អានតួអត្ថបទ
កម្ពុជា

​តំណាង​​រាស្ត្រ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​មណ្ឌល​​កំពត​ប្រកាស​​លា​ឈប់​​ពី​​​តំណែង​និង​សមាជិក​បក្ស​​​​​

តំណាង​រាស្ត្រ​គណបក្ស​​សង្គ្រោះ​​ជាតិ​​ប្រចាំ​​មណ្ឌល​​​​កំពត​​លោក ​វ៉ាន សំអឿន ​បាន​ប្រកាស​​​លា​ឈប់​​ពី​​សមាជិក​​គណបក្ស​​សង្គ្រោះ​ជាតិ ​និង​​លាឈប់​​ពី​​តំណាង​រាស្ត្រ​​មណ្ឌល​​​កំពត​ដោយ​​​លើក​​ហេតុផល​​ថា​ គ្មាន​​ឳ​កាស​​បញ្ចេញ​​សមត្ថភាព​​និង​​ឆន្ទៈ​​ដើម្បី​​ជួយ​​ដោះ​ស្រាយ​​​គណបក្ស​និង​ប្រទេស​ជាតិ។​ ការ​ប្រកាស​​លាឈប់​​នេះ ​មន្ត្រី​បក្ស​ប្រឆាំង​​លោក ​យ៉ែម ​បុញ្ញ​ឬ​ទ្ធិ ​ចាត់​ទុក​ថា ​ជា​រឿង​​គួរ​អោយ​ភ្ញាក់​ផ្អើល​​មួយ ​ក៍​ប៉ុន្តែ​ថា​ វា​​គឺជា​​សិទ្ធិសេរីភាព​​របស់​គាត់។​ ​វ៉ា ​សំណព្វ​ លំអិត​​ព័ត៌មាន​​នេះ៖ 

លោក វ៉ាន សំអឿន ​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​មណ្ឌល​កំពត​ដែល​ប្រកាស​លា​លែង​ពី​តំណែង​នៅ​ថ្ងៃទី​១៣​កុម្ភៈ​ឆ្នាំ​២០១៥
លោក វ៉ាន សំអឿន ​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​មណ្ឌល​កំពត​ដែល​ប្រកាស​លា​លែង​ពី​តំណែង​នៅ​ថ្ងៃទី​១៣​កុម្ភៈ​ឆ្នាំ​២០១៥ សហការី
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​​លិខិត​​ផ្ញើ​​ទៅ​កាន់​​ប្រធានរដ្ឋសភា​លោក ហេង សំរិន នៅ​ថ្ងៃទី១៣ខែកុម្ភៈ លោក វ៉ាន សំអឿន តំណាងរាស្ត្រ​លំដាប់​ទី១ នៅ​មណ្ឌល​ខេត្តកំពត របស់​គណបក្ស​​សង្គ្រោះ​​ជាតិ​ ​បាន​​​សម្រេច​​លាលែង​ពីមុខ​តំណែង​ជា​តំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្តកំពត​នៅ​អាណត្តិ​ទី៥ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ។

លោក វ៉ាន សំអឿន មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បន្ថែម​បានទេ កាលពី​ល្ងាច​ថ្ងៃទី១៣កុម្ភៈ។ ប៉ុន្តែ​តាមរយៈ​លិខិត​មួយច្បាប់ ដែល​ផ្ញើ​ទៅកាន់​ប្រធានរដ្ឋសភា លោក​​ហេង សំរិន ​បាន​​​​អោយ​ដឹង​ថា ​មូលហេតុ​​នៃ​​ការ​លាឈប់​​នេះ ​គឺ​​ដោយ​សារ​តែ ​គ្មាន​ឱកាស និង​បម្រើ​ប្រទេស​ជាតិ តាម​​ឆន្ទៈ និង​បទ​ពិសោធន៍​​របស់គាត់។
​​លោក វ៉ាន សំអឿន ក៍បាន​ផ្ញើលិខិត​មួយ​ផ្សេងទៀត ដើម្បី​លាឈប់​ពី​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ។ ប៉ុន្តែ​មិនទាន់មាន​ការសម្រេច​ពី​ប្រធាន​គណបក្ស​លោក សម រង្ស៊ី និង​អនុប្រធាន​គណបក្ស​លោក កឹម សុខា នៅឡើយ​ទេ។

លោក យ៉ែម បុញ្ញា​ឬ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ប្រ​កាស​លាឈប់​នេះ តែ​ថា នោះ​គឺជា​សិទ្ធិ​របស់គាត់។ បើតាម​ការបញ្ជាក់​ពី​លោក យ៉ែម បុញ្ញា​ឬ​ទ្ធិ ដដែលបានអោយដឹង​បន្ថែមថា លោក វ៉ាន​សំ​អឿន ​បាន​​បដិសេធ ​មិន​​រួម​ដំណើរ​ជាមួយ​លោក​ទៅកាន់​ខេត្តកំពត​នោះទេ កាលពី​ថ្ងៃទី​១២​កុម្ភៈ នៅពេលដែល​លោក បុញ្ញា​ឬ​ទ្ធិ បាន​​ដឹក​នាំ ក្រុមការងារ​គណៈកម្មកា​រ​ទី៧នៃ​រដ្ឋសភា​ចុះ​ទៅ​​កាន់​​ខេត្ត​កំពត​។​

លោក​ វ៉ាន សំអឿន អាយុ ៦៧ឆ្នាំ មកពី​សហរដ្ឋអាមេរិក មាន​អតីត​ភាពជា​សមាជិក​គ​ណ​បក្ស​សិទ្ធិមនុស្ស​នៅ​ឆ្នាំ២០០៧ និង​ក្រោយមក​បានក្លាយ​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពត​នៅ​អាណត្តិ​​​​ទី៥នេះ ក្រោយពី​គណបក្ស​សិទ្ធិមនុស្ស បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​សមរង្ស៊ី មកជា​គណបក្ស​សង្គ្រោះ​ជាតិ​សព្វថ្ងៃនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ