អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​គម្រោង​ស្តារ​ផ្លូវ​រថ​ភ្លើង​តវ៉ា​ឲ្យ​ធនាគារ​អេ​ឌី​ប៊ី​ផ្តល់​សំណង​បន្ថែម​

ប្រជា​ពលរដ្ឋ​​ដែល​​បាន​​រង​គ្រោះ​​ដោយ​សារ​​គម្រោង​​ស្តារ​​ផ្លូវ​​រថ​ភ្លើង​​ទាំង​​នៅ​ក្នុង​​រាជ​ធានី​​ភ្នំពេញ​​និង​ មក​ពី​​បណ្តា​​ខេត្ត​​មួយ​ចំនួន​​ផង​​នៅ​​ព្រឹក​​ថ្ងៃ​​ព្រហស្បតិ៍​ ទី ​២៦ ​មិថុនា​​នេះ ​បាន​​ប្រមូល​​ផ្តុំ​គ្នា​​នៅ​មុខ​​ធនាគារ​​អភិវឌ្ឍន៍​​អាស៊ី ​អេ​​ឌី​​ប៊ី​ ដើម្បី​​ទាមទារ​​ឲ្យ​​ធនាគារ​​នេះ​ ផ្តល់​​សំណង​​​បន្ថែម​​និង​​ដោះ​ស្រាយ​​បញ្ហា​​ប្រឈម​​មួយ​ចំនួន​ទៀត​​ដល់​​ពួក​គេ​។ ​ការ​ប្រមូល​​ផ្តុំ​គ្នា​​បាន​កើត​​ឡើង​​ក្រោយ​ពី​​រដ្ឋា​ភិបាល​ និង​ ធនាគារ​​អេ​ឌី​ប៊ី ​មិន​បាន​​ដោះ​ស្រាយ​​ផ្តល់​​សំណង​ និង ​លក្ខខណ្ឌ​​រស់​នៅ​​សមរម្យ​​ដល់​​ពួក​គេ​។​

ពលរដ្ឋរងគ្រោះដោយសារគម្រោងស្ដារផ្លូវរថភ្លើង តវ៉ានៅមុខធនាគារអភិវឌ្ឈន៍អាស៊ី អេឌីប៊ី។
ពលរដ្ឋរងគ្រោះដោយសារគម្រោងស្ដារផ្លូវរថភ្លើង តវ៉ានៅមុខធនាគារអភិវឌ្ឈន៍អាស៊ី អេឌីប៊ី។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ម៉ោង​ប្រមាណ ៨ ព្រឹក ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងនោះ ប្រមាណ ជាង​ជិត២00 នាក់ បាន​ប្រមូល​ផ្តុំគ្នា នៅ​ពីមុខ​ធនាគារ​អេ​ឌី​ប៊ី នៅ​ជិត​វិមានឯករាជ្យ ។ ជាការ​ប្រមូលផ្តុំ ដើម្បី​ដាក់​ញ​ត្តិ​​ទាមទារ​ឲ្យ​ធនាគារ​នេះ ផ្តល់​សំណង​បន្ថែម និង ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួនទៀត​ដល់​ពួកគេ ។

លោក ស៊ីម វីរៈ  តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​នៅក្នុង​សហគមន៍​ទួល​សង្កែ បាន​ថ្លែងថា ប្រជាពលរដ្ឋ​រងគ្រោះ​មកជួប​ជុំគ្នា​នៅពេលនេះ  គឺ​ដើម្បី​ដាក់​ញ​ត្តិ​ដល់​ធនាគារ​អេ​ឌី​ប៊ី ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ដល់​ពួកគេ។ បញ្ហា​ទាំងនោះ រួមមាន​ដូចជា សង​ប្រាក់​បន្ថែម​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ  ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ  ប្តឹង​យន្តការ​សារទុក្ខ  ដោះស្រាយ​បំណុល និង​បង្កើត​កម្មវិធី​ស្តារ​ប្រាក់ចំណូល​ជាដើម ។ តំណាង​ប្រជាពលរដ្ឋ​រូបនេះ បាន​ចោទប្រកាន់ ធនាគារ​អភិ​វ​ឌ្ឈ​ន៍អាស៊ី អេ​ឌី​ប៊ី​ ថា មិនបាន​គោរព​ទៅតាម​គោលនយោបាយ​​របស់ខ្លួនដែលបានសន្យាជាមួយប្រជាពលរដ្ឋ​ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​ដោយសារ​គម្រោង​ស្ដារ​ផ្លូវ​រថភ្លើង​នេះ​។

តំណាង​ប្រជាពលរដ្ឋ​មួយរូប​ទៀត គឺ អ្នកស្រី រស់ បុប្ផា បាន​បន្ថែមថា ក្រុម​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ បាន​តវ៉ា​ទាមទារ​ស្វែងរក​ដំណោះស្រាយ តាមរយៈ​ការដាក់​ញ​ត្តិ​មក​ធនាគារ​អេ​ឌី​ប៊ី​នេះ​អស់​រយៈពេល​បួន​ឆ្នាំ​មកហើយ ពោល​គឺតាំងពី​ចុងឆ្នាំ ២០១១ មក​ម្លេះ តែ​ការឆ្លើយតប​របស់​ធនា​គារ​នេះ​មិនមាន​ឆន្ទៈ​ដោះស្រាយ​នោះទេ។ ដូច្នេះហើយ ទើប​ប្រជាពលរដ្ឋ​សម្រេច​លើកគ្នា​ប្រមូលផ្តុំ​ធ្វើការ​តវ៉ា​នៅ​ពីមុខ​ធនាគារ​តែម្តង។ បើតាម​អ្នកស្រី​រស់ បុប្ផា ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយសារ​គម្រោង​ស្ដារ​ផ្លូវ​រថភ្លើង​នេះ មាន​ចំនួន​សរុប​ប្រមាណ ៣៥៨១ គ្រួសារ ហើយ​ក្នុងនោះ​ពលរដ្ឋ​រងគ្រោះ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន ១៦១ គ្រួសារ ។

នៅ​ម៉ោង​ប្រមាណ ៩ ព្រឹក ធនាគារ​អភិ​វ​ឌ្ឈន៍​អាស៊ី​អេ​ឌី​ប៊ី បានអនុញ្ញាត​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៦ រូប​ចូលជួប​ដើម្បី​ដាក់​ញ​ត្តិ និង ចរចា​ស្វែងរក​ដំណោះស្រាយ។ហើយក្រោយពី​ជួប​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​រយៈពេល​ជាង៣ម៉ោង​កន្លះ​រួចមក ធនាគារ​អេ​ឌី​ប៊ី​បាន​ទទួលយក​សំណើ​របស់​ប្រជាពលរដ្ឋ ដើម្បី​យកទៅពិ​ភា​ក្សា​ជាមួយ​អន្តរក្រសួង ហើយ​សន្យាថា នឹង​ផ្តល់ដំណឹង​ដល់​ប្រជាពលរដ្ឋ​វិញនៅ​ថ្ងៃទី ៧ កក្កដា ។ នេះ​បើតាម ការបញ្ជាក់ឲ្យដឹងរបស់លោក ស៊ីម វីរៈ ​បន្ទាប់​ពី​ជួប​ជាមួយ​ប្រធាន​ធនាគារ​អភិវឌ្ឈន៍​អាស៊ីអេឌីប៊ី​ប្រចាំ​នៅ​កម្ពុជា ​លោក អេរិក ស៊ិតវិក។។

សូមបញ្ជាក់ថា ការប្រមូលផ្តុំ​តវ៉ា​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គម្រោង​ស្ដារ​ផ្លូវ​រថភ្លើង​នេះ ក៏មានការ​ចូលរួម​ពី​អ្នកភូមិ​បឹងកក់ និង ឃ្លាំមើល​ពី​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផងដែរ។។ ក៏មាន​ផងដែរ អាជ្ញាធរ និង កងសន្តិសុខ​របស់សាលា​ខ​ណ្ឌ​ដូនពេញ​ជាច្រើន​នាក់ ក៏ប៉ុន្តែ​មិនមាន​អំពើ​ហិ​ង្សា ឫ ការ​ប៉ះ​ទ​ង្គិះ​គ្នា​ណាមួយ​កើតឡើង​នោះទេ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ