អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ សម​ រង្ស៊ី​ អំ​ពាវ​នាវ​ឲ្យ​អ្នក​គាំទ្រ​អតីត​​CNRP​ បញ្ឈប់​ការ​យល់​ច្រ​ឡំ ​និង​ការ​ជេរ​ប្រមាថ​ចាប់​ពី​ឆ្នាំ​ថ្មី​នេះ​ត​ទៅ​

លោក ​សម ​រង្ស៊ី​ ដែល​តាំង​ខ្លួន​ជា​ប្រធាន​ស្តីទី​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ បាន​អំពាវ​នាវ​ដល់​ថ្នាក់​ដឹក​នាំ ​និង​អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​ បញ្ឈប់​ការ​យល់​ច្រឡំ ​និង​​ការ​ជេរ​ប្រមាថ​គ្រប់​រូប​ភាព​ចាប់​ពី​ឆ្នាំ​ថ្មី​នេះត​ទៅ​ទៀត​។ ​នេះ​ជា​ការ​​អំពាវ​នាវ​របស់​លោក​ សម ​រង្ស៊ី​ តាម​​រយៈ​​ទំព័រ​​ហ្វេស​ប៊ុក​​ផ្លូវ​ការ​​របស់​​លោក​ម្សិល​មិញ ​លាយ​ឡំ​នឹង​​សារ​ជូន​ពរ​ក្នុង​ឱកាស​បុណ្យ​គ្រីស្មាស់​ និង​ឆ្លង​ឆ្នាំ​សាកល​ចូល​ឆ្នាំ​ថ្មី​២០១៩​ ។​

លោក សម រង្ស៊ី
លោក សម រង្ស៊ី @RFI
ផ្សាយពាណិជ្ជកម្ម

ការអំពាវនាវរបស់ លោក សម រង្ស៊ី គឺចំពេល​ដែល​សកម្មជន និង​ថ្នាក់​ដឹកនាំ​អតីត​គណ​បក្ស​សង្រ្គោះជាតិ​មួយចំនួន​កំពុងតែ​វាយ​ប្រហារ​គ្នាតាមរយៈ​សំណេរ តាម​បណ្តាញ​សង្គម​​ហ្វេសប៊ុក បន្ទាប់​ពី ​លោក សម រង្ស៊ី ទទួល​យកតំណែង ជាប្រធាន​ស្តីទី​អតីត​គណ​បក្សសង្រ្គោះជាតិ។

ការ​តែង​តាំង ​លោក សម រង្ស៊ី ជាប្រធានស្តីទី​អតីតគណបក្សប្រឆាំងនេះ ត្រូវ​បាន​មជ្ឈ​ដ្ឋាន​នានា​មើល​ឃើញ​ពី​សញ្ញាបែងចែកគ្នា​កាន់​តែច្បាស់​រវាង​ក្រុម​អ្នកគាំទ្រ លោក សម រង្ស៊ី និង​ក្រុម​អ្នក​គាំទ្រ លោក កឹម សុខា។ ប៉ុន្តែជាថ្មី​ម្តងទៀត លោក សម រង្ស៊ី អះអាងថា លោក កឹម សុខា និងលោក សម រង្ស៊ី ជាដៃគូនយោបាយស្មោះត្រង់សម្រាប់ជាតិខ្មែរ ហើយលោកបានបញ្ជាក់ជំហរថា «កឹម សុខា និង សម រង្ស៊ី ជាមនុស្សតែមួយ»។

​ដោយ​ផ្អែក​លើ​សំអាងហេតុដូច្នេះ លោក សម រង្ស៊ី «សូមថ្នាក់ដឹកនាំ និង​អ្នកគាំ​ទ្រ​គណ​បក្ស​សង្គ្រោះជាតិទាំងអស់ មេត្តាបញ្ឈប់ការយល់ច្រឡំ ការជេរប្រមាថ ការវាយ​ប្រហារ​គ្រប់​រូប​ភាពចាប់ពីឆ្នាំថ្មីនេះតទៅ»។

បើតាម លោក សម រង្ស៊ី លោកមានក្តីសង្ឃឹមថា គណបក្សសង្គ្រោះជាតិ និងអាច​ដំណើរ​ការ​ជាប្រក្រតីដូចដើមវិញ ហើយលោក កឹម សុខា និងមាន​សេរីភាព​ពេញ​លេញ​វិល​មក​ដឹក​នាំ​គណបក្សសង្គ្រោះជាតិ តាមយន្តការប្រជាធិបតេយ្យ។

សូមបញ្ជាក់ថា ការអំពាវនាវ​របស់​ លោកសម រង្ស៊ី ឲ្យថ្នាក់ដឹកនាំ ​បញ្ឈប់ការយល់ច្រឡំ និង​ការជេរប្រមាថគ្រប់រូបភាពចាប់ពីឆ្នាំថ្មីនេះតទៅ គឺ​បន្ទាប់ពីលោក បាន​ចេញ​មុខ​កាល​ពី​យប់​មិញ មកប្រកាសស្នើសុំឲ្យអ្នកគាំទ្ររបស់ខ្លួនចូលរូមការពារជំហរសម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយឲ្យបានរឹងមាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ