អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ចាត់​ទុក​បញ្ហា​រ៉ូហ៊ីង​យ៉ា ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​ភូមា​

រដ្ឋា​ភិបាល​កម្ពុជា​មិន​យល់​ស្រប​ចំពោះ​ការ​ប៉ុន​ប៉ង​ធ្វើ​អន្តរ​ជា​តូបនីយកម្ម​បញ្ហា​រ៉ូហ៊ីង​យ៉ា​ទេ​ ដោយ​ចាត់​ទុកបញ្ហា​នេះ​ថា​ជា​បញ្ហា​របស់​ប្រទេស​ភូមា។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ដែល​បាន​ដក​ស្រង់​ការ​លើក​ឡើង​​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ក្នុង​ជំនួប​រវាង​ប្រធានា​ធិបតីភូមា នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ​នេះ។ អ្នក​សិក្សា​ពីទំនាក់​ទំនង​អន្តរ​ជាតិ​វិញ​បាន​លើក​ឡើង​ថា​កម្ពុជា​គួរ​តែ​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​តំបន់​។  

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបពិភាក្សាជាមួយ លោក ធិន ច ប្រធានាធិបតីភូមា នៅថ្ងៃទី ០៤ កុម្ភៈ ឆ្នាំ ២០១៧។​
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបពិភាក្សាជាមួយ លោក ធិន ច ប្រធានាធិបតីភូមា នៅថ្ងៃទី ០៤ កុម្ភៈ ឆ្នាំ ២០១៧។​ @FB/PM Hun Sen
ផ្សាយពាណិជ្ជកម្ម

លោក​ខៀវ​ កាញា​រីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក ដោយ​ដក​ស្រង់ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ថា កម្ពុជា​មិន​យល់​ស្រប​លើ​ការ​ប៉ុន​ប៉ង​ធ្វើ​អន្តរ​ជាតូបនីយកម្ម​បញ្ហា រ៉ូហ៊ីង​យ៉ាទេ។   ​ លោក​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន បាន​ដក​ស្រង់​ការ​លើក​ឡើង​របស់​នាយក​រដ្ឋ​មន្ត្រីហ៊ុន ​សែន​ទៀត​ថា កម្ពុជា​ចាត់​ទុក​បញ្ហា​នេះ​ ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​ភូមា ដែល​ធម្ម​នុញ្ញ​អាស៊ាន​ហាមឃាត់​ការ​លូក​ដៃ​ពី​សមាជិក​អាស៊ាន។  ការ​បញ្ជាក់​ជំហរ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​រវាងលោក​ប្រធានា​ធិបតី​ភូមា ធិន ច នៅ​វិមាន​សន្តិ​ភាព​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ​។ 

 

ការ​មិន​លូក​ដៃ​ចូល​បញ្ហា​ផ្ទៃ​ក្នុង​របស់​ភូមា​លើ​រឿង​រ៉ូហ៊ីងយ៉ា​នេះ ត្រូវ​បាន​លោកប​ណ្ឌិត ឈាង វណ្ណារិទ្ធិ ជាប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ លើក​ឡើង​ថា​ជា​រឿង​ត្រឹម​ត្រូវ បើ​តាម​គោលនយោបាយ​ការ​បរទេស ក៏​ប៉ុន្តែ​បញ្ហា​ជន​ជាតិរ៉ូហ៊ីង​យ៉ា​នេះ​ ត្រូវ​បាន​លើក​មក​ដា​ក់​លើ​តុ​នៃ​អាស៊ាន​ហើយ ដូច្នេះ​កម្ពុជា​ត្រូវ​បត់​បែន ដើម្បី​រួម​ចំណែក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ។ លោក​បន្ថែម​ថា​ទោះ​បី​ជា​កម្ពុជា​មិនបាន​លូក​ដៃ​ជ្រៅ​ក្នុង​បញ្ហា​នេះ ក៏​កម្ពុជា​បាន​ចូលរួម​ពិភាក្សា​បញ្ហា​នេះ​ហើយ​ដែរ​។

លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​ការ​បង្ហាញ​ជំហរ​របស់​កម្ពុជា​នៅ​ពេល​នេះ គឺ​ជាគោល​នយោបាយ​មួយ​គោរព និង​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​អធិបតេយ្យ​ភាព​របស់​ប្រទេស​ភូមា​។

កន្លង​មក​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដូច​គ្នា បាន​បង្ហាញ​ជំហរ​ផ្ទុយ​ពី​កម្ពុជា​លើ​បញ្ហា​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីង​យ៉ានេះ​។ នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​ណាជីប​ រ៉ា​ហ្សាក់ កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៦ បាន​អំពាវនាវ​ ឲ្យ​ប្រទេស​ជាមាជិក​អាស៊ាន​ទាំង​អស់ និង​ពិភព​លោក​ដាក់​សម្ពាធ​លើ​ប្រទេស​ភូមា ដើម្បី​បញ្ចប់​អំពើ​ហិង្សា ដែល​បាន​ នឹង​កំពុង​កើត​ឡើង​លើ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​។

នៅក្នុង​សំណុំរឿង​អំពើហិង្សា ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ភាគី​ភូមា​ធ្លាប់​បាន​និយាយ​ក្រើន​រំលឹក​រដ្ឋាភិបាល​ម៉ាឡេស៊ី​កុំ​ឲ្យ​លូកដៃ​ចូលកិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​។

សូម​ជម្រាប​ជូន ប្រទេស​ភូមា កន្លង​មក​មិន​ដែល​ចាត់ទុក​ ជនជាតិ​ភាគ​តិច​រ៉ូហ៊ីង​យ៉ា ដែល​កាន់​សាសនា​មូស្លីម​នោះ ជា​ប្រជាជន៍​របស់​ខ្លួន​ឡើយ។ អំពើហិង្សា និង​ជម្លោះ​សាសនា នៅ​ភាគ​ខាង​ជើង​ភូមា បាន​បណ្តាល​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​រាប់​ម៉ឺន​នាក់ រត់គេច ភ្លូក​ទឹក ភ្លូកដី ចេញ​ពី​ភូមា សំដៅ បង់ក្លាដែស ឥណ្ឌូណេស៊ី ថៃ និង​ម៉ាឡេស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ