ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

អ្នក​អបអរ​ទិវា​សិទ្ធិមនុស្ស​មួយចំនួន​បន្ត​ដើរ​តាម​ដង​វិថី​ក្នុង​រាជធានី​ភ្នំពេញ​នៅថ្ងៃនេះ

media  
ការប្រារព្ធទិវាសិទ្ធិមនុស្សនៅកម្ពុជាក្នុងពេលកន្លងទៅ។

ទិវា​សិទ្ធិមនុស្ស១០ធ្នូ នៅ​ទីក្រុង​ភ្នំពេញ មិនទាន់​ចប់​ទេ។ អ្នក​អបអរ​មួយក្រុម​ធំ បន្ត​ដើរ​តាម​ដង​វិថី​នានា ដើម្បី​យក​ញត្តិ ទៅ​ស្ថានទូត​បរទេស ពេញ​មួយ​ថ្ងៃទី១១ធ្នូ​នេះ។ គ្រហស្ថ​និង​ព្រះសង្ឃ ពី៤ទៅ៥រយ​នាក់ តាមរយៈ​តំណាង​របស់ខ្លួន បានប្រគល់​ញត្តិ​ឱ្យ​ស្ថានទូត​បារាំង និង​ស្ថានទូត​អាមេរិក ក្រោម​ក្រសែភ្នែក​ប្រុងប្រយ័ត្ន​របស់​កម្លាំង​សមត្ថកិច្ច។ ពួកគេ​ដាក់​ញត្តិ​ទាមទារ​យុត្តិធម៌ ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា។

 ទោះបីជា​ថ្ងៃ១០ធ្នូ បាន​កន្លងផុត​ទៅហើយ​ក្តី ប៉ុន្តែ នៅ​ថ្ងៃ​ពុធ​នេះ មនុស្ស​ពី៤រយ​ទៅ៥រយ​នាក់ មាន​គ្រហស្ថ មាន​ព្រះសង្ឃ បាន​បន្ត​ដើរ​តាម​ដង​វិថី ស្រែក​ទាមទារ​រក​យុត្តិធម៌ ការគោរព​សិទ្ធិមនុស្ស និង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា។ ភាគច្រើន​នៃ​អ្នក​ថ្មើរជើង​ទាំងនោះ ជា​ពលរដ្ឋ ដែល​បាន​ដើរ​តាម​ផ្លូវជាតិសំខាន់ៗ មកពី​ខេត្ត​ក្រុង​មួយចំនួន។ ពួកគេ​បាន​បាន​ហៅ​ខ្លួនឯង​ថា​ជា«ប្រជាពលរដ្ឋ​ឯករាជ្យ»។ ក្រៅពីនោះ គឺ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ព្រះសង្ឃ​ក្នុង​បណ្តាញ​ព្រះសង្ឃ​ដើម្បី​យុត្តិធម៌​សង្គម។

ពេញ​មួយថ្ងៃ ក្រោម​ស្នូរ​ឧ​គ្ឃោ​សនា​សព្ទ ដែល​អត្ថាធិប្បាយ​រិះគន់​រដ្ឋាភិបាល​ចំពោះ​រឿង​ជាច្រើន ក្នុងនោះ​មានការ​កាប់បំផ្លាញ​ព្រៃឈើ ការសាងសង់​ទំនប់​វា​រី​អគ្គីសនី ការ​បូម​ខ្សាច់​លុប​បឹង ការការពារ​ព្រំដែន ការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ជម្លោះដីធ្លី​ជាដើម ពួកគេ​បាន​ដើរ​សំដៅ​ស្ថានទូត​ជប៉ុន ស្ថានទូត​បារាំង និង​ស្ថានទូត​សហរដ្ឋអាមេរិក ដើម្បី​ដាក់​ញត្តិ​នៅ​ទីនោះ។

នៅពេល​ព្រឹក ការប៉ុនប៉ង​ដាក់​ញត្តិ​នៅ​ស្ថានទូត​ជប៉ុន​មិនអាច​ទៅរួច​ឡើយ ដោយសារ​ការរារាំងរ​បស់​កម្លាំង​នគរបាល​និង​កង​បង្ក្រាប​បាតុកម្ម។ ទោះជា​បី​ជា អាជ្ញាធរ​ក្រុងភ្នំពេញ ចាក់សោរ​របង​វត្ត​កោះ បង្ខាំង​ពួកគេ​ទុក​ក្នុង​បរិវេណ​វត្ត​កោះ មិនឱ្យ​ដើរចេញ​ទៅ​ក្រៅ អំឡុងពេល​ទៅ​សម្រាក​បាយ​ថ្ងៃត្រង់​នៅ​ទីនោះ​ក៏ដោយ ក៏​នៅពេល​រសៀល ពួកគេ​អាច​ចេញពី​វត្ត​បាន​និង​អាច​ប្រគល់​ញត្តិ​ទៅឱ្យ​មន្ត្រី​ស្ថានទូត​បារាំង និង​មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិក​ដែរ នៅ​ទីបំផុត។

នៅមុខ​ស្ថានទូត​បារាំង ស្ត្រី​វ័យ​កណ្តាល​និង​វ័យ​ចំណាស់​បួន​ប្រាំ​នាក់​បាន​ស្រែកជេរ​កង​បង្ក្រាប​បាតុកម្ម។ ព្រះសង្ឃ៥-៦អង្គ​បាន​ព្យាយាម​រម្ងាប់​ការជេរប្រមាថ​របស់​ស្ត្រី​ទាំងនោះ ដោយ​រម្លឹក​អំពី​គោលការណ៍​អហិង្សា។

តាមពិត ប្រជាពលរដ្ឋ​ទាំងនោះ​គឺជា​ក្រុម​អ្នក​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ថ្ងៃ១០ធ្នូ ហើយ​ដែល​ត្រូវ បាន​សមត្ថកិច្ច​ចុះទៅ​បំបែកហ្វូង កាលពី​ព្រលប់​ថ្ងៃទី១០ធ្នូ ដោយសារតែ​ពួកគេ​បន្ត​ស្ថិតនៅលើ​ទីលាន​ប្រជាធិបតេយ្យ និង​នៅ​វត្តភ្នំ ហួស​ម៉ោង​កំណត់ មិន​ព្រម​វិលត្រឡប់​ទៅផ្ទះ​វិញ។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាងថា អ្នក​ទាំងនោះ​មិន​ស្ថិតក្នុង​គណបក្សនយោបាយ ឬ​ជា​សមាជិក​អង្គការ​សង្គម​ស៊ីវិល​ណាមួយ​ទេ។ យ៉ាងណា​ក៏ដោយ អ្នក​ហែ​ញត្តិ​ខ្លះ​បាន​អះអាងថា នឹង​ស្នាក់​នៅលើ​ទីលាន​ប្រជាធិបតេយ្យ​រហូតដល់​ថ្ងៃទី១៥ធ្នូ ដើម្បី​ចូលរួម​ធ្វើ​មហា​បាតុកម្ម ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈដែល​អ្នក​ខ្លះទៀត​ប្រាប់ថា​នឹង​ត្រឡប់ទៅផ្ទះ​វិញ​នៅពេល​ល្ងាច៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ