អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង​ ​អះអាង​ថា​​ក្រុម​​​ដែល​​​អាជ្ញាធរ​​បំបែក​​ កាល​ពី​​ល្ងាច​​ថ្ងៃ​សិទ្ធមនុស្ស​ ​មិនមែន​​ជា​​សមាជិក​​របស់​​ខ្លួន​

អ្នក​អបអរ​ទិវា​សិទ្ធិ​មនុស្ស១០​ធ្នូ​មួយក្រុម ត្រូវ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បំបែក និង​ដឹក​ចេញពី​កន្លែង​ប្រារព្ធ​ពិធី​សំដៅទៅ​ផ្ទះសំណាក់​ព្រែកលៀប​កាលពី​ល្ងាច​ម្សិលមិញ។ ប៉ុន្តែ អ្នក​ដែល​ត្រូវ​ដឹកបញ្ជូន​ចេញពី​ទីលាន​ប្រជាធិបតេយ្យ​ទាំងនោះ​មិន​រង​អំពើហិង្សា​អ្វីទេ។ នេះ​បើតាម​ការអះអាង​របស់​អ្នកការពារ​សិទ្ធិ​មនុស្ស។ គណបក្ស​សង្គ្រោះជាតិ​អះអាងថា អ្នក​ទាំងនោះ​ជា​«ក្រុម​ឯករាជ្យ» ដែល​មិនមែន​ជា​សមាជិក​របស់​ខ្លួន​ទេ។

ការប្រារព្ធទិវាសិទ្ធិមនុស្សនៅកម្ពុជាក្នុងពេលកន្លងទៅ។
ការប្រារព្ធទិវាសិទ្ធិមនុស្សនៅកម្ពុជាក្នុងពេលកន្លងទៅ។
ផ្សាយពាណិជ្ជកម្ម

ព្រលប់ថ្ងៃទី១០ធ្នូម្សិលមិញ កម្លាំងនគរបាល និងអាវុធហត្ថរាជធានីភ្នំពេញ​ បាន​ចុះទៅ​​​បំបែក​ហ្វូងអ្នកអបអរទិវាសិទ្ធិមនុស្សអន្តរជាតិមួយក្រុម ដែលមិនព្រមវិលត្រឡប់ទៅផ្ទះវិញ។ អាជ្ញាធរ​​បានបណ្តេញអ្នកទាំងនោះឲ្យចាកចេញពីទីលានប្រជាធិបតេយ្យ រមណីយដ្ឋានវត្តភ្នំ និងម្តុំខាងមុខស្ថានទូតអាមេរិក បន្ទាប់ពីពួកគេបន្តស្ថិតនៅកន្លែងប្រារព្ធពិធីហួសម៉ោងកំណត់។

ពេលនោះ កម្លាំង​សមត្ថកិច្ច​បាន​បិទផ្លូវ​នៅមុខ​ស្ថានទូត​អាមេរិក​និង​ចាប់​មនុស្ស១១នាក់ ពីក្នុង​ចំណោម​អ្នក​អបអរ​សិទ្ធិមនុស្ស​រាប់រយ​អ្នក ដាក់​ឡាន​បញ្ជូន​ចេញ​ទៅ​ក្រៅ​ក្រុង​ទាំង​យប់។ ការណ៍​នេះ​បាន​ធ្វើឱ្យ​សកម្មជន​សិទ្ធិមនុស្ស​បារម្ភ​អំពី​ការប្រើ​ហិង្សា​ដោយ​អាជ្ញាធរ​ទៅលើ​ជន​ទាំងនោះ ប៉ុន្តែតាមពិតទៅ ​គ្មាន​រឿង​ដូចនេះ​ទេ។

មនុស្ស​ទាំង១១នាក់​ត្រូវបាន​អាជ្ញាធរ​ដឹក​សំដៅ​ទៅឱ្យ​ស្នាក់នៅ​ផ្ទះសំណាក់​ព្រែកលៀប នា​យប់នោះ ប៉ុន្តែ​ពួកគេ​បាន​សុំ​អាជ្ញាធរ​ប្តូរ​មក​ស្នាក់នៅ​វត្ត​គៀន​ឃ្លាំង​វិញ។ ពួកគេ «មិនបាន​រង​ការវាយ​ធ្វើបាប​ឬ​ចាប់​ចង​ឡើយ»។ នេះ​បើតាម​លោក អំ សំអាត មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ ដែល​បាន​បញ្ជាក់ថា តាំងពី​ល្ងាច​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី១១​ធ្នូ​នេះ ប្រជាជន​ដែល​មកពី​ខេត្តព្រៃវែង កំពង់ចាម ក្រចេះ និង​ស្ទឹងត្រែង ក្នុងនោះ​មាន​ស្ត្រី៣នាក់​ផង «មាន​សេរីភាព​​ទាំងស្រុង»។

ដោយ​បាន​ឃ្លាំមើល​សកម្មភាព​របស់​អ្នកចូលរួម​ទិវា​សិទ្ធិមនុស្ស និង​របស់​អាជ្ញាធរ​ជាប់​ជានិច្ច លោក អំ សំអាត អះអាងថា ពួកគេ​ជា​ក្រុម «អ្នក​អបអរ​ឯករាជ្យ» ពោលគឺ​មិន​ស្ថិត​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ជា​សមាជិក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ណាមួយ​ឡើយ។ ទន្ទឹមនឹង​នេះ​ដែរ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​បដិសេធ​ថា ពួកគេ «មិនមែន​ជា​សមាជិក​របស់​គណបក្ស​ប្រឆាំង​ទេ» ត្បិត​គណបក្ស​នេះ​បាន​ប្រកាស​រំសាយ​ការជួបជុំ​តាំងពី​ម៉ោង១២ម្ល៉េះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ