អានតួអត្ថបទ
កម្ពុជា-ច្បាប់

សហជីព​បារម្ភ​ខ្លាច​សំណុំ​រឿង​ពួក​គេ​ពិបាក​រក​ច្រក​ចេញ នៅ​ពេល​មន្ត្រី​ទាញ​ភ្ជាប់​ករណី​ផ្លូវ​វ៉េងស្រេង​នឹង​លោក សម រង្ស៊ី

គិត​មក​ដល់​ពេលនេះ​ មេសហជីព​ខ្លះ​នៅ​មិន​ទាន់​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​សេចក្ដី​សម្រេចរបស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ទៅ​កាន់​តុលាការ​ឧទ្ទរណ៍​នៅ​ឡើយ​ទេ ខណៈ​សហជីព​មួយ​ចំនួ​ន​កំពុង​រង​ចាំ​ថ្ងៃ​កោះ​ហៅ​ពី​តុលាការ។ ទន្ទឹម​នឹង​នេះ សហជីព​ដាក់​ក្ដី​ព្រួយ​បារម្ភ​បន្ថែម​នៅ​ពេល មន្ត្រី​រដ្ឋាភិបាល​ទាញ​ភ្ជាប់​សំណុំ​រឿង​ផ្លូវ​វ៉េង​ស្រេង​នឹង​អតីត​មេដឹក​នាំ​បក្ស​ប្រឆាំង។ ​បារម្ភ​​ថា សំណុំ​រឿង​ពួក​គេ​ពិបាក​រក​ច្រក​ចេញ។  

រូបភាព៖ទិដ្ឋភាពផ្លូវវ៉េងស្រេងក្នុងឆ្នាំ២០១៣
រូបភាព៖ទិដ្ឋភាពផ្លូវវ៉េងស្រេងក្នុងឆ្នាំ២០១៣ @Internet
ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿង​ហិង្សា​លើ​ផ្លូវ​វ៉េង​ស្រេង​កាល​ពី​ឆ្នាំ​២០១៣ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​និង​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​លើក​ឡើង​ជា​ថ្មី​ថា លោក សម រង្ស៊ី ដែល​ពេល​នោះ​ជា​ប្រធាន​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្លាំង​ជាង​គេ។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា និង លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​លើក​ឡើង​ថា ការ​ទាញ​យក​ករណី​ផ្លូវ​វ៉េង​ស្រេង​​ភ្ជាប់ជាមួយ​នឹង​អតីត​គណបក្ស​ប្រឆាំង ជា​រឿង​ផ្ទុយ​ការ​ពិត ។ ផ្ទុយ​ការ​ពិត ព្រោះ​ការ​តវ៉ា​ពេល​នោះជា​ការ​តវ៉ា​មួយ​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​កម្មករ​តែ​ប៉ុណ្ណោះ​ ដែល​សូម្បី​តែ​អ្នក​បញ្ជា​ទិញ​ក៏​មើលឃើញ​ដូច្នោះ​ដែរ។ នេះ​បើ​តាម​មន្រ្តី​សហជីព​ទាំង​២។

លោក អាត់ ធន់ រំពឹងថា សំណុំ​រឿង​ផ្លូវវ៉េង​ស្រេង​នឹង​បិទ​បញ្ចប់​ត្រឹម​ការ​ជំនុំ​ជម្រះ​នៅ​ក្នុង​ដៃតុលាការ​ឧទ្ទរណ៍​នា​ពេល​ខាង​មុខ។ សំណូម​ពរ​ជារួម សហជីព​ទទួច​ឲ្យ​ការ​អន្តរាគមន៍​របស់ប្រមុខ​រដ្ឋាភិបាល​ទៅ​កាន់​ភាគី​ពាក់​ព័ន្ធ ឈាន​ទៅ​ដល់​ការ​ទម្លាក់​បទ​ចោទ​ទាំង​ស្រុង​មក​លើ​ពួកគេ ពិសេស​សំណុំ​រឿង​ផ្លូវ​វ៉េង​ស្រេង​តែ​ម្ដង។

គេ​នៅ​ចាំ​បាន​ថា ក្នុង​ចំណោម​មេសហជីព​ទាំង​៦រូប មាន​៣រូប​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​លោកនា​យក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​មុខ​ការពារ​ថា មិន​ជាប់​នៅ​ក្នុង​សំណុំ​រឿង​ផ្លូវ​វ៉េង​ស្រេង។ សំណុំ​រឿង​ផ្លូវ​វ៉េងស្រេង ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​កូដ​កម្ម​ទម្លាក់​រដ្ឋា​ភិ​បាល​​ក្រោយ​ការបោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​អះអាង​ជា​ថ្មី​ថា កុំថា​ឡើយ​មេ​សហ​ជីពទាំង​បី​ដែល លោក​ ហ៊ុន សែន ចេញ​មុខ​ការពារ សូម្បី​តែ​រូប​អ្នក​ស្រី​ផ្ទាល់ និង​សហជីព​ពីរ​រូបទៀត​គឺ​លោក រ៉ុង ឈុន និងអ្នកស្រី ម៉ម ញឹម ក៏​មិន​ជាប់​ព័ន្ធ​ដែរ។ មិន​ជាប់​ពាក់​ព័ន្ធ ព្រោះ​គ្មាន​ភស្តុតាង​ណា​មួយ​មក​បញ្ជាក់​ឡើយ​ថា អ្នក​ស្រី​ជា​អ្នក​ដឹក​នាំ​បាតុកម្ម​កាល​ណោះ បើ​ទោះ​ជាសាលា​ដំបូង​បាន​ព្យាយា​ម​ដូរ​បទ​ចោទ​ក៏​ដោយ។

​តុលាការ​ក្រុង​ភ្នំពេញ កាល​ថ្ងៃ​ទី១១​ខែធ្នូ ​ប្រកាស​សាល​ក្រមសម្រេច​​ឲ្យ​ប្រធាន​សហជីព​ទាំង​៦រូប ជាប់​ពន្ធនាគារ​២ឆ្នាំ​៦ខែ តែ​ត្រូវ​ព្យួរ​ទោស និង​បង់​ប្រាក់​ជំងឺ​ចិត្ត​រួមគ្នាទៅ​ជន​រង​គ្រោះ​២នាក់​ ចំនួន​៣៥​លាន​រៀល​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ