាក់គ្នា​ដោយ​ហិ​ង្សា។

កាលពី​ថ្ងៃ​សៅ​រ៍ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​មិន​អនុញ្ញាត​ឲ្យ​អង្គការ​មាតា​ធម្មជាតិ ធ្វើ​យុទ្ធនាការ​ជិះ​កង់​ជុំវិញ​ទីក្រុង​ភ្នំពេញ​នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ​ទេ។

យ៉ាងណាក៏ដោយ លោក Alex Gonzalez-Davidson ប្រធាន​អង្គការ​មាតា​ធម្មជាតិ​បាន​ហៅ​យុទ្ធនាការ​ជិះ​កង់​ដើម្បី​សុខភាព និង បរិស្ថាន ពិសេស​ផ្សព្វផ្សាយ​អំពី​ទេសភាព​តំបន់​អា​រ៉ែ​ង នេះ​ថា ជា​ជោគជ័យ​មួយ។ ជោគជ័យ​ដោយសារតែ​អង្គការ​របស់លោក បើទោះបីជា​រង​ការរារាំង​ក្តី តែ​ថា​យុទ្ធនាការ​នេះ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ ព្រះសង្ឃ និង​យុវជន។

លោក​បានចាត់ទុក​យុទ្ធនាការ​នៅថ្ងៃនេះ​ថា គឺជា​ការ​កម្តៅសាច់ដុំ​មួយ​ប៉ុណ្ណោះ។ ហើយ​យុទ្ធនាការ​នឹង​បន្តធ្វើ​រហូតដល់​រដ្ឋាភិបាល​បញ្ឈប់​គម្រោងសាងសង់​ទំនប់​វា​រី​អគ្គីសនី​នៅ​តំបន់​អា​រ៉ែ​ង។ តំបន់​អា​រ៉ែ​ង​ស្ថិតនៅ​ក្នុងស្រុក​ថ្មបាំង​ខេត្តកោះកុង ដែលមាន​ទេសភាព​ព្រៃភ្នំ​ដ៍​ស្រស់ស្អាត និង​សត្វ​កម្រផង​នោះ កំពុង​រង​ការ​គម្រាមកំហែង​ពី​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដោយ​ក្រុមហ៊ុន​ចិន​ស៊ី​ណូ​ហាយ​ដ្រូ៕    

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ