អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ក្រសួង​ពាណិជ្ជកម្ម គ្រោង​ដាក់​ផ្កា​អំបិល ជា​ម៉ាក​ទំនិញ​សម្គាល់​ភូមិ​សាស្រ្ត​ខេត្ត​កែប​

ក្រសួង​ពាណិជ្ជកម្ម កំពុង​សិក្សា និង ពិនិត្យ​លទ្ធភាព​ដាក់​ផ្កា​អំបិល ឲ្យ​ក្លាយ​ទៅ​ជា​ម៉ាកសម្គាល់​ទីតាំង​ភូមិ​សាស្រ្ត​សម្រាប់​ខេត្ត កែប ដែល​ជា​ទីតាំង​នៃ​ប្រភព​មិន​ចេះ​រីង​ស្ងួត​នៃ​អំបិលធម្មជាតិ និង ផល​នេសាទ​សមុទ្រ។ រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម មាន​សុទិដ្ឋិនិយម​ថា ​បើ​សិន ជា​គោល​ដៅ​នេះ សម្រច​ទៅ​បាន នោះ​ពិត​ជម្រុញ​ឲ្យ​ខេត្តកែប មាន​ភាព​ទាក់ទាញ សម្រាប់ការវិនិយោគ និង ទេសចរណ៍។

កម្មករ កំពុងធ្វើស្រែអំបិល​នៅ​ស្រែអំបិល។
កម្មករ កំពុងធ្វើស្រែអំបិល​នៅ​ស្រែអំបិល។ ©ញឹម​ សុផល
ផ្សាយពាណិជ្ជកម្ម

 

លោក ប៉ាន សូរស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ចាត់​ទុក​ថាអំបិល​គឺ​ជា​គូ​នឹង​ម្រេច ដូច្នេះ​ចក្ខុវិស័យ​របស់​ក្រសួង គឺ​ជួយ​ឱ្យ​ខេត្ត​កែប​មាន​ទំនិញ​សម្គាល់​ភូមិ​សាស្ត្រ​មួយ​ដូច​ជា​ខេត្ត​កំពត​ដែរ ​ហើយ​ក្រសួង​កំពុង​សិក្សា​លើ​ផ្កា​អំបិល ដោយ​សារ​មាន​ប្រទេស​ជា​ច្រើន​កំពុង​ចាប់​អារម្មណ៍​លើផលិត​ផល​មួយ​នេះ​។

លោក រដ្ឋមន្រ្តី បញ្ជាក់​ទៀត​ថា គំនិត​ផ្តួច​ផ្តើម​នេះ នឹង​ធ្វើ​ឱ្យ​ខេត្ត​កែប​កាន់​តែ​មាន​ភាព​ទាក់ទាញ​ចំពោះ​វិនិយោគិន និង​ភ្ញៀវ​ទេសចរដែល​នឹង​ជួយ​បង្កើត​ឱកាស​ការងារ និង​ប្រាក់​ចំណូលយ៉ាង​ច្រើន​សម្រាប់​ប្រជាជន។  ការ​លើក​ឡើង​យ៉ាង​ដូច្នេះ គឺ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម និងសាខា​កាំ​កុង​ត្រូល​ខេត្ត​កែប កាល​ពី​ពេល​ថ្មី​ៗ​នេះ។​

ដើម្បី​រួម​ចំណែក​ថែរក្សា​សុខមាលភាព​ប្រជាជន និង​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​នៅ​ក្នុងខេត្ត​កែប​ជាង ១លាន​នាក់​រៀង​រាល់​ឆ្នាំ ក្រសួង​ពាណិជ្ជកម្ម កំពុង​រៀប​ចំ​លិខិត​បទដ្ឋាន​គតិយុត្ត​មួយ​ចំនួន​នៅ​ក្រោម​វិស័យ​ពាណិជ្ជកម្ម ក្នុង​នោះ​ក៏​មាន​ច្បាប់​ការពារ​អ្នក​ប្រើ​ប្រាស់​ ដើម្បី​ផ្តល់អំណាច​ដល់​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​កាំ​កុង​ត្រូល ក្នុង​ការ​បំពេញ​ភារកិច្ច​ត្រួត​ពិនិត្យ​ទំនិញ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​។

សូម​រំឮក​ជូន​ថា ការ​ដាក់​ម្រេច​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​សម្រាប់​ខេត្ត​កំពត បាន​ប្រើ​រយៈ​ពេល​ប្រមាណ​ជាង ៥ឆ្នាំ និង​ថវិកា​ប្រមាណ ​១លានអឺរ៉ូ។

ជាការកត់សម្គាល់ ទិន្នផល​អំបិល​ខេត្ត​កំពតនិង​កែបអាច​ផ្គត់ផ្គង់តម្រូវការ​ទីផ្សារ​ក្នុង​ស្រុកននិង​បាននឹង​សម្លឹងមើល លទ្ធភាព​ធ្វើការ​នាំ​ចេញ​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​ក្រៅ​ប្រទេស។ ក៏ប៉ុន្តែ លោក ប៊ុន បារាំង នាយក​ប្រតិបត្តិ​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត និង​ខេត្ត​កែប បាន​ថ្លែង​ថា ​ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​អំបិល​តម្លៃ​ទាប ពី​ប្រទេស​ជិត​ខាង​ធ្វើ​ឲ្យ​ការ​ផលិត​អំបិល​ក្នុង​ស្រុក​ដែល​មាន​តម្លៃ​ខ្ពស់​ជាង និង​មាន​គុណភាព​ទាប​ជាង សល់​ក្នុង​ស្តុក​ច្រើន​ឡើងៗ។

តាម​ការ​សិក្សា​របស់​សមាគម ប្រជាជន​កម្ពុជា ជាង ១៥​លាន​នាក់​ប្រើ​ប្រាស់​អំបិល ប្រមាណ ១០​ម៉ឺន​តោន ក្នុង​មួយ​ឆ្នាំៗ ដែល​ចំនួន​នេះ​ហាក់​នៅ​ទាប​ជាង​ចំនួន​ទិន្នផល​អំបិល​សល់​ប្រមាណ​បី​ដង។ កាល​ពី​ឆ្នាំ​២០១៥​​​ កន្លង​ទៅ ការ​ផលិត​អំបិល​ នៅ​ខេត្ត​កំពត​ និង​កែប បាន​សល់​អំបិល​ប្រមាណ ៣២​ម៉ឺន​តោន។

​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ​បារម្ភ​ ថា​ ការ​ហូរ​ចូល​អំបិល​ពី​ប្រទេស​ជិត​ខាងដែល​មាន​ពណ៌​ស​ជាងនិង​តម្លៃ​ទាបកំពុង​កាត់​បន្ថយ​តម្រូវ​ការ​អំបិល​ផលិត​ក្នុង​ស្រុកមាន​តម្លៃ​ខ្ពស់​ជាង។
យោង​តាម​សមាគម​អំបិល​ខេត្ត​កំពត និង​ខេត្ត​កែប ទិន្នផល​អំបិល​នៅ​ក្នុង​រយៈពេល​ប្រាំ​មួយ​ខែ​ដើម​ឆ្នាំ​២០១៦​នេះ បាន​ចំនួន ៤៨.៨០០​តោន ពោល​គឺស្ទើរតែមានបរិមាណ​ប្រហាក់​ប្រហែល​នឹង​ចំនួន​ផលិត​សម្រេច​បាន​កាល​ពី​រយៈពេល​ដូច​គ្នា​នឹង​ឆ្នាំ ២០១៥  ដែល​អាច​ធានា​ដល់​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។ គិត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ការ​ផលិត​អំបិល​នៅ​កម្ពុជា ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន​ពីរ ខេត្ត​កំពត និង​ខេត្ត​កែប គ្រប់​ដណ្តប់​លើ​ផ្ទៃ​ដី ប្រមាណ​៤.៦៥៧​ហិកតា។ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ