អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

លោក សម រង្ស៊ី ​ថ្វាយ​លិខិត​ព្រះ​មហា​ក្សត្រ​ ជុំវិញ​រឿង​បោះ​ឆ្នោត​ ដែល​គ្មាន​បក្ស​ប្រឆាំង

ពី​ទី​ក្រុង​ប៉ារីស ​កាលពី​ថ្ងៃ​ម្សិល​ម្ងៃ​ លោក​ សម​ រង្ស៊ី​ បាន​សរ​សេរ​លិខិត​មួយ​ថ្វាយ​ព្រះ​មហា​ក្សត្រ​ ដើម្បី​សូម​ស្នើ​ព្រះ​អង្គ​ កុំ​ធ្វើ​តាម​អ្វី​ ដែល​រដ្ឋាភិបាល ​និង​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ កំពុង​តែ​ស្នើ​ព្រះ​អង្គ​ឲ្យ​ធ្វើ​អន្តរាគមន៍​ ដើម្បី​ជម្រុញ​ប្រជា​ពលរដ្ឋ​ ឲ្យ​ទៅបោះ​ឆ្នោត ថ្ងៃ​ ២៩ ​កក្កដា​ ខាង​មុខ​។ បើ​​តាម​​អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង​រូបនេះ​ ​ក្នុង​កាលៈ​ទេសៈ​បែប​នេះ ​ព្រះ​មហា​ក្សត្រ​ មាន​តួនាទី​ប្រមូល​ផ្តុំ​ និង​បង្រួប​បង្រួម​កូន​ចៅព្រះ​អង្គ​ឡើង​វិញ​ ដោយ​ឈរ​លើគុណ​តម្លៃ​ និង​គោលការណ៍​ប្រកប​ដោយគតិ​យុត្តិធម៌​ ដែល​ពលរដ្ឋ​ចង់​បាន​។ ​

លោកសម រង្ស៊ី ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះឆ្នោត​នា​ពេល​ខាងមុខ​ដោយសារ​តែ​មិនមាន​វត្តមាន​បក្ស​ប្រឆាំង​
លោកសម រង្ស៊ី ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះឆ្នោត​នា​ពេល​ខាងមុខ​ដោយសារ​តែ​មិនមាន​វត្តមាន​បក្ស​ប្រឆាំង​ @ Sam Rainsy's Facebook page
ផ្សាយពាណិជ្ជកម្ម

តាមរយៈលិខិតថ្វាយព្រះមហាក្សត្រ លោក សម រង្ស៊ី បានអះអាងថា រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ចាប់​ផ្តើម​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង មក​លើ​ប្រជាពលរដ្ឋ​ ដើម្បី​ជម្រុញ​ប្រជាពលរដ្ឋ ឲ្យ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​មួយ​ ប្រកប​ដោយ​ភាព​ចម្រូង​ចម្រាស់។​ ចម្រូង​ចម្រាស់ ពី​ព្រោះ​ការ​បោះ​ឆ្នោត​នោះ​ កំពុង​តែ​ធ្វើ​ឡើង​ដោយ​ជាន់​ឈ្លី​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​បម្រើ​តែ​ផល​ប្រយោជន៍​គណបក្ស​ប្រជាជន​កម្ពុជា។ បើ​តាម​អតីត​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ។

ក្នុង​សំណេរ​ដ៍​វែង​នោះ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា «ព្រះ​មហាក្សត្រ​ ដែល​ជា​ទី​គោរព​របស់​ប្រជាពលរដ្ឋ​ជា​ទូ​ទៅ មិន​ត្រូវ​ចូល​រួម​ដាក់​សម្ពាធ​បែប​នេះ​ មក​លើ​ប្រជាពលរដ្ឋ​ទេ»។ សម្ពាធ​បែប​នេះ​ដែល លោក សម រង្ស៊ី អះអាង​ថា​ «កំពុង​តែ​ទទួល​ការ​ផ្តន្ទា​ទោស​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​តាំង​ចិត្ត​ធ្វើ​ពហិការ មិន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ ថ្ងៃ ២៩ កក្កដា ២០១៨»។

ការ​បោះ​ឆ្នោត​​ក្លែង​ក្លាយ​ដែល លោក សម រង្ស៊ី ភ្ជាប់​​ទៅ​នឹង​​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ លោក​ស្រី រ៉ូណាស្មីត ដែល​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ ៣០ មេសា ២០១៨​នេះ​ថា "ការ​បោះ​ឆ្នោត​ណា​មួយ​ ដែល​មិន​មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ គឺ​មិន​មែន​ជា​ការ​បោះ​ឆ្នោត​ពិត​ប្រាកដ​ទេ"។

ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​​​​សំណេរ​របស់ ​លោក សម រង្ស៊ី ថា​ មាន​​ខ្លឹម​សារ​ ប្រមាថ​​​ព្រះ​​មហាក្សត្រ​​ក្នុង​​​បំណង​​​បំបែក​​​បំបាក់​​​ស្ថាប័ន​​ព្រះ​​មហាក្សត្រ​ ​​និង​​​គណបក្ស​​កាន់​​អំណាច។

បើ​​តាម លោក សុខ ឥសាន គឺ​​រដ្ឋាភិបាល​​នៅ​​រង់​ចាំ​​មើល​​​ប្រតិកម្ម​ ពី​​​ព្រះ​​​បរមរាជវាំង​​សិន​​ មុន​​​នឹង​​​សមត្ថកិច្ច​​​ចាត់​​​វិធាន​​លើ ​លោក សម រង្ស៊ី មួយ​ករណី​ទៀត ក្នុង​បទ​​ចោទ​​ប្រមាថ​​ព្រះ​មហា​ក្សត្រ។ ព្រះ​បរមរាជវាំង​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​ឡើយ​ ទាក់​ទង​ទៅ​នឹង​លិខិត​លោក​សម រង្ស៊ី។

យ៉ាង​ណា​ក៏​ដោយ លោក សម រង្ស៊ី ក៏​បាន​រំឮក​ពី​តួ​អង្គ ព្រះ​នរោត្តម សីហនុ ដែល​តែង​តែ​ បង្រួប​បង្រួម​ប្រជាជាតិ​ខ្មែរ​ទាំង​មូល។ ឧទាហរណ៍ នៅ​ឆ្នាំ ១៩៩៨ និង ២០០៣ ព្រះ​អង្គ​បាន​បដិសេធ មិន​យាង​ទៅ​បើក​សម្ពោធ​រដ្ឋសភា​ថ្មី ដែល​មិន​មាន​វត្តមាន​ អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត មក​ពី​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ជា​ពិសេស​ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង គណបក្ស សម រង្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ