អានតួអត្ថបទ
កម្ពុជា-រុស្ស៊ី

​ភរិយា​លោក ​រ៉ាត់ រដ្ឋមុនី អំពាវនាវ​ឲ្យ​ទូត​រុស្ស៊ី​ជួយ​អន្តរាគមន៍​ដោះ​លែង​ប្តី

នៅ​ព្រឹក​នេះ ភរិយា​របស់​លោក រ៉ាត់ រដ្ឋមុនី រួម​ជា​មួយ​​​អ្នក​គាំទ្រ​លោក​ប្រមាណ​ជាង​១០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​ក្រុង​ភ្នំពេញ ដើម្បី​អំពាវនាវ​តាម​រយៈ​ញត្តិ​ឲ្យ​ស្ថាន​ទូត​រុស្ស៊ី​ជួយ​អន្តរាគមន៍ឲ្យ​អាជ្ញាធរ​ខ្មែរ​ដោះ​លែង​លោក រ៉ាត់ រដ្ឋមុនី ដែល​កំពុង​ជាប់​ឃុំ។ លោក ​រ៉ាត់ រដ្ឋមុនី ដែល​បាន​ចូល​រួម​ផលិត​ភាពយន្ត​ឯកសារ​ស្តី​ពី​ការ​លក់​កូន​ស្រី​ជាមួយ​ទូរទស្សន៍​រុស្ស៊ី RT ត្រូវបានតុលាការ​​ចោទ​ប្រកាន់​​ពី​បទ​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង​។ ក្រុម​អ្នក​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​បញ្ជាក់​ថា​នឹង​ឈប់​តវ៉ា​ នៅ​ពេល​ស្ថាន​ទូត​ទទួល​យក​ញត្តិ។

ភរិយា​របស់​លោក រ៉ាត់ រដ្ឋមុនី រួម​ជា​មួយ​​អ្ន​ក​គាំទ្រ​លោក​ប្រមាណជាង​១០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថាន​ទូត​រុស្ស៊ី​ក្រុង​ភ្នំពេញ ​
ភរិយា​របស់​លោក រ៉ាត់ រដ្ឋមុនី រួម​ជា​មួយ​​អ្ន​ក​គាំទ្រ​លោក​ប្រមាណជាង​១០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថាន​ទូត​រុស្ស៊ី​ក្រុង​ភ្នំពេញ ​ RFI-PHEARAK
ផ្សាយពាណិជ្ជកម្ម

លោក​ស្រី ឡុង គីមហ៊ាង ភរិយា​របស់​លោក រ៉ាត់ រដ្ឋមុនី បាន​អះអាង​ថា​ប្តី​របស់​លោក​ស្រី​មិន​បាន​សូកលុយ​ ឬ​ក្លែង​បន្លំ​ឯកសារ ដើម្បី​ប្រឌិត​ខ្សែ​ភាព​យន្ត​ឯកសារ ដែល​ផលិត​ដោយ​សារ​ព័ត៌មាន​រុស្ស៊ី RT នោះ​ទេ។

លោក​ស្រី​បន្ថែម​ថា​ខ្សែ​ភាព​យន្ត​ឯកសារ​ស្តីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ដែល​មាន​ម្តាយ​លក់​កូន គឺ​ជា​រឿង​ពិត ហើយ​ប្តី​របស់​លោក​ស្រី និង​សារព័ត៌មាន​រុស្ស៊ី​បាន​សហការ​គ្នា​ផលិត និង​បាន​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ខែ​តុលា​កន្លង​ទៅ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មិន​ពេញ​ចិត្ត និង​បាន​ចាប់​ប្តី​របស់​លោក​ស្រី​ដាក់​ពន្ធនាគារ​។ លោក​ស្រី​អំពាវនាវ​ឲ្យ​ស្ថាន​ទូត​រុស្ស៊ី​អន្តរាគមន៍​ទៅ​ក្រសួង​ការបរទេស​កម្ពុជា​ក៏​ដូច​ជា​រដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាង​ណា​ដោះ​លែង​ប្តី​របស់​លោក​ស្រី ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។

លោក​ស្រី​អះអាង​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​យល់​ថា​ខ្សែ​ភាពយន្ត​ឯកសារ​នោះ​មិន​ពិត លោក​ស្រី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​គួរ​តែ​កោះហៅ​សារ​ព័ត៌មាន​រុស្ស៊ី RT មក​សាកសួរ ព្រោះ​សារព័ត៌មាន​រុស្ស៊ី​ជា​អ្នក​ផ្សព្វផ្សាយ​និង​ផលិតខ្សែ​ភាពយន្ត​ឯកសារ​នោះ​។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក ​រ៉ាត់ រដ្ឋមុនី អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ពី១ ឆ្នាំ​ទៅ​៣ឆ្នាំ​និង​ពិន័យ​ជា​ទឹក​ប្រាក់​ពី​២លាន​រៀល​ទៅ​៦លាន​រៀល ប្រសិន​បើ​តុលាការ​កម្ពុជា​រក​ឃើញ​ថា​លោក​បាន​ប្រព្រឹត្ត​បទ​ល្មើស​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង​។ បទ​ល្មើស​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ឡើង បន្ទាប់​ពី​លោក​រ៉ាត់ រដ្ឋមុនី បាន​ចូល​រួម​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ“ម្តាយ​ខ្ញុំ លក់​ខ្ញុំ” ជា​មួយ​ទូរទស្សន៍​RT របស់​រុស្ស៊ី​។ ជាខ្សែ​ភាពយន្ត​ឯកសារ​ដែល​អាជ្ញាធរ​ខ្មែរ​អះ​អាង​ថា​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​របស់​កម្ពុជា​។

លោក​ រ៉ាត់ រដ្ឋមុនី ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ទៅ​នាំ​ខ្លួន​ពី​ប្រទេស​ថៃ​មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃ​ទី១២ ធ្នូ ក្រោយ​ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ និង​ឃុំ​ខ្លួន​អស់​រយៈ​ពេល​៥ថ្ងៃ​នៅ​មណ្ឌល​ឃុំ​ខ្លួន​ជន​អន្តោរ​ប្រវេសន៍​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ធ្នូ លោក​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ ដើម្បី​បន្ត​នីតិ​វិធី​ស៊ើប​អង្កេត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ